អ្នកភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានគ្នាប្រមាណ ១០០នាក់បានចោទប្រកាន់មន្ត្រីរដ្ឋបាលជលផលខេត្ត ថាបានកាប់បំផ្លាញឧបករណ៍នេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់ ដែលមានដូចជាលបដាក់ត្រីកញ្ចុះជាដើមនោះ អស់ជាច្រើនគ្រឿង។
ស្ត្រីអ្នកភូមិឈ្មោះ គឹម អ៊ូ រៀបរាប់ទាំងទឹកភ្នែកប្រាប់វិទ្យុអាស៊ីសេរីពីមុខសាលាខេត្តថា មន្ត្រីរដ្ឋបាលជលផលបានចុះទៅកាប់កម្ទេចលបដាក់ត្រីកញ្ចុះរបស់អ្នកភូមិ ដោយពុំបានពិនិត្យថា តើវាជាឧបករណ៍ខុសច្បាប់ ឬអត់នោះឡើយ។ ស្ត្រីរូបនេះបន្តថា ការកាប់បំផ្លាញនេះធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ដោយត្រូវជំពាក់បំណុលធនាគារ ព្រោះឧបករណ៍នេះពួកគាត់ខ្ចីលុយធនាគារមកធ្វើ។
ស្ត្រីឈ្មោះ គឹម អ៊ូ បានបញ្ជាក់ថា ៖ «ខ្ញុំរកមុខរបរនេះ ២០ឆ្នាំ មិនដែលមានរឿងអ៊ីចឹងទេ ទើបតែឆ្នាំនេះគេធ្វើអ៊ីចឹង! លបខ្ញុំនេះតូចៗទេ ព្រួលគឺកម្ពស់ ៦តឹក ដំចូលក្នុងដី ១តឹក វាជាលក្ខណៈគ្រួសារ ហើយបើថា មិនឲ្យពួកខ្ញុំដាក់ ប្រាប់មក ខ្ញុំក៏មិនហ៊ានដែរ តែនេះមិនប្រាប់អីទាំងអស់ កម្ទេចយកតែម្ដង។ ពួកខ្ញុំធ្វើនេះ គឺខ្ចីលុយធនាគារ បើកម្ទេចអស់អ៊ីចឹង ខ្ញុំបានលុយឯណាសងធនាគារនោះ... សូមថ្នាក់លើជួយពួកខ្ញុំផង!»។
ក្នុងការចុះទៅកាប់កម្ទេចលបរបស់ប្រជាពលរដ្ឋនេះ មន្ត្រីជលផលបានប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋ ដោយបានយកកាំភ្លើងខ្លីទៅភ្ជង់ក្បាល នៅពេលដែលប្រជាពលរដ្ឋអង្វរសុំកុំឲ្យកម្ទេចលបរបស់គាត់នោះ។
បុរសដែលរងការគំរាមដោយប្រើកាំភ្លើងនោះ ថ្លែងថា ៖ «ខ្ញុំអង្វរសុំរើយកលបទៅទុក គេពុំព្រម ខ្ញុំស្ដាយលបពេក ទាញយកទៅទុក គេក៏ដកកាំភ្លើងខ្លីភ្ជង់សំដៅក្បាលខ្ញុំ ខ្ញុំភ័យពេកក៏លឹបទៅក្នុងទឹក...»។
ប្រធានភូមិសំរោង លោក ឆេង លី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃដដែលនេះថា ប្រជាពលរដ្ឋនៅភូមិសំរោងភាគច្រើនមានមុខរបរនេសាទត្រីជាអាជីវកម្មចិញ្ចឹមជីវិតតាំងពីដើមរៀងមក។ លោកថា ជារៀងរាល់ឆ្នាំក្នុងរដូវបិទនេសាទ ប្រជាពលរដ្ឋតែងប្រើឧបករណ៍នេសាទជាលក្ខណៈគ្រួសារ មានដូចជាលបជាដើមនោះ ដើម្បីចាប់ត្រីដោះស្រាយជីវភាព ហើយការប្រកបមុខរបរនេះ ពួកគាត់ត្រូវបង់លុយឲ្យខាងជលផលផងដែរ។ ប៉ុន្តែដោយឆ្នាំនេះត្រីតិចពេក រកមិនបាន ប្រជាពលរដ្ឋរកលុយបង់មិនទាន់ ទើបមានការចុះទៅកាប់កម្ទេចចោលយ៉ាងដូច្នេះ។
លោក ឆេង លី បានឲ្យដឹងថា ៖ «បើដូចឆ្នាំទៅ ត្រីវាត្រូវ អត់អីទេ! ដាក់តែមួយយប់ យកលុយទៅបង់ឲ្យគេភ្លាម។ ដល់តែឆ្នាំនេះ មួយព្រឹកបានគ្រប់តែហូប បានលុយឯណាបង់ឲ្យគេ ព្រោះគេទារមួយក្បាលទូក ៥ម៉ឺន។ ដល់តែអត់លុយបង់ ទើបគេកាប់ចោលអ៊ីចឹង!»។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ពេញ វិបុល មានប្រសាសន៍ថា ផ្នែករដ្ឋបាលជលផលពុំបានឲ្យលោកដឹង អំពីការចុះទៅកាប់កម្ទេចលបជាឧបករណ៍នេសាទរបស់អ្នកភូមិសំរោងទេ។
មន្ត្រីផ្នែករដ្ឋបាលជលផលដែលដឹកនាំអនុវត្តការកាប់កម្ទេចលបរបស់អ្នកភូមិ លោក សេង សុវណ្ណារិទ្ធ សុំមិនឆ្លើយចំពោះការចោទប្រកាន់ខាងលើនេះឡើយ ដោយលោកជំរុញឲ្យសួរទៅខណ្ឌរដ្ឋបាលជលផលខេត្ត ៖ «ពាក់ព័ន្ធការងារហ្នឹង សូមបងសួរទៅមេខ្ញុំ នាយខណ្ឌ ទើបគាត់អាចបំភ្លឺជូនបងបាន។ សុំអធ្យាស្រ័យ!»។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក កែវ ថាយ មិនអាចទាក់ទងបាន ដោយទូរស័ព្ទពុំអាចភ្ជាប់បាន។ ឯនាយរងខណ្ឌរដ្ឋបាលជលផលខេត្ត លោក សោម ភិរុណ ឆ្លើយថា លោកជាប់រវល់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សំ ចាន់គា មានប្រសាសន៍ថា តាមសេចក្ដីព្រាងរបស់រដ្ឋបាលជលផល ស្ដីពីការកំណត់ឧបករណ៍នេសាទជាលក្ខណៈគ្រួសារ។លបត្រីកញ្ចុះរបស់ប្រជាពលរដ្ឋភូមិសំរោង គឺពិតជាឧបករណ៍នេសាទជាលក្ខណៈគ្រួសារ។ លោកថា ទង្វើរបស់រដ្ឋបាលជលផលបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ក្នុងភាពក្រីក្រ ហើយប្រសិនបើចង់ឲ្យប្រជាពលរដ្ឋឈប់ប្រកបរបរនេសាទ អាជ្ញាធរគួរតែបង្កលក្ខណៈសម្បត្តិ ឬបង្កើតមុខរបរថ្មីជូនពួកគាត់ ជំនួសមុខរបរចាស់ជាមុនសិន ទើបជាការត្រឹមត្រូវ៕
