ជម្លោះ​រវាង​ពលរដ្ឋ​ជា​ជន​ជាតិ​ចាម​និង​ហាកឹម​នៅ​ឃុំ​ឆ្នុកទ្រូ​ក្លាយ​ជា​អំពើ​ហិង្សា

ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជា​ជន​ជាតិ​ចាម​ក្រីក្រ​នៅ​ឃុំ​ឆ្នុកទ្រូ ជាមួយ​ហាកឹម​នៃ​វិហារ​ចាម​កោះ​មនោ ឃុំ​ឆ្នុកទ្រូ បាន​ក្លាយ​ជា​អំពើ​ហិង្សា កាល​ពី​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា កន្លង​ទៅ ដែល​បណ្ដាល​ឲ្យ​បុរស​ជន​ជាតិ​ចាម​ម្នាក់​រង​របួស​ជា​ទម្ងន់។

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​ជន​ជាតិ​ចាម នៅ​ទីនោះ ភាគ​ច្រើន​ទាម​ទារ​ឲ្យ​បោះ​ឆ្នោត​ជ្រើស​រើស​ហាកឹម ឬ​អ្នក​ដឹកនាំ​ភូមិ​ផ្នែក​សាសនា​ថ្មី​នៅ​ឃុំ​នេះ។

បុរស​អ្នក​ភូមិ​ឈ្មោះ សេន ត្រយេន អាយុ ៣១​ឆ្នាំ ជា​ជន​ជាតិ​ចាម រស់នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ថា លោក លី ម៉ាត់ ដោយ​អាង​ថា​ខ្លួន​ជា​ហាកឹម បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​គ្រួសារ​លោក ព្រម​ទាំង​អ្នក​ភូមិ​ផ្សេង​ទៀត​ទាំង​កំរោល ដោយ​បាន​បង្គាប់​ឲ្យ​កូន​ចៅ​គាត់​គប់​កាំបិត​មក​លើ​រូប​លោក បណ្ដាល​ឲ្យ​ត្រូវ​របួស​ក្បាល​ជា​ទម្ងន់។

លោក សេន ត្រយេន៖ «ឲ្យ​ប្រជាពលរដ្ឋ​ជឿ​ទុក​ចិត្ត​ម៉េច​កើត បើ​មេ​ដឹកនាំ​អី​មាន​បញ្ហា​បន្តិច​បន្តួច ហា​ឡើង​ប្ដឹង​ប្រជាពលរដ្ឋ​ដាក់​គុក ហា​ឡើង​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ចោល។ អ៊ីចឹង បាន​ជា​ប្រជាពលរដ្ឋ​អត់​ជឿ​លើ​ការ​ដឹកនាំ​របស់​គាត់ ទើប​គេ​ចង់​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ។ ដល់​គេ​ទារ​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ គាត់​មាន​គំនុំ គាត់​ប្រកូន​ក្មួយ​គាត់​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ»

កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ប្រជាពលរដ្ឋ​ជន​ជាតិ​ចាម នៅ​ឃុំ​ឆ្នុកទ្រូ ចំនួន ៨៤​នាក់ បាន​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ប្ដឹង​តវ៉ា​ទៅ​មន្ទីរ​ធម្មការ​ស្រុក​បរិបូណ៌ សុំ​ដក​មេ​ដឹកនាំ​វិហារ​ចាម ក្នុង​ឃុំ​នេះ ដោយ​ពួក​គាត់​ចោទ​លោក លី ម៉ាត់ ជា​មេ​ដឹកនាំ​សាសនា​វិហារ​ចាម នៅ​កោះ​មនោ ឃុំ​ឆ្នុកទ្រូ ថា​ពុក​រលួយ និង​បក្ខពួក​និយម។ ពួក​គាត់​សុំ​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ហាកឹម​ថ្មី តែ​មន្ត្រី​ការិយាល័យ​ធម្មការ​ស្រុក​បរិបូណ៌ មិន​ព្រម ទើប​កើត​ចេញ​ជា​អំពើ​ហិង្សា​បែប​នេះ​ឡើង។

