ពលរដ្ឋ​នៅ​ខេត្ត​កំពត​ប្ដឹង​ព្រះសង្ឃ​មួយ​អង្គ​ដែល​ទើប​មក​គង់​នៅ​ក្នុង​វត្ត

ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​សុវណ្ណគិរីរស្មី (វត្ត​ភ្នំក្តី) ស្ថិត​ក្នុង​ឃុំ​ត្រពាំងបី ស្រុក​ឈូក ខេត្ត​កំពត មួយ​ចំនួន បាន​ចោទ​ថា ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម សុខ ចាន់តារ៉ា ដែល​ទើប​និមន្ត​មក​ពី​ភ្នំពេញ មក​គង់​នៅ​ជួយ​កសាង​វត្ត​ទើប​ប្រមាណ ៥ខែ មាន​សកម្មភាព​មិន​ត្រឹមត្រូវ​ខុស​ពី​វិន័យ​សង្ឃ។

0:00 / 0:00

អ្នក​រស់នៅ​ក្បែរ​វត្ត បញ្ជាក់​ថា ព្រះសង្ឃ​អង្គ​នោះ​បាន​ឆាន់​អាហារ មិន​ថា​ថ្ងៃ ឬ​យប់ និង​បាន​បណ្ដេញ​អាចារ្យ​មួយ​ចំនួន​ចេញ​ពី​វត្ត​សុវណ្ណគិរីរស្មី៖ «លោក​នេះ​ជេរ​ក៏​ជេរ ឲ្យ​តែ​អ្នក​ណា​ខុស​អី ដឹង​តែ​ជេរ​ហ្នឹង​តែ​ម្តង។ តាំង​ពី​មក ​ថ្ងៃ​ណា​ក៏​ឲ្យ​យាយ​ជី​ដាំ​បាយ​ឲ្យ​តែ​យប់។ ទិញ​សាច់​គោ​ថ្ងៃ​រសៀល​ទៅ​ហើយ យក​ឆ្នាំង​ហ្នឹង​ទៅ​ដាក់​បៀត​បន្ទប់​លោក។ ឥឡូវ​ហ្នឹង មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ អត់​មាន​បាសក​មក​វត្ត​ទេ»

ប្រជាពលរដ្ឋ​ភូមិ​ល្បើក ឃុំ​ត្រពាំងបី លោក ពៅ ផុន ថ្លែង​ថា នៅ​ថ្ងៃ​សុក្រ ទី៥ តុលា ព្រះភិក្ខុ​មួយ​អង្គ​ដែល​ជា​សង្ឃ​គង់​ចាស់​វស្សា​នៅ​វត្ត​នេះ មិន​ពេញ​ចិត្ត​ទង្វើ​របស់​ព្រះសង្ឃ​និមន្ត​មក​ថ្មី លោក​បាន​និមន្ត​ចេញ​ពី​វត្ត ដោយ​សារ​ខ្មាស​ពុទ្ធបរិស័ទ​ដែល​មក​ចូល​រួម​កាន់​បិណ្ឌ នៅ​ពេល​ដែល​ព្រះសង្ឃ​អង្គ​នោះ ជេរ​ដាក់​មេក្រូ៖ «អាចារ្យ​អ្នក​និមន្ត​លោក​មក​ហ្នឹង លោក​ដេញ​ខ្ចាត់​អស់​ហើយ គ្មាន​នៅ​អី​មួយ​ទេ ចេញ​បាត់​ជាង ២ខែ​ហើយ។ អាចារ្យ​មួយ តា​អាចារ្យ ឡឹក ទី២ តា​អាចារ្យ ហៀល និង​អ្នក​ទៅ​និមន្ត​មក​ផ្ទាល់ គាត់​ថា​ទៅ​និមន្ត​មក​ជួយ​កសាង ឃើញ​លោក​រាង​ទំនង។ ដល់​មក​ដល់ មិន​មក​ជួយ​កសាង យក​មក​ជេរ​រាល់​ថ្ងៃ​តែ​ម្តង ដល់​អីចឹង»

តប​នឹង​ការ​លើក​ឡើង​នោះ ព្រះសង្ឃ​ព្រះនាម សុខ ចាន់តារ៉ា មាន​ថេរ​ដីកា​ថា កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ ពុទ្ធបរិស័ទ​ជាង ៣០០​នាក់ ទៅ​និមន្ត​ព្រះអង្គ​ពី​ភ្នំពេញ ឯ​វត្ត​អង្គ​សិរី ឲ្យ​មក​ជួយ​កសាង​វត្ត​សុវណ្ណគិរីរស្មី និង​ធ្វើ​ជា​ចៅ​អធិការវត្ត។ ក្នុង​ពេល​គង់ បាន​រក​ឃើញ​ថា ថវិកា​វត្ត​មាន​អាចារ្យ​មួយ​ចំនួន និង​អាជ្ញាធរ​ឃុំ បាន​កេងប្រវ័ញ្ច​ប្រាក់​វត្ត​យក​ទៅ​សង់​ផ្ទះ និង​ចែក​គ្នា​ចាយ។

