បញ្ហាទាំងនេះ អ្នកវិភាគបានលើកឡើងថា ជាការឆ្លុះបញ្ចាំងអំពីសង្គមអនាធិបតេយ្យ និងឆ្លុះបញ្ចាំងអំពីរដ្ឋាភិបាលលែងគ្រប់គ្រងស្ថាប័ននៅក្រោមបង្គាប់របស់ខ្លួនបាន ដោយស្ថាប័ននៅក្រោមបង្គាប់នោះ បានប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដែលបង្កឲ្យមានបញ្ហាជម្លោះដីធ្លីកើតឡើង។
បញ្ហាជម្លោះដីធ្លីនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន បានក្លាយទៅជាជម្លោះរ៉ាំរ៉ៃ ដែលរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះនេះមិនបានសមស្របនៅឡើយ។ ប៉ុន្តែអ្វីដែលជាក្ដីកង្វល់សម្រាប់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលនោះ អាជ្ញាធររដ្ឋាភិបាលបានប្រើអំពើហិង្សាបង្ក្រាបទៅលើក្រុមអ្នកតវ៉ាទៅវិញ។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា ការប្រើអំពើហិង្សា ការចាប់ខ្លួនប្រជាពលរដ្ឋក្នុងពេលតវ៉ាទាមទាររកយុត្តិធម៌ពីករណីជម្លោះដីធ្លីនេះ ជាការឆ្លុះបញ្ចាំងអំពីគោលបំណងរបស់រដ្ឋាភិបាល ដែលខ្លួនមិនចង់ឲ្យមានប្រជាពលរដ្ឋតវ៉ា ដើម្បីបិទបាំងអំពីរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុន និងការគំរាមកំហែងមិនឲ្យមានសកម្មភាពតវ៉ានៅតំបន់ផ្សេងទៀត។
ប្រធានផ្នែកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីជាបញ្ហាក្ដៅគគុកដែលរដ្ឋាភិបាលមិនទាន់មានយន្តការដោះស្រាយឲ្យមានតម្លាភាពនៅឡើយ ផ្ទុយទៅវិញរដ្ឋាភិបាលប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីការពារប្រយោជន៍របស់ក្រុមហ៊ុន ជាជាងការពារប្រជាពលរដ្ឋ ហើយកងកម្លាំងទាំងនោះមិនបានអនុវត្តច្បាប់ជាធរមាននោះទេ។
លោក នី ចរិយា៖ «ប្រមុខរដ្ឋាភិបាលលោកលែងត្រួតពិនិត្យស្ថាប័ននៅខាងក្រោមហ្នឹងបានហើយ តើប្រជាពលរដ្ឋលោកគាំទ្រគណបក្សកាន់អំណាចនូវសកម្មភាពទាំងនោះទៀត ឬយ៉ាងណា? ជួនកាលរដ្ឋាភិបាលសាកប្រជាពលរដ្ឋចំពោះសកម្មភាពទាំងនោះ»។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា នៅដើមឆ្នាំ២០១២ នេះ កម្លាំងប្រដាប់អាវុធបានបង្ក្រាបក្រុមប្រជាពលរដ្ឋដោយសន្តិវិធីនោះ មានចំនួន ៦ករណី រួមមានកងកម្លាំងប្រដាប់អាវុធបាញ់រះទៅលើហ្វូងប្រជាពលរដ្ឋក្នុងពេលតវ៉ាទាមទារដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុន ធីធីវ៉ាយ (TTY) នៅស្រុកស្នួល ខែត្រក្រចេះ កាលពីថ្ងៃទី១៨ ខែមករា ធ្វើឲ្យប្រជាពលរដ្ឋរងរបួសធ្ងន់ចំនួន ៤នាក់។
ករណីអភិបាលក្រុងបាវិត ខែត្រស្វាយរៀង លោក ឈូក បណ្ឌិត បាញ់បង្ក្រាបទៅហ្វូងកម្មករធ្វើកូដកម្មដោយសន្តិវិធី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ធ្វើឲ្យកម្មការិនីចំនួន ៣នាក់រងរបួស។ ករណីបាញ់សម្លាប់លោក ឈុត វុទ្ធី ជាប្រធានអង្គការការពារធនធានធម្មជាតិ និងមន្ត្រីកងរាជអាវុធហត្ថនៅខែត្រកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
