តំណាងប្រជាពលរដ្ឋចំនួន ៣៤៣គ្រួសារ រស់នៅខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ដីធ្លី និងគ្មានទីជម្រកនៅថ្ងៃអនាគតឆាប់ៗនេះ នៅគ្រាដែលគម្រោងពង្រីកព្រលានយន្តហោះ កងកេង កំពុងតែចាប់ផ្ដើមឈូសឆាយជាបន្ត ដែលអាចនឹងប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពលរដ្ឋជាច្រើនរយគ្រួសារ ។
ការព្រួយបារម្ភនោះកើតឡើងនៅគ្រាដែលតំណាងប្រជាពលរដ្ឋបានទ្បើងមកទីក្រុងភ្នំពេញ ដើម្បីដាក់ពាក្យបណ្តឹងនិងញាតិ្ត ជូនមន្រ្តីរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ហើយគេត្រូវបានណែនាំឲ្យវិលត្រទ្បប់ទៅផ្ទះសម្បែងវិញ ដោយគ្មានដំណោះស្រាយ ។
ប្រជាពលរដ្ឋតំណាងឲ្យ ៣៤៣គ្រួសារនោះ រស់នៅក្នុងភូមិថ្មធំ សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភ ហើយប្រជាពលរដ្ឋត្រូវការសំណងសមរម្យ ជាថ្នូរនឹងការរឹបយកដីដើម្បីពង្រីកព្រលានយន្តហោះនោះ ពីព្រោះប្រជាពលរដ្ឋជាច្រើនរយគ្រួសារមករស់នៅចាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ មានប័ណ្ណសម្គាល់កម្មសិទ្ធិត្រឹមត្រូវលើដីនោះ ។
តំណាងប្រជាពលរដ្ឋដដែលបានឲ្យដឹងថា ៖ «មកដល់បច្ចុប្បន្ននេះ ខាងរាជរដ្ឋាភិបាលយើងក៏គាត់មានគម្រោងអភិវឌ្ឍន៍ ដើម្បីពង្រីកព្រលានយន្តហោះយើងឲ្យបានធំ សូមសំណូមពរទៅខាងរាជរដ្ឋាភិបាលឲ្យមានការដោះដូរ បើសិនជាអភិវឌ្ឍចំដល់ប្រជាពលរដ្ឋ សូមមេត្តាជួយធ្វើការដោះដូរជូនប្រជាពលរដ្ឋឲ្យបានសមស្របវិញផង» ។
តំណាងប្រជាពលរដ្ឋបានប៉ាន់ស្មានថា ដីធ្លីរបស់ពួកគេចំនួន ៣២៧ហិកតា នឹងត្រូវរឹបយកហើយប្រជាពលរដ្ឋចំនួន ៣៤៣គ្រួសារ នឹងត្រូវបាត់បង់ទីជម្រកនិងដីធ្លីនោះ ។ ប្រភពពីប្រជាពលរដ្ឋដដែលបានឲ្យដឹងថា មានការដោះស្រាយបញ្ហានេះចំនួន២ឆ្នាំមកហើយ ប៉ុន្តែមិនទាន់ចប់ស្រេចបាច់នៅទើ្បយទេ ។
លោក ប៊ុន ណារិទ្ធិ អ្នកអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំការនៅក្រុងព្រះសីហនុដែលបានស៊ើបអង្កេតរឿងនេះ បានឲ្យដឹងថាមានឈ្មួញកណ្តាលស្វែងរកទិញដីនោះដើម្បីទុកលក់បន្ត ៖ «ដីពួកគាត់ហ្នឹងជាប្រភេទដីស្រែ ហើយមានពួកគួកជេរហ្នឹងវាលួចលក់ដីពួកគាត់ ហើយខ្លះក៏លក់ទៅ ខ្លះក៏អត់លក់អ៊ីចឹង ហើយក្រុមហ៊ុនធ្វើជាប្លង់ធ្វើជាអីយកនៅលើដីគាត់ហ្នឹង» ។
