សហជីព​កម្មករ៖ ៦​ខែ​ដើម​ឆ្នាំ​២០១២​សមត្ថកិច្ច​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ

មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​វាយ​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​ទៅ​លើ​​ក្រុម​កម្មករ-​កម្មការិនី នៅ ៦​ខែ​ដើម​ឆ្នាំ​២០១២ មាន​រូបភាព​ធ្ងន់ធ្ងរ និង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​​ការ​បញ្ជា​ទិញ​វិស័យ​កាត់ដេរ​កម្ពុជា។

0:00 / 0:00

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា បាន​ចោទ​សមត្ថកិច្ច​រដ្ឋាភិបាល​ថា បាន​ប្រើ​អំណាច​របស់​ខ្លួន​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​ដែល​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​សិទ្ធិ​ការងារ​​ស្រប​ច្បាប់។ លោក​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​​​ហិង្សា​​មក​លើ​កម្មករ និង​សកម្មជន​សហជីព​របស់​សមត្ថកិច្ច ដោយសារ​ពួក​គេ​តវ៉ា​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​នោះ។

លោក អាត់ ធន់ អះអាង​ថា ៦​ខែ​ដើម​ឆ្នាំ​២០១២ ​សមត្ថកិច្ច​បាន​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​មក​លើ​ក្រុម​កម្មករ ​កើត​មាន​​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ហើយ​ថា ទង្វើ​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា ទៅ​ក្រៅ​ប្រទេស​នា​ថ្ងៃ​អនាគត។ លោក​ថា បើ​​អាជ្ញាធរ​បន្ត​ប្រើ​ហិង្សា​​​បង្ក្រាប​​ការ​ប្រមូល​ផ្ដុំ​របស់​ក្រុម​កម្មករ និង​មិន​បាន​ជួយ​រក​យុត្តិធម៌​ជូន​កម្មករ​ដើម្បី​ទាមទារ​សិទ្ធិ​ស្រប​ច្បាប់​ទេ សហជីព​លោក​នឹង​ត្រៀម​ផ្ញើ​ជូន​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​បញ្ជា​ទិញ​​សម្លៀក​បំពាក់​ពី​កម្ពុជា ឲ្យ​បាន​ជ្រាប​ព័ត៌មាន​នេះ។

លោក អាត់ ធន់ ឲ្យ​ដឹង​ដូច្នេះ៖ «ជា​សកម្មភាព​មួយ​ដែល​យើង​មើល​ឃើញ​មិន​ល្អ គឺ​ក្រោយ​ពេល​មាន​រឿង​ហើយ​វា​គួរ​តែ​អាជ្ញាធរ​ជួយ​សម្របសម្រួល​ដោះស្រាយ មិន​គួរ​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​ទៅ​ជួយ​ការពារ​ក្រុមហ៊ុន​ច្រើន​ជាង​ទេ ហើយ​ដោយសារ​តែ​អំណាច​របស់​ខ្លួន កម្មករ​ត្រូវ​បាន​បង្ក្រាប​ទៀត វា​បង្ហាញ បញ្ជាក់​ឲ្យ​ឃើញ​ថា អាជ្ញាធរ​ជួយ​ខាង​ក្រុមហ៊ុន។ អ៊ីចឹង​អាច​មាន​ពាក់ព័ន្ធ​ផល​ប្រយោជន៍​ស្អី​បាន​ជា​មិន​ជួយ​ដល់​កម្មករ។ ប្រហែល​ជា​ឥទ្ធិពល​ទឹក​ប្រាក់ ឬ​មួយ​យ៉ាង​ម៉េច​បាន​ជា​សមត្ថកិច្ច​ធ្វើ​ទង្វើ​ដូច្នេះ។ ការ​ធ្វើ​បែប​ហ្នឹង​គឺ​បញ្ជាក់​ឲ្យ​ឃើញ​ថា នៅ​ក្នុង​ចលនា​ការងារ ការ​អនុវត្ត គឺ​មិន​បាន​ស្នើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ទេ»

