ជនជាតិ​ភាគតិច​នៅ​រតនគិរី​ដាក់​ញត្តិ​សុំ​ធ្វើ​ពិធី​ហែ​ក្បួន

2008-05-12

មន្រ្តី​ឃ្លាំមើល​សិទ្ធិមនុស្ស​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ញត្តិ​ស្នើសុំ​ធ្វើ​សិក្ខាសាលា​និង​ពិធី​ហែក្បួន​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី​អនុវត្ត​ច្បាប់​និង​បទបញ្ជា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទាក់ទិន​នឹង​វិធានការ​ទប់ស្កាត់​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​និង​ការកាប់រាន​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ដោយ​បំពាន​ច្បាប់ បាន​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​រួចរាល់​ហើយ នៅព្រឹក​ថ្ងៃច័ន្ទ​ដើម​សប្តាហ៏​នេះ ។

មន្រ្តី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​ប្រចាំ​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា នេះ​គឺ​ជា​សំណូមពរ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន ១៥​ក្រុម ដែល​កំពុង​មាន​បញ្ហា​និង​ក្តីកង្វល់​អំពី​ការបាត់បង់​តំបន់​ព្រៃឈើ​ដែល​ពួកគាត់​អភិរក្ស​និង​រស់​អាស្រ័យ​ផល ជាមួយ​នឹង​ការបាត់​បង់​ដី​ធ្លី​សមូហភាព​ដែល​ជា​ទ្រព​សម្បត្តិ​រដ្ឋ ។

ចំណែក​អង្គការ​លោក​គ្រាន់​តែ​ជា​អ្នក​សម្របសម្រួល​ដើម្បី​ឲ្យ​មាន​លក្ខណៈ​ស្របច្បាប់​ក្នុង​ករណីនេះ​តែ​ប៉ុណ្ណោះ ៖ «ក្រុម​សហគមន៍​បាន​សំណូមពរ​ឲ្យ​យើង​រៀបចំ​ធ្វើ​ជា​សិក្ខាសាលា​មួយ ហើយ​និង​ក្បួន​ដង្ហែ​មួយ ហើយ​ទាមទារ​ទៅ​អាជ្ញាធរ​ដែនដី​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ឲ្យ​លោក​ចូល​រួម​ជាមួយ​ពួកគាត់ ដើម្បី​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​គោរព​ច្បាប់»

គួរបញ្ជាក់​ដែរ​ថា​ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​៨​ស្រុក នៅ​ក្នុង​ខេត្ត​រតនគិរី មាន​ឆន្ទៈ​ដូចគ្នា​ថា នឹង​ប្រារព្ធ​ពិធី​ជួបជុំគ្នា​នៅ​ក្នុង​សិក្ខាសាលា​នៅ​ឯ​ទីរួមខេត្ត ប្រយោជន៍​អញ្ជើញ​មន្រ្តី​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ពិគ្រោះ​យោបល់​ជុំវិញ​បញ្ហា​ពាក្យបណ្តឹង​តវ៉ា​របស់​ពួកគាត់ ដែល​មិន​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ​ឡើយ ក្នុង​ការទាមទារ​ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​ទន្រ្ទាន​ព្រៃឈើ​និង​ការរំលោភ​ចូល​កាន់កាប់​ដីធ្លី​សហគមន៏​ដែល​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ ជាមួយ​នឹង​ពិធី​ហែ​ក្បួន​គាំទ្រ​បទបញ្ជា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ពង្រឹង​ច្បាប់​ទាក់ទិន​ករណី​ខាងលើ​នេះ ។

តំណាង​ប្រជាសហគមន៍​មកពី​ស្រុក​លំផាត់​បញ្ជាក់​ពី​ឆន្ទៈ ៖ «បាតុកម្ម​ហ្នឹង ខ្ញុំ​ពិបាក​ចិត្ត​ដែរ ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ហ្នឹង ។ ពិបាក​ចិត្ត​ក្រុមហ៊ុន​ចេះ​តែ​ឈូស​ទៅៗ ភូមិ ឃុំ គេ​អត់​ដោះស្រាយ​ឲ្យ»

ចំណែក​តំណាង​សហគមន៍​មកពី​ស្រុក​បរកែវ​បញ្ជាក់​ពី​ហេតុផល ៖ «ព្រោះ​អី​យើង​ខ្ញុំ​ទាមទារ​ដី​ឲ្យ​ឈប់​លក់​ឲ្យ​ឈ្មួញ ហើយ​ឲ្យ​ឈ្មួញ​ឈប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង​ទៀត ហើយ​ជូន​ដី​ឲ្យ​ពួក​ខ្ញុំ​វិញ»