ការបាញ់សម្លាប់កុមារី ហេង ចន្ថា និងចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារចំនួន ៨នាក់ កាលពីថ្ងៃទី១៦ ឧសភា និងករណីចាប់ខ្លួន និងផ្ដន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ចំនួន ១៥នាក់ ឲ្យជាប់គុកម្នាក់ជាង ២ឆ្នាំ កាលពីថ្ងៃទី២៤ ខែឧសភា ជាដើម។
ទាក់ទងនឹងបញ្ហានេះ នៅថ្ងៃទី២៩ ខែឧសភា នេះ អង្គការមិនមែនរដ្ឋាភិបាលជាង ២០អង្គការ ក្នុងនោះមានគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ និងថ្កោលទោសចំពោះទង្វើរដ្ឋាភិបាល ដែលធ្វើមកលើប្រជាពលរដ្ឋរបស់ខ្លួន ខណៈប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិរបស់ខ្លួនទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាបណ្ដេញចេញឲ្យបានសមរម្យនោះ តែត្រូវបានកងកម្លាំងរដ្ឋាភិបាលបង្ក្រាបទៅវិញ។
គណៈកម្មាធិការប្រព្រឹត្តិកម្មបានថ្កោលទោស និងចាត់ទុកទង្វើទាំងនេះថា ជាអំពើរំលោភសិទ្ធិមនុស្ស ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ក្នុងការបណ្ដេញចេញប្រជាពលរដ្ឋចេញពីលំនៅឋាន ប្រើអំពើហិង្សាបង្ក្រាបបាតុកម្មដោយសន្តិវិធី បាញ់ប្រហារជីវិតមនុស្សក្រៅច្បាប់ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរងរបួស ហើយមួយចំនួនទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ ព្រមទាំងស្វែងរកចាប់ខ្លួនប្រជាពលរដ្ឋបន្តទៀត បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរឹបអូសយកដីធ្លីប្រជាពលរដ្ឋដោយមិនបានផ្ដល់នូវសំណងសមរម្យ។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបដិសេធថា អង្គការសង្គមស៊ីវិលមានសិទ្ធិរិះគន់រដ្ឋាភិបាល ប៉ុន្តែពួកគេមិនអាចថ្កោលទោសរដ្ឋាភិបាលទេ ពីព្រោះថា រដ្ឋាភិបាលមិនមានទោសកំហុសអ្វីទេ រាល់ការចាប់ខ្លួនប្រជាពលរដ្ឋណាមួយនោះ គឺតុលាការអនុវត្តទៅតាមផ្លូវច្បាប់។
លោក ខៀវ សុភ័គ៖ «ការថ្កោលទោសបានសេចក្ដីថា រដ្ឋាភិបាលមានទោសហើយអ៊ីចឹង? តាមពិតគ្មានអីសោះ យើងអនុវត្តទៅតាមផ្លូវច្បាប់ប៉ុណ្ណោះទេ ហើយរដ្ឋាភិបាលតាមដែលអស់លោកថ្កោលទោសហ្នឹង អ៊ីចឹងប្រជាពលរដ្ឋវិញមិនដឹងជាយ៉ាងណាទេ?»។
ទោះបីជាមានការអះអាងយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានចាត់ទុកការបង្ក្រាបរបស់កម្លាំងរដ្ឋាភិបាលនោះ ជាការគំរាមកំហែង។ លោក អំ សំអាត បានពន្យល់ថា បើនិយាយអំពីការអនុវត្តច្បាប់របស់តុលាការវិញ គឺស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា អនុវត្តមិនមានតម្លាភាពនោះទេ។
នៅត្រង់ចំណុចនេះ លោក អំ សំអាត បានលើកពីករណីអភិបាលក្រុងបាវិត បានបាញ់រះទៅលើក្រុមកម្មករដែលមានសាក្សីរាប់រយនាក់បានឃើញសកម្មភាពនេះ ផ្ទុយទៅវិញរហូតមកទល់ពេលនេះ តុលាការមិនទាន់ចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកផ្ដន្ទាទោសនៅឡើយ។ ដោយឡែកចំពោះប្រជាពលរដ្ឋអ្នកភូមិបឹងកក់វិញ ពួកគាត់គ្រាន់តែទាមទារសំណងពីការរំលោភរបស់ក្រុមហ៊ុនស៊ូកាគូ (Shukaku) ប៉ុណ្ណោះ តែត្រូវបានតុលាការបានកាត់ទោសប្រជាពលរដ្ឋយ៉ាងប្រញាប់ប្រញាល់ទៅវិញ។
