ប្រភពបានឲ្យដឹងថាមានកងកម្លាំងចម្រុះមានប៉េអឹមនិងមេព្រៃរបស់ក្រុងព្រះសីហនុ បានចុះរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ដោយគ្មានការផ្តល់សេចក្តីជូនដំណឹងជាមុន និងគ្មានឯកសារបង្ហាញអ្វីទ្បើយ ។
លោកស្រី ទី ប៊ុនធាវី តំណាងប្រជាពលរដ្ឋរងគ្រោះដែលបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ ដើម្បីតវ៉ានោះបានថែ្លងឲ្យដឹងថា ផ្ទះសម្បែងរបស់លោកស្រីត្រូវបានអាជ្ញាធរចម្រុះក្រុងព្រះសីហនុបានឈូសកម្ទេចអស់រលីងហើយ ហើយគេមានគម្រោងការឈូសកម្ទេចបន្តនូវផ្ទះសម្បែងប្រជាពលរដ្ឋដទៃទៀត ។
លោកស្រីបានបញ្ជាក់អំពីបំណងនៃការឡើងមកតវ៉ានេះថា ៖ «សូមសម្ដេចជួយឲ្យមានដីកន្លែងដែលខ្ញុំទិញគេថោកៗហ្នឹងណា៎ រស់នៅលើដីរដ្ឋហ្នឹង ជួយឲ្យយើងកាន់កាប់អីអ៊ីចឹងទៅ ព្រោះយើងធ្វើផ្ទះទៅ រវល់តែមេព្រៃ ប៉ូលិស ប៉េអឹមអី គេទៅរុះរើផន់យើង យើងនៅអត់បាន» ។
រីឯលោក ប៊ុន សាត តំណាងប្រជាពលរដ្ឋរងគ្រោះរស់នៅសង្កាត់ទី១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ៖ «ដីនេះប្រជាជនរស់នៅតាំងពី៩២ ៩៣ មក ហើយមកអត់ផ្ដល់ដំណឹងផ្ដល់អីដល់គ្នា មកដល់ចាប់ផ្ដើមធ្វើសកម្មភាពរុះយកឈើ ដូចថាមិនឲ្យគ្នាដឹងខ្លួនមុន» ។
ទាក់ទងនឹងបញ្ហានេះលោក គង់ សំអឿន អភិបាលខណ្ឌមិត្តភាព ក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ៖ «ខ្ញុំមិនទាន់ទទួលបានព័ត៌មានហ្នឹងផង» ។
ប៉ុនែ្តប្រភពដទៃទៀតបានចោទប្រកាន់ថាប្រជាពលរដ្ឋទាំងនោះ កំពុងតែរស់នៅលើដីរបស់រដ្ឋការពារដោយអនុក្រឹត្យ ។
ប្រជាពលរដ្ឋរងគ្រោះបានចោទប្រកាន់ថា អាជ្ញាធរចម្រុះបានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋចំនួន២នាក់ កាលពីថៃ្ងអង្គារកន្លងទៅថ្មីៗនេះ ដើម្បីជំរិតទារប្រាក់ក្នុងម្នាក់ៗ ៣០០ដុល្លារអាមេរិកជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញនោះ ។
លោក ចៅ ចេង ប្រជាពលរដ្ឋរងគ្រោះដោយសារអាជ្ញាធរចាប់ខ្លួនឃាត់ខ្លួន ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បានមានប្រសាសន៍ថា ៖ «សួរចម្លើយថា យើងទិញដីពីអ្នកណា... ខ្ញុំថាទិញពីគេ ខ្ញុំអត់បានមកចាប់ផង ហើយខ្ញុំក៏អត់បានកាប់ព្រៃឈើផង ។ គេយកលុយអស់៣០០ហើយ ខ្ញុំខ្ចីគេ ចងការគេមក ៣០០ដុល្លារ» ។
រីឯស្រ្តីម្នាក់ជាភរិយារបស់លោក កែវ ចាន់ថុល ត្រូវបានអាជ្ញាធរមេព្រៃចម្រុះដោះលែងវិញដែរនោះ បានមានប្រសាសន៍ថា លោកស្រីបានរកប្រាក់ចំនួន៣០០ដុល្លារអាមេរិក ដើម្បីលោះជាថ្នូរនឹងការដោះលែងស្វាមីរបស់លោកស្រីវិញ ៖ «គេលែងចេញមកហើយ ហើយ៣០០ដុល្លារហ្នឹង ខ្ញុំអត់មានលុយទេ ខ្ញុំយកម៉ូតូទៅប្រចាំឲ្យគេ» ។
ទាក់ទងនឹងបញ្ហាចម្រូងចម្រាសខាងលើ អ្នកអង្កេតរបស់អង្គការសិទ្ធិ លីកាដូ ប្រចាំការនៅក្រុងព្រះសីហនុ បានមានប្រសាសន៍ឲ្យដឹងថា ៖ «ខ្ញុំទាក់ទងទៅសង្កាត់ហ្នឹង សង្កាត់ថាគេអត់បានដឹងទេ ព្រោះដីនេះវាពាក់ព័ន្ធនឹងដីរដ្ឋ ហើយជាដីគ្រប់គ្រងដោយមេព្រៃ ។ ដីហ្នឹងជាដីអនុក្រឹត្យដែលរដ្ឋាភិបាលកាត់ទុកសម្រាប់ដាំដើមអាកាស៉្យា សម្រាប់ការពារទឹកស្អាតតំបន់ក្បាលឆាយ» ។
លោកបានរិះគន់ថា អាជ្ញាធរចម្រុះគួរតែផ្តល់ដំណឹងជាមុន មុននឹងការប្រើអំពើហិង្សាណាមួយដើម្បីកម្ទេចឬឈូសផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះ ៕