តាមការគ្រោង​ទុក ប្រជាសហគមន៍​ចំនួន​៣០០​នាក់ នឹង​ជួបជុំគ្នា​នៅថ្ងៃ​២០ ឧសភា ប៉ុន្តែ អាជ្ញាធរ​ខេត្ត​មិនទាន់​មាន​ប្រតិកម្ម​បែបណា​នៅឡើយ​ទេ ។

ប្រធាន​ការិយាល័យ​រដ្ឋបាល​សាលាខេត្ត​រតនគិរី លោក សុខ លី បញ្ជាក់​ថា ៖ «នៅ​ឆ្លង​អគ្គលេខា​សាលា​ខេត្ត លោក ហ៊ាន គង់ស្រ៊ី គាត់​ឈឺ»

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ កាលពី​ខែ​មេសា កន្លងទៅ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​ខេត្ត​តឹងតែង​ចំពោះ​ការស្នើសុំ​ធ្វើ​វេទិកា​ដីធ្លី ប៉ុន្តែ ធូរ​រលុង​ចំពោះ​ការបើក​លេង​ល្បែង​ស៊ីសង​ខុសច្បាប់​ទៅវិញ ៖ «ធន សារ៉ាយ គ្នា សុំ​ធ្វើ​ការ​ជួប​ជុំ​ដើម្បី​និយាយ​រឿង​ដីធ្លី​ក៏​មិន​ព្រម​ឲ្យ​គ្នា​ធ្វើ​ដែរ ដូច​តឹងតែង​ពេក ។ យូគី​ស្រួល​បង់​ឲ្យ​អ្នក​នៅ​ហ្នុង»

កាលពីខែ​ធ្នូ ឆ្នាំ​២០០៧ សមាគម​អាដហុក​ខេត្ត​រតនគិរី បាន​រៀបចំ​វេទិកា​បញ្ចេញ​មតិ​ជុំវិញ​បញ្ហ​ដីធ្លី​និង​ពីធី​ហែក្បួន​គាំទ្រ​ឲ្យ​មាន​ការគោរព​ច្បាប់​និង​បទបញ្ជា​លោក​នាយករដ្ឋមន្រ្តី ប្រមុខ​រាជរដ្ឋាភិបាល ក៏ប៉ុន្តែ ត្រូវ​បាន​បង្ក្រាប​ដោយ​កងកម្លាំង​ប៉ូលិស​និង​អាវុធហត្ថ​អម​ដោយ​រថយន្ត​បាញ់ទឹក​បំបែក​ក្បួន​ក្រុម​អ្នកតវ៉ា​ប្រមាណ ១០០​នាក់​ក្រោម​ហេតុផល​គ្មាន​ច្បាប់​អនុញ្ញាតិ ៕

អត្ថបទ​ដែល​ទាក់ទង

ភាព​ចម្រូង​ចម្រាស​ជុំវិញ​ការបូម​ខ្សាច់​ចាក់​លុប​បឹងកក់​

ពលរដ្ឋ​នៅ​បឹងកក់​ជួប​ជាមួយ​សាលា​ខណ្ឌ ប៉ុន្តែ​មិន​បាន​លទ្ធផល

តុលាការ​ក្រុង​ភ្នំពេញ​នឹង​ជំនុំ​ជម្រះ​ទោស​ជន​ជាប់​ចោទ​ក្នុង​រឿង​ដីធ្លី​៦​នាក់​នៅ​ថ្ងៃ​ទី២ កញ្ញា

ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​នាំ​គ្នា​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់​ចាក់​លុប​បឹង

ពលរដ្ឋ​នៅ​តំបន់​បឹង​កក់​គ្រោង​ទៅ​តវ៉ា​នៅ​សាលា​ក្រុង​ពី​បញ្ហា​បូម​ខ្សាច់​ដាក់​បឹង

ជនជាតិ​ភាគ​តិច​នៅ​ខែត្រ​ក្រចេះ​ភ័យ​ព្រួយ​ពី​ការបាត់បង់​ដី​ធ្លី

ការតវ៉ា​ជុំវិញ​បញ្ហា​បូម​ខ្សាច់​លុប​ផ្ទៃ​សមុទ្ទ​នៅ​កំពត​មិន​ទាន់​មាន​ដំណោះស្រាយ

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​លើ​បឹងកក់​ប្រឈម​មុខ​នឹង​ការបណ្ដេញ​ចេញ

ទំនាស់​ដី​ធ្លី​រវាង​ជនជាតិ​កួយ​និង​អាជ្ញាធរ​នៅ​ខែត្រ​កំពង់ធំ

ជម្លោះ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​នៅ​កំពត​ជុំវិញ​ការ​ចាក់​ខ្សាច់​លុប​ផ្ទៃ​សមុទ្រ