លោក អំ សំអាត៖ «អភិបាលក្រុងបាវិតប៉ុនប៉ុងសម្លាប់កម្មករចំនួនបីនាក់ ហើយការចោទប្រកាន់ត្រឹមតែបទបង្ករបួសស្នាម ការចោទប្រកាន់ហ្នឹងកាន់តែស្រាលទៅទៀត ហើយមិនទាន់មានការចាប់ខ្លួនទៅទៀត អ៊ីចឹងបើមើលករណីនេះ ការចោទប្រកាន់ ការកាត់ទោសនៅក្រោមឥទ្ធិពលនយោបាយ»។
បន្ថែមពីលើនេះ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា រដ្ឋាភិបាលមិនខ្វល់ទៅនឹងឫសគល់នៃបញ្ហាទេ រដ្ឋាភិបាលចាំតែឆ្លើយតប និងចាត់វិធានការទៅលើបញ្ហាតាមរយៈដោះស្រាយនៃបញ្ហាដែលមិនមានតម្លាភាព ដូចជាករណីជម្លោះដីធ្លីនេះ។ ម្យ៉ាងទៀត ទោះបីជាច្បាប់ភូមិបាលមានចែងអំពីគោលនយោបាយដោះស្រាយបញ្ហាជម្លោះដីធ្លីសមស្របក្ដី ប៉ុន្តែការអនុវត្តរបស់រដ្ឋាភិបាលមិនស្របទៅវិញ។
លោក កែម ឡី បានសង្កត់ធ្ងន់ទៀតថា បញ្ហាជម្លោះដីធ្លីនេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការដោះស្រាយ ប៉ុន្តែរដ្ឋាភិបាលមិនបានបង្កើតក្រុមសម្រាប់ពិភាក្សាទេ បញ្ហានេះហើយដែលជម្លោះដីធ្លីកើតមានមិនចេះចប់៖ «អ្នកដែលមានបញ្ហាសុទ្ធតែអ្នកនៅក្នុងប្រព័ន្ធនៅក្នុងការដោះស្រាយហ្នឹង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអ៊ីចឹងហើយទើបគ្មានដំណោះស្រាយ។ ខ្ញុំមានការព្រួយបារម្ភអ្នកនៅក្នុងប្រព័ន្ធទាំងនោះ ខ្លាចមានបញ្ហាជាមួយគ្នាគេទៅទៀត ប៉ះពាល់ផលប្រយោជន៍គ្នា ពួកគេសុទ្ធតែមានបក្សពួក»។
ម្យ៉ាងវិញទៀត ក្រុមមន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា កន្លងមកពួកគេកត់សម្គាល់ឃើញថា នៅជិតរដូវកាលបោះឆ្នោតមកដល់ម្ដងៗ រដ្ឋាភិបាលតែងតែបង្ហាញការយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ ប៉ុន្តែនៅក្នុងឆ្នាំ២០១២ នៅខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មកដល់នេះ រដ្ឋាភិបាលហាក់បីដូចជាមិនគិតគូរដល់ប្រជាពលរដ្ឋទៅវិញ ពីព្រោះថា រដ្ឋាភិបាលដឹងជាមុនថា គណបក្សរបស់ខ្លួននឹងឈ្នះឆ្នោតនៅពេលខាងមុខ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា ប្រសិនរដ្ឋាភិបាលមិនមានយន្តការដោះស្រាយបញ្ហាជម្លោះដីធ្លីឲ្យបានសមរម្យទេនោះ ការដឹកនាំប្រទេសរបស់រដ្ឋាភិបាលមិនឆ្លុះបញ្ចាំងអំពីនីតិរដ្ឋនោះទេ បញ្ហានិទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នឹងកើនឡើង។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សបានសរសេរថា គិតពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែឧសភា ឆ្នាំ២០១២ អំពើហិង្សាដោយការផ្ទុះអាវុធមាន ៦ករណី និងធ្វើឲ្យមនុស្សស្លាប់ចំនួន ៣នាក់ ព្រមទាំងមនុស្សចំនួន ៣១នាក់ត្រូវបានចាប់ខ្លួន និងមួយចំនួនទៀតកំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនរបស់តុលាការនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