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១២ របស់​សហជីព​ស៊ីខាវឌូ បាន​បង្ហាញ​ថា រយៈ​ពេល ៣​សប្ដាហ៍ ដើម​ខែ​កក្កដា ឆ្នាំ​២០១២ មាន​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ៤​ករណី មក​លើ​​​កម្មករ និង​សកម្មជន​សហជីព ស៊ីខាវឌូ​ បណ្ដាល​ឲ្យ​របួស​ធ្ងន់។

លោក​ថា រូបភាព​ប្រើ​អំពើ​ហិង្សា​មាន​​ដូចជា មាន​ក្រុម​ជើង​កាង និង​សន្តិសុខ​ក្រុមហ៊ុន​វាយ​មក​លើ​កម្មករ សកម្មជន​សហជីព ដែល​​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ ឬ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាដើម ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ជួយ​​រក​យុត្តិធម៌​ទេ។

មិន​ខុស​គ្នា​ទេ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា សកម្មភាព​វាយ​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​កម្មករ ៦​ខែ​ដើម​​​ឆ្នាំ​​២០១២ មាន​រូបភាព​ធ្ងន់ធ្ងរ។

លោក​បន្ត​ថា សកម្មភាព​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​កម្ពុជា លើ​ឆាក​អន្តរជាតិ ទៅ​ថ្ងៃ​ខាង​មុខ បើ​អាជ្ញាធរ​បន្ត​ប្រើ​កម្លាំង​វាយ​បង្ក្រាប​កម្មករ​ក្នុង​ការ​ប្រមូល​ផ្តុំ​ទាមទារ​លក្ខខណ្ឌ​ការងារ​ស្រប​ច្បាប់​ទៀត​នោះ។

លោក រ៉ុង ឈុន បន្ថែម៖ «ជុំវិញ​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ខេត្ត ក្រុង ប្រើ​កម្លាំង​មក​បង្ក្រាប​យ៉ាង​កំរោល​មក​លើ​ក្រុម​កម្មករ​មាន​សន្ទុះ​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​សាហាវ​ឃោរឃៅ​ថែម​ទៀត​ផង។ មិន​មែន​គ្រាន់​តែ​យក​ខែល​មក​ច្រាន​នោះ​ទេ គឺ​ថែម​ទាំង​ប្រើ​អំពើ​ហិង្សា​បាញ់​ប្រហារ​ទៅ​លើ​កម្មករ វាយ​តំណាង​សហជីព​ឲ្យ​រង​របួស​ធ្ងន់​យក​ទៅ​ឃុំ​ខ្លួន។ នេះ​ជា​សញ្ញា​អាក្រក់​របស់​កម្ពុជា កាន់​តែ​អាក្រក់​ទៅៗ»

លោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​ប្រើ​ហិង្សា​តាម​គ្រប់​រូបភាព​មក​លើ​កម្មករ និង​មន្ត្រី​សហជីព ហើយ​ត្រូវ​ងាក​មក​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​ពន្លឿន​ដោះ​ស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ ជា​ជាង​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ និង​សកម្មជន​សហជីព។

ទាក់ទង​បញ្ហា​នេះ លោ ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បង្ក្រាប ឬ​ទប់​ស្កា​​ចំពោះ​ការ​ជួប​ជុំ ឬ​ក្បួន​ដង្ហែ​ណា​មួយ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​​មិន​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដូច​ការ​ចោទ​របស់​មន្ត្រី​សហជីព​កម្មករ​នោះ​ទេ។

យ៉ាង​នេះ​ក្តី មេដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ នៅ​តែ​អះអាង​ថា អាជ្ញាធរ​ជា​និច្ចកាល​ហាក់​មាន​សកម្មភាព​គាំទ្រ​និយោជក ឬ​ថៅកែ​ក្រុមហ៊ុន ហើយ​បាន​ប្រើ​អំណាច​វាយ​បង្ក្រាប​​កម្មករ​ដែល​ទាម​ទារ​សិទ្ធិ ឬ​លក្ខខណ្ឌ​ការងារ​ស្រប​ច្បាប់​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។