លោក សាន់ ហ៊ូសេន ជា​ព្រឹទ្ធាចារ្យ​ជា​ជន​ជាតិ​ចាម ម្នាក់ ប្រចាំ​តំបន់​កោះ​មនោ ឃុំ​ឆ្នុកទ្រូ លោក​មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​មិន​រក​ដំណោះស្រាយ​ជម្លោះ​នេះ នឹង​អាច​នាំ​ទៅ​ដល់​ជម្លោះ​បង្ហូរ​ឈាម​គ្នា​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ជា​មិន​ខាន៖ «អត់​កើត​ទេ ធ្វើ​ហាកឹម បែប​នេះ មិន​ត្រឹម​ត្រូវ​ទេ។ អត់​មាន​ការ​បោះ​ឆ្នោត ហើយ​ចាត់​តាំង​យក​តែ​ម្ដង​បែប​នេះ មិន​កើត​ទេ។ ម្យ៉ាង​រឿង​យក​លុយ​ធ្វើ​វិហារ​ទៅ​ចាយ​វាយ​ផ្ដេសផ្ដាស​អ៊ីចឹង អត់​បាន​ទេ។ បាប​ណាស់ ហើយ​បើ​ធ្វើ​ហាកឹម ហើយ​គេ​មិន​គាំទ្រ​នោះ ក៏​វា​អត់​កើត​ដែរ»

យ៉ាង​នេះ​ក្ដី ហាកឹម​វិហារ​ចាម​កោះ​មនោ លោក លី ម៉ាត់ បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ។ លោក​ពន្យល់​ថា ថ្នាក់​លើ​បាន​ចាត់​តាំង​លោក​ឲ្យ​ធ្វើ​ហាកឹម​នៅ​វិហារ​កោះ​មនោ នេះ ពុំ​មែន​លោក​ឡើង​ធ្វើ​ដោយ​ចិត្ត​ឯង​នោះ​ឡើយ៖ «ខ្ញុំ​មិន​ចង់​ពន្យល់​អី​ច្រើន​ទេ ព្រោះ​រឿង​វា​ចប់​អស់​ទៅ​ហើយ គេ​ចេះ​តែ​ចោទ​ខ្ញុំ​ទេ មិន​មាន​រឿង​អ៊ីចឹង​ទេ»

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់​ទង​សុំ​ការ​ពន្យល់​ពី​លោក សុះ កំរ៉ី ប្រធាន​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​សាសនា​ឥស្លាម នៅ​កម្ពុជា តាម​ទូរស័ព្ទ​ជាច្រើន​ដង នៅ​ល្ងាច​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា នេះ ទូរស័ព្ទ​រោទ៍​តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​នេះ​ក្ដី មេ​ឃុំ​ឆ្នុកទ្រូ លោក សំរិទ្ធ ផេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ។ លោក​ថា មាន​តែ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​នៅ​កម្ពុជា គឺ​លោក សុះ កំរ៉ី និង​មន្ទីរ​ធម្មការ​ខេត្ត​ទេ ដែល​អាច​ដោះស្រាយ​ជម្លោះ​នេះ​បាន៖ «ពួក​គាត់​ចង់​ធ្វើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ​ពួក​គាត់ ទោះ​អ្នក​ណា​ជាប់​ក៏​គាត់​អស់​ចិត្ត តែ​ខាង​អ៊ីម៉ាំ​ខេត្ត និង​ខាង​មន្ទីរ​ធម្មការ​ខេត្ត គេ​ថា​មិន​ទាន់​ដល់​អាណត្តិ មិន​ទាន់​អាច​បោះ​ឆ្នោត​បាន​ទេ ចាំ​ដល់​អាណត្តិ​សិន»

ប្រភព​ពី​ជន​ជាតិ​ចាម នៅ​ឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា លោក លី ម៉ាត់ ឡើង​កាន់​ការ​ជា​ហាកឹម ឬ​អ្នក​ដឹកនាំ​ភូមិ​ផ្នែក​សាសនា​នៅ​ឃុំ​នេះ ដោយ​ការ​ចាត់​តាំង​តាម​រយៈ​សែស្រឡាយ និង​បក្ខពួក ពុំ​មែន​ជាប់​ដោយ​ការ​បោះ​ឆ្នោត​តាម​បែប​ផែន​នៃ​ការ​ដឹកនាំ​សាសនា​ឥស្លាម​នោះ​ឡើយ។ ពួក​គាត់​ចង់​ឲ្យ​រឿងរ៉ាវ​នេះ​បាន​ដឹង​ដល់​លោក សុះ កំរ៉ី ប្រធាន​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​នៅ​កម្ពុជា ទើប​ពួក​គាត់​អស់​ចិត្ត ព្រោះ​ពួក​គាត់​មិន​យល់​ព្រម​ចំពោះ​ការ​សម្រប​សម្រួល​របស់​ការិយាល័យ​ធម្មការ​ស្រុក​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។