អ្នកភូមិ​នៅ​ខេត្ត​កំពង់ឆ្នាំង​តវ៉ា​គម្រោង​ជីក​ប្រឡាយ​របស់​អង្គការ JICA

ប្រជា​ពលរដ្ឋ​ប្រមាណ ១៥០​នាក់ នៅ​ក្នុង​ភូមិ​ចំនួន​២ នៃ​ឃុំ​ពេជចង្វារ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា បាន​នាំ​គ្នា​ឡើង​មក​សាលា​ឃុំ ធ្វើ​ការ​តវ៉ា​មិន​ឲ្យ​អង្គការ​ចាយកា (JICA) ជីក​ប្រឡាយ​ទឹក​កាត់​ដី​ស្រែ​របស់​ពួក​គាត់។

0:00 / 0:00

ប្រធាន​សហគមន៍​ព្រៃ​ឈើ ឃុំ​ពេជចង្វារ និង​ជា​តំណាង​ប្រជា​ពលរដ្ឋ នៃ​ភូមិ​ទាំង​២ គឺ​អ្នក​ស្រី យិន ប៉ិច បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា​ថា គម្រោង​ជីក​ប្រឡាយ​មួយ​ខ្សែ ដែល​ស្នើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ឃុំ​ពេជចង្វារ មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ដល់​ដី​ស្រែ​របស់​ប្រជា​ពលរដ្ឋ។ អ្នក​ស្រី​បន្ត​ថា ការ​អភិវឌ្ឍ​នេះ មិន​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ​ទេ តែ​ផ្ទុយ​ទៅ​វិញ រឹត​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ព្រោះ​គាត់​ត្រូវ​បាត់​បង់​ដី​ស្រែ​ស្ទើរ​ទាំង​ស្រុង។

អ្នក​ស្រី យិន ប៉ិច មាន​ប្រសាសន៍​បន្ត​ថា ៖ «អ្នក​ដែល​ចូល​រួម​នឹង​មាន ១៥០​នាក់។ ហើយ​គាត់​ទាមទារ​មិន​ឲ្យ​ធ្វើ​ប្រឡាយ​ដាច់​ខាត។ ការ​ធើ​ប្រឡាយ​របស់​អង្គការ​ចាយ​កា​ហ្នឹង​ណា៎...»

ស្ត្រី​ឈ្មោះ យ៉ន វ័យ ជាង ៥០​ឆ្នាំ អ្នក​ភូមិ​តាំង​ធ្នឹម បន្ថែម​ថា ៖ «ចា៎ះ! ដី​ស្រែ​តូចៗ ហើយ ព្រោះ​អី​ដី​ស្រែ​នោះ វា​គ្មាន​ច្រើន​ទេ! ក្នុង​មួយ​គ្រួសារ​មាន​កន្លះ​ហិកតារ ខ្លះ​បាន​មួយ​ហិកតារ​អ៊ីចឹង។ ហើយ​ប៉ះ​ពាល់​ដល់​ក្នុង​ដី​ស្រែ​នោះ​វា​ច្រើន...»

បុរស​ឈ្មោះ សាត ស៊ីម មាន​ប្រសាសន៍​ថា ៖ «ខាង​ប្រជា​ពលរដ្ឋ​ទាំង​អស់ ទាំង​ខាង​ភូមិ​តាំង​ធ្នឹម និង​ភូមិ​តាំង​តា​ពាំង មិន​ព្រម​ធ្វើ​ទេ ព្រោះ​ការ​ធ្វើ​ប្រឡាយ​ហ្នឹង​បាត់​បង់​ដី​គាត់​ជា​ច្រើន...»