លោក​បាន​បណ្ដេញ​អាចារ្យ​ឲ្យ​ចេញ​ពី​វត្ត​ហើយ ដោយ​សារ​តែ​មាន​អំពើ​ពុក​រលួយ​ក្នុង​វត្ត ទើប​ព្រះចៅ​អធិការ​វត្ត​មុនៗ​ចំនួន ៨អង្គ មិន​អាច​គង់​នៅ​ក្នុង​វត្ត​បាន។ ព្រះអង្គ​អះអាង​ថា ថវិកា​កសាង​វត្ត​រីក​ចម្រើន​ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ និង​អ្នក​នៅ​ក្រៅ​ប្រទេស។ ព្រះអង្គ​ក៏​ទទួល​ស្គាល់​ថា បាន​ជេរ​ក្មេង​ទំនើង ដែល​មក​ចូល​រាំ​ក្នុង​វត្ត ហើយ​បំផ្លាញ​អំពូល​ម៉ែត្រ និង​អ្វី​ដែល​ព្រះអង្គ​ខំ​កសាង។ ចំពោះ​ការ​ឆាន់​អាហារ មិន​ត្រូវ​ម៉ោង​ពេល​នោះ គឺ​បាន​ឆាន់​មែន នៅ​ពេល​និមន្ត​មក​ពី​ទេសនា នៅ​ខេត្ត​ព្រៃវែង ហួស​ម៉ោង​ឆាន់​ថ្ងៃ​ត្រង់។

ព្រះអង្គ​បាន​បញ្ជា​ឲ្យ​យាយ​ជី ទិញ​សាច់​គោ ២គីឡូក្រាម មក​ធ្វើ​ម្ហូប​ឆាន់​នៅ​ពេល​រសៀល។ ព្រះសង្ឃ សុខ ចាន់តារ៉ា ថ្លែង​ថា ព្រះអង្គ​នឹង​ប្ដឹង​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ដើរ​បរិហារកេរ្តិ៍​តាម​វិទ្យុ និង​ជេរ​ប្រមាថ​ព្រះអង្គ​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ កាល​ពី​ថ្មីៗ៖ «គេ​ថា​ទ្រាំ​លែង​បាន អាត្មា​ឲ្យ​តា​អាចារ្យ​ដាក់​មេក្រូ​អាត្មា​ជេរ​តែ​ម្តង អាត្មា​ជេរ​ចំពោះ​អា​ក្មេង​ណា វា​មក​បំផ្លាញ​របស់​អាត្មា​ដែល​ខំ​ដឹកនាំ​ត្រាក់ៗ​ពី​ភ្នំពេញ​មក​អី​នេះ»

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំងបី លោក ម៉ី ភិរិន ថ្លែង​ថា ព្រះសង្ឃ សុខ ចាន់តារ៉ា ឡើង​ជា​ចៅ​អធិការ​វត្ត នៅ​ពេល​ណា សមត្ថកិច្ច​មិន​ទាន់​ដឹង​ទេ គ្រាន់​តែ​ដឹង​ថា ព្រះអង្គ​ទើប​និមន្ត​មក​មុន​ចូល​ឆ្នាំ​ខ្មែរ គង់​នៅ​វត្ត​សុវណ្ណគិរីរស្មី។ លោក​បន្ត​ថា ព្រះអង្គ​នៅ​ក្មេង ព្រះជន្ម​ក្រោម ៣០ឆ្នាំ មិន​សូវ​ខន្តី​ទេ ជេរ​ប្រមាថ​ក្មេង​ស្ទាវ​ដាក់​មេក្រូ​ទាំង​កណ្ដាល​អធ្រាត្រ ថ្ងៃ​បិណ្ឌ​ទី១ ធ្វើ​ឲ្យ​ផ្អើល​អ្នក​ស្រុក ទើប​មាន​ការ​ប្ដឹង​ព្រះសង្ឃ​អង្គ​នោះ។ មេ​ប៉ុស្តិ៍​បន្ត​ថា ព្រះសង្ឃ​អង្គ​នោះ អួត​ពី​ការ​ខំ​កសាង​របស់​ព្រះអង្គ ដោយ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ប៉ះ​សម្ដី​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាប់​ឆ្នោត​ក្នុង​ឃុំ​ត្រពាំងបី នេះ។

មេ​ឃុំ​ត្រពាំងបី លោក កែវ លាង ថ្លែង​ថា ប្រជាពលរដ្ឋ​ប្ដឹង​មក​អាជ្ញាធរ​ឃុំ​ថា ព្រះសង្ឃ​វត្ត​សុវណ្ណគិរីរស្មី ទើប​និមន្ត​មក​គង់​នៅ​វត្ត​នេះ បាន​ជេរ​ប្រមាថ​ក្នុង​ពេល​បុណ្យ​កាន់​បិណ្ឌ។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​កំពុង​វាស់​ដីធ្លី អនុវត្ត​យ៉ាង​ប្រញាប់ ទើប​មិន​ទាន់​ដោះស្រាយ​បណ្ដឹង​នោះ​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ដទៃ​ទៀត​ថ្លែង​ថា ព្រះសង្ឃ សុខ ចាន់តារ៉ា បាន​ជួយ​កសាង​វត្ត​សុវណ្ណគិរីរស្មី ច្រើន​ដែរ ក្នុង​រយៈពេល​មក​គង់​នៅ​វត្ត​នេះ។ ទាស់​តែ​ព្រះអង្គ​ប្រើ​ពាក្យ​អសុរោះ ក្នុង​នាម​ជា​អ្នក​ស្លៀក​ស្បង់​ព្រះពុទ្ធ​អប់រំ​មនុស្ស។

អាជ្ញាធរ​ស្រុក​ឈូក ឲ្យ​ដឹង​ថា រង់ចាំ​តែ​ពាក្យ​បណ្ដឹង​ពលរដ្ឋ​មក​ដល់​សាលា​ស្រុក នឹង​ធ្វើ​ការ​ប្រជុំ ព្រោះ​រដូវ​កាន់​បិណ្ឌ មនុស្ស​ម្នា​មក​វត្ត​ច្រើន​កុះករ ដើម្បី​គោរព​ព្រះពុទ្ធសាសនា តាម​ទំនៀម​ទម្លាប់ មិន​គួរ​បន្ត​ឲ្យ​កើត​រឿង​បែប​នេះ​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។