មន្រ្តីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ប្រចាំខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា នេះគឺជាសំណូមពររបស់សហគមន៍ជនជាតិដើមភាគតិចចំនួន ១៥ក្រុម ដែលកំពុងមានបញ្ហានិងក្តីកង្វល់អំពីការបាត់បង់តំបន់ព្រៃឈើដែលពួកគាត់អភិរក្សនិងរស់អាស្រ័យផល ជាមួយនឹងការបាត់បង់ដីធ្លីសមូហភាពដែលជាទ្រពសម្បត្តិរដ្ឋ ។
ចំណែកអង្គការលោកគ្រាន់តែជាអ្នកសម្របសម្រួលដើម្បីឲ្យមានលក្ខណៈស្របច្បាប់ក្នុងករណីនេះតែប៉ុណ្ណោះ ៖ «ក្រុមសហគមន៍បានសំណូមពរឲ្យយើងរៀបចំធ្វើជាសិក្ខាសាលាមួយ ហើយនិងក្បួនដង្ហែមួយ ហើយទាមទារទៅអាជ្ញាធរដែនដីសមត្ថកិច្ចស្ថាប័នជំនាញឲ្យលោកចូលរួមជាមួយពួកគាត់ ដើម្បីបង្ហាញឆន្ទៈក្នុងការគោរពច្បាប់» ។
គួរបញ្ជាក់ដែរថាប្រជាសហគមន៍ជនជាតិដើមភាគតិចចំនួន៨ស្រុក នៅក្នុងខេត្តរតនគិរី មានឆន្ទៈដូចគ្នាថា នឹងប្រារព្ធពិធីជួបជុំគ្នានៅក្នុងសិក្ខាសាលានៅឯទីរួមខេត្ត ប្រយោជន៍អញ្ជើញមន្រ្តីអាជ្ញាធរពាក់ព័ន្ធដើម្បីពិគ្រោះយោបល់ជុំវិញបញ្ហាពាក្យបណ្តឹងតវ៉ារបស់ពួកគាត់ ដែលមិនត្រូវបានអាជ្ញាធរដោះស្រាយឡើយ ក្នុងការទាមទារឲ្យជួយទប់ស្កាត់សកម្មភាពកាប់ទន្រ្ទានព្រៃឈើនិងការរំលោភចូលកាន់កាប់ដីធ្លីសហគមន៏ដែលជាទ្រព្យសម្បត្តិរដ្ឋ ជាមួយនឹងពិធីហែក្បួនគាំទ្របទបញ្ជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពង្រឹងច្បាប់ទាក់ទិនករណីខាងលើនេះ ។
តំណាងប្រជាសហគមន៍មកពីស្រុកលំផាត់បញ្ជាក់ពីឆន្ទៈ ៖ «បាតុកម្មហ្នឹង ខ្ញុំពិបាកចិត្តដែរ ជាតំណាងសហគមន៍ជនជាតិដើមភាគតិចហ្នឹង ។ ពិបាកចិត្តក្រុមហ៊ុនចេះតែឈូសទៅៗ ភូមិ ឃុំ គេអត់ដោះស្រាយឲ្យ» ។
ចំណែកតំណាងសហគមន៍មកពីស្រុកបរកែវបញ្ជាក់ពីហេតុផល ៖ «ព្រោះអីយើងខ្ញុំទាមទារដីឲ្យឈប់លក់ឲ្យឈ្មួញ ហើយឲ្យឈ្មួញឈប់បំផ្លាញព្រៃឈើហ្នឹងទៀត ហើយជូនដីឲ្យពួកខ្ញុំវិញ» ។
តាមការគ្រោងទុក ប្រជាសហគមន៍ចំនួន៣០០នាក់ នឹងជួបជុំគ្នានៅថ្ងៃ២០ ឧសភា ប៉ុន្តែ អាជ្ញាធរខេត្តមិនទាន់មានប្រតិកម្មបែបណានៅឡើយទេ ។
ប្រធានការិយាល័យរដ្ឋបាលសាលាខេត្តរតនគិរី លោក សុខ លី បញ្ជាក់ថា ៖ «នៅឆ្លងអគ្គលេខាសាលាខេត្ត លោក ហ៊ាន គង់ស្រ៊ី គាត់ឈឺ» ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ កាលពីខែមេសា កន្លងទៅ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរខេត្តតឹងតែងចំពោះការស្នើសុំធ្វើវេទិកាដីធ្លី ប៉ុន្តែ ធូររលុងចំពោះការបើកលេងល្បែងស៊ីសងខុសច្បាប់ទៅវិញ ៖ «ធន សារ៉ាយ គ្នា សុំធ្វើការជួបជុំដើម្បីនិយាយរឿងដីធ្លីក៏មិនព្រមឲ្យគ្នាធ្វើដែរ ដូចតឹងតែងពេក ។ យូគីស្រួលបង់ឲ្យអ្នកនៅហ្នុង» ។
កាលពីខែធ្នូ ឆ្នាំ២០០៧ សមាគមអាដហុកខេត្តរតនគិរី បានរៀបចំវេទិកាបញ្ចេញមតិជុំវិញបញ្ហដីធ្លីនិងពីធីហែក្បួនគាំទ្រឲ្យមានការគោរពច្បាប់និងបទបញ្ជាលោកនាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាល ក៏ប៉ុន្តែ ត្រូវបានបង្ក្រាបដោយកងកម្លាំងប៉ូលិសនិងអាវុធហត្ថអមដោយរថយន្តបាញ់ទឹកបំបែកក្បួនក្រុមអ្នកតវ៉ាប្រមាណ ១០០នាក់ក្រោមហេតុផលគ្មានច្បាប់អនុញ្ញាតិ ៕