ប្រភព​ពី​អាជ្ញាធរ​ឃុំ បាន​ឲ្យ​ដឹង​ថា ក្នុង​ផែនការ​អភិវឌ្ឍន៍​ភូមិ​ឃុំ ក្រុម​ប្រឹក្សា​ឃុំ មាន​គម្រោង​ជីក​ប្រឡាយ​មួយ​ខ្សែ ដើម្បី​នាំ​ទឹក​ពី​អូរ​រលុះ ដែល​មាន​ចម្ងាយ​ជាង ៣​គីឡូម៉ែត្រ មក​ស្រោច​ស្រព​ដី​ស្រែ ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ទាំង​មូល។ សំណើ​របស់​អាជ្ញាធរ​ឃុំ ត្រូវ​បាន​អង្គការ​ចាយកា (JICA) យល់​ព្រម​ជា​គោល​ការណ៍ ចុះ​មក​ធ្វើ​ការ​សិក្សា និង​វាស់​វែង ដើម្បី​អនុវត្ត​គម្រោង​ដែល​មាន​តម្លៃ​ប្រមាណ ១០​លាន​រៀល​នេះ។ តែ​បន្ទាប់​ពី​ការ​វាស់​វែង​បោះ​បង្គោល ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​តាំង​ធ្នឹម និង​តាំង​ត្រពាំង ដែល​រង​ផល​ប៉ះ​ពាល់ បាន​ប្រតិកម្ម​តវ៉ា​មិន​ឲ្យ​ជីក។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ មេ​ឃុំ​ពេជចង្វារ លោក ស៊ិន ប៉ុម មាន​ប្រសាសន៍​ថា នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​ប៉ុណ្ណោះ។ លោក​បន្ត​ថា លោក​មាន​ការ​សោក​ស្តាយ ប្រសិន​បើ​ត្រូវ​បោះ​បង់​ចោល​គម្រោង​នេះ ព្រោះ​ទម្រាំ​រក​បាន​ដៃ​គូ​ជួយ​អភិវឌ្ឍន៍ មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។

លោក​បន្ត​ថា ៖ «ប៉ុន្តែ​បើ​តាម​ខ្ញុំ​គិត​ទៅ គម្រោង​ដែល​ខ្ញុំ​បាន​សួរ​ម្ចាស់​គម្រោង​ហ្នឹង គេ​ថា​ដល់​ពេល​ណា​គេ​សិក្សា​ឡើង​គម្រោង​អស់​ហើយ។ គេ​ធ្វើ​ផែន​ទី​រួច​អស់​ហើយ។ អ្នក​ណា​ប៉ះ​ពាល់​ប៉ុន​ណា​អី​ប៉ុន​ណា គេ​មក​ប្រជុំ​ប្រាប់​ឡើង​វិញ។ អា​ហ្នឹង​ដូច​របៀប​សិក្សា​ដីធ្លី​អ៊ីចឹង​ណា​បង! គេ​មក​ប្រាប់​ឡើង​វិញ​ថា ឥឡូវ​បង ក នេះ អស់​ប៉ុន​ណេះ ហើយ​បង ខ អស់​ប៉ុន​ហ្នឹង​ហើយ តើ​ព្រម​បរិច្ចាគ ឬ​អត់។ បើ​វា​អត់​ទេ ក៏​គេ​អត់​បង្ខំ​ដែរ ប៉ុន្តែ​បើ​សិន​ណា​ជា​ព្រម​ៗ ក្នុង​ចំណុច​ណា។ បើ​ប្រឡាយ​ឧទាហរណ៍​ប្រឡាយ​វា ៣​ម៉ែត្រ​អ៊ីចឹង យើង បង្រួម​វា​ប៉ុន​ណា​ដែរ សម​ហេតុ​សម​ផល​អ៊ីចឹង​នោះ​ណា៎! គេ​ជជែក​ជា​មួយ​ខ្ញុំ​អ៊ីចឹង។ ខ្ញុំ​ទៅ​ពន្យល់​គាត់​ដែរ តែ​រៀង​គាត់​មិន​ដឹង​ជា​យ៉ាង​ម៉េច...»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សំ ចាន់គា មាន​ប្រសាសន៍​ថា តាម​ក្រឹត្យ​ក្រម​នៃ​វិមជ្ឈការ រាល់​ការ​អភិវឌ្ឍ​ត្រូវ​មាន​ការ​ចូល​រួម​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។ ក្នុង​ករណី​ឃុំ​ពេជចង្វារ អាជ្ញាធរ​ត្រូវ​ពន្យល់​ប្រជា​ពលរដ្ឋ​ឲ្យ​គាត់​យល់​ព្រម ទើប​អាច​ដំណើរ​ការ​អភិវឌ្ឍន៍​បាន៕