ទាក់ទងនឹងរឿងវិវាទដីធ្លីនិងការព្រួយបារម្ភខាងលើនេះ លោក ស៊យ សំខាន់ អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា និងជាអនុប្រធានគណៈកម្មការដោះស្រាយដីធ្លីនោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា គណៈកម្មាការរបស់លោកបានចុះបញ្ជីក្បាលដីរួចអស់ហើយ ហើយគណៈកម្មាការនេះមានគម្រោងការពិនិត្យលើឯកសារជាថ្មីម្ដងទៀត ដើម្បីកំណត់ប្រភេទដីជាដីកសិកម្ម ឫដីលំនៅឋាន ដើម្បីកំណត់តម្លៃដោះស្រាយតាមគោលនយោបាយរបស់រដ្ឋាភិបាលជូនប្រជាពលរដ្ឋទាំងនោះ ។
លោក ស៊យ សំខាន់ បានមានប្រសាសន៍ថា ៖ «ក្រោយពីយើងដឹងថាដីមានប៉ុន្មានៗហើយ បានយើងរៀបចំពិនិត្យនិងរៀបចំបែបបទ ដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច រៀបចំការដោះស្រាយជូនប្រជាពលរដ្ឋ» ។
លោកបានឲ្យដឹងថា ព្រលានយន្តហោះកងកេងនៅក្រុងព្រះសីហនុ បច្ចុប្បន្នមានទំហំ ១៣២ហិកតា ហើយរដ្ឋាភិបាលគ្រោងនឹងពង្រីកព្រលានយន្ដហោះនោះ ឲ្យមានទំហំ ៧១៥ហិកតាដែលអាចឲ្យយន្តហោះខា្នតធំអន្តរជាតិ Boeing 742 ប្រភេទយន្តហោះខ្នាតធំ ២ជាន់ អាចចុះចតបាន ដូចនៅក្រុងបាងកក ប្រទេសថៃ និងប្រទេសវៀតណាមផងដែរ ។
សូមរំឭកថា រដ្ឋាភិបាលកម្ពុជាកន្លងមកបានផ្តល់កិច្ចសន្យាសម្រាប់ការពង្រីកព្រលានយន្តហោះ កងកេងនោះ ឲ្យទៅក្រុមហ៊ុនអារីស្តុន ហើយក៍បានសម្រេចដកហូតកិច្ចសន្យានោះវិញ កាលពីឆ្នាំ២០០៦កន្លងទៅ ដោយសារក្រុមហ៊ុននោះពុំបានធ្វើការអភិវឌ្ឍអ្វីទើ្បយ ។
ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានផេ្ទរកិច្ចសន្យានោះឲ្យទៅក្រុមហ៊ុនមួយទៀតឈ្មោះ SCA របស់ប្រទេសបារាំង ដើម្បីអភិវឌ្ឍព្រលានយន្តហោះកងកេង នៅក្នុងក្រុងព្រះសីហនុនោះក្នុងគម្រោងទឹកប្រាក់វិនិយោគចំនួន ២០០លានដុល្លារអាមេរិក ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ពលរដ្ឋ២៣គ្រួសារនៅកំពង់ឆ្នាំងចោទថាក្រុមទាហានរំលោភយកដី
អ្នកភូមិជ័យសេនាដែលត្រូវបណ្ដេញចេញទីដី បារម្ភខ្លាចមិនបានបោះឆ្នោត
ពលរដ្ឋនៅកំពង់ចាមមកតវ៉ារឿងដីធ្លីដល់ផ្ទះនាយករដ្ឋមន្ត្រី
មន្ត្រីតុលាការខេត្តពោធិ៍សាត់រងការចោទថារំលោភយកដីពលរដ្ឋ
អាជ្ញាធរខេត្តកំពង់ស្ពឺបញ្ជាឲ្យក្រុមយោធាបញ្ឈប់ការបំពានយកដីអ្នកស្រុក
អ្នកភូមិខ្លះនៅភូមិតាកែនខេត្តកំពតចាកចេញពីដីដោយខ្លាចទាហាន
ជម្លោះដីធ្លីរវាងអ្នកភូមិនិងក្រុមយោធានៅស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ
អ្នកភូមិនៅឃុំតាកែនស្រុកឈូកដែលប្រឈមនឹងការរុះរើផ្ទះសម្ដែងការអស់សង្ឃឹម
អាជ្ញាធរខែត្រកំពតបង្កើនសកម្មភាពរុះរើផ្ទះពលរដ្ឋនៅឃុំតាកែន