ពលរដ្ឋ​នៅ​ក្រចេះ​ព្រមាន​បិទ​ផ្លូវ​តវ៉ា​រឿង​ជម្លោះ​ដី

ប្រជាពលរដ្ឋ​ពីរ​ឃុំ រស់​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ព្រមាន​បិទ​ផ្លូវ​ជាតិ​លេខ​៧ មិន​ឲ្យ​ចរាចរណ៍​ឆ្លង​កាត់​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​អាជ្ញាធរ​ខេត្ត​បន្ត​ប្រើ​គ្រឿង​ចក្រ​ឈូស​រំលោភ​ដីធ្លី​បង្ក​បង្កើន​ផល​ពួក​គាត់។

0:00 / 0:00

ការ​​​​អះអាង​នេះ កើត​មាន​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ដាក់​គ្រឿង​ចក្រ​​ឈូស​ឆាយ​ដី​លំនៅឋាន និង​ដី​ស្រែ​ចំការ​បង្កបង្កើន​ផល​របស់​​ពួក​គាត់ ទាំង​មិន​ទាន់​មាន​សំណង ឬ​ប្រាប់​ពលរដ្ឋ​ឲ្យ​ដឹង​ជា​មុន។

បុរស​វ័យ​ចំណាស់​ឈ្មោះ អុំ កាន ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជិត ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ រស់​នៅ​ឃុំ​សណ្តាន់ និង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​​ក្រចេះ។ លោក​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មាន​​គំរោង​បិទ​ផ្លូវ​ជាតិ​លេខ​៧ ត្រង់​ចំណុច​ឃុំ​ក្បាលដំរី និង​ឃុំ​សណ្តាន់ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​លើ​ករណី​រំលោភ​ដីធ្លី។

ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា បាន​សំណូមពរ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កំពូល ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​លើ​ករណី​ដែល​អាជ្ញាធរ​ខេត្ត​ក្រចេះ គ្រោង​រឹប​អូស​យក​ដី​លំនៅឋាន និង​ដី​ស្រែ​ចំការ​ដែល​ពួកគាត់​អះអាង​ថា ប្រជាពលរដ្ឋ​ធ្លាប់​បង្កបង្កើន​ផល ​តាំង​ពី​ឆ្នាំ​១៩៩៥ ទៅ​សង់​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧត្ដមសិក្សា។

ចំណែក​ស្ត្រី​មេម៉ាយ​ឈ្មោះ អ៊ូ អេង ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​នាក់​ទៀត បាន​សម្រក់​ទឹក​ភ្នែក និង​រៀបរាប់​ទាំង​អួល​ដើម​ក​ថា ក្តី​​បារម្ភ​ពី​ការ​បាត់បង់​ដី​លំនៅឋាន និង​ដី​កសិកម្ម បាន​រុញ​ច្រាន​ឲ្យ​កូនៗ​ចំនួន​ពីរ​នាក់​របស់​គាត់ បង្ខំ​ចិត្ត​ឈប់​រៀន។ ស្រី​រូប​នេះ​បាន​​ទទូច​ទៅ​ប្រមុខ​ដឹក​នាំជួយ​អន្តរាគមន៍។

​ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត ឬ​ក៏​រដ្ឋាភិបាល​ថា មុន​នឹង​ជ្រើស​យក​ទីតាំង​ណា​មួយ​ធ្វើ​ការ​អភិវឌ្ឍន៍ ត្រូវ​​ពិគ្រោះ​ជាមួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ឯកភាព​គ្នា​ជា​មុន ដោយ​មិន​គួរ​លួច​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ លោក អ៊ុន ចាន់តូ ជា​ជំទប់​ទី​១ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ។ លោក​មាន​ប្រសាសន៍​ថា ក្តី​បារម្ភ​របស់​ពលរដ្ឋ​ពី​ករណី​បាត់បង់​ដីធ្លី​នា​មូលដ្ឋាន​លោក មន្ត្រី​ជំនាញ​ខេត្ត​ក្រចេះ កំពុង​ចុះ​ស្រង់​ចំនួន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​នេះ​ហើយ ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ខាំ ភឿន អភិបាល​ខេត្ត​ក្រចេះ ដើម្បី​បំភ្លឺ​ចំពោះ​ការ​តវ៉ា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១២។ ប៉ុន្តែ​លោក ចាន់ សារឿន ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោ​ដី ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា ទំនាស់​កើត​មាន​លើ​គំរោង​សង់​គ្រឹះស្ថាន​ថ្នាក់​ឧត្ដមសិក្សា​នា​ឃុំ​សណ្ដាន់ និង​ឃុំ​ក្បាលដំរី នា​ស្រុក​សំបូរ មន្ត្រី​ជំនាញ​លោក​កំពុង​ចុះ​ស្រង់​ស្ថិតិ​គ្រួសារ​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ដើម្បី​មាន​វិធានការ​ដោះស្រាយ។

ទោះ​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា កាល​ពី​សប្ដាហ៍​មុន អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​នាំ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ចំការ​បង្កបង្កើន​ផល​របស់​ពួកគាត់​ម្តង​ហើយ ដោយ​មិន​ប្រាប់​ដំណឹង​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដឹង​ទេ ប៉ុន្តែ​ត្រូវ​ដក​ថយ​វិញ បន្ទាប់​ពី​​ពលរដ្ឋ​ជួប​ជុំ​គ្នា​តវ៉ា​រួច​មក៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។