មន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ដែលទទួលបន្ទុកចេញទិដ្ឋាការ ឬហៅថា Visa បានថ្លែងថា រហូតមកទល់ពេលនេះ នៅមានក្រុមហ៊ុនឯកជន ឬភ្នាក់ងាររកស៊ីមួយចំនួនបានប្រកាសអំពីកម្មវិធីសិក្សា និងឪកាសទៅធ្វើការងារនៅសហរដ្ឋអាមេរិក ហើយពួកគេថែមទាំងបានសន្យាផ្តល់ទិដ្ឋាការដល់អតិថិជនរបស់ខ្លួន ដើម្បីអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកថែមទៀតផង។
សេចក្តីប្រកាសពីស្ថានទូតសហរដ្ឋអាមេរិក ក៏បានឲ្យដឹងបន្ថែមទៀតថា រហូតមកទល់ពេលនេះ ក៏មានក្រុមហ៊ុន ឬទីភ្នាក់ងារទុច្ចរិតនៅភ្នំពេញបានបើកសេវាកម្មជួយពលរដ្ឋកម្ពុជា ក្នុងការដាក់ពាក្យលេងឆ្នោតផ្សងសំណាងទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះផងដែរ។ សេចក្តីប្រកាសដដែលសរសេរបន្តថា ក្រុមហ៊ុនទុច្ចរិតទាំងនោះ ថែមទាំងបានទារថ្លៃសេវា ឬគាបយកប្រាក់ពីអ្នកឈ្នះយ៉ាងច្រើនសម្បើម។
ឆ្លើយតបនឹងព័ត៌មានស្តីពីការបោកប្រាស់ពលរដ្ឋកម្ពុជា ចំពោះការស្នើសុំទិដ្ឋាការឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក ទៅធ្វើកម្មសិក្សារៀនសូត្រ ឬទៅធ្វើការងារនៅឯសហរដ្ឋអាមេរិកនោះ ប្រធានកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា គឺលោក Brian Leike មានប្រសាសន៍ថា ពលរដ្ឋខ្មែរទាំងឡាយដែលមានបំណងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សុំឲ្យប្រយ័ត្នកុំឲ្យជឿភ្នាក់ងារទុច្ចរិតទាំងនោះ។ ក្នុងករណីណាក៏ដោយ គេមិនត្រូវបង់ប្រាក់ឲ្យឈ្មួញកណ្តាល ដើម្បីបានទិដ្ឋាការនោះឡើយ។
លោក Brian Leike មានប្រសាសន៍បន្ថែមថា ចំណុចសំខាន់ដែលស្ថានទូតចេញទិដ្ឋាការឲ្យពលរដ្ឋណាម្នាក់នោះ គឺអាស្រ័យលើចំណងរវាងពលរដ្ឋនោះទៅនឹងមាតុភូមិរបស់ខ្លួន ការធានារាប់រងច្បាស់លាស់អំពីការស្នាក់នៅ ឬការអះអាងវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួន និងភាពស្មោះត្រង់របស់បេក្ខជន។
លោក Brian Leike មានប្រសាសន៍ដូច្នេះ ៖ «ការណែនាំល្អបំផុតសម្រាប់បេក្ខជនមកសុំវីសា កុំភ័យ កុំព្រួយបារម្ភ ទាល់តែនិយាយការពិត និយាយស្មោះត្រង់។ មន្រ្តីកុងស៊ុលនៅស្ថានទូត អត់ដែលបានសន្យាថាបេក្ខជននឹងទទួលវីសាបាន។ មានន័យថា បើសិនជាអ្នកខាងក្រៅសន្យាថានឹងបានវីសា គាត់ភូតកុហក»។
យោងតាមឯកសារពីក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងបន្ថែមថា ចាប់តាំងពីឆ្នាំ ២០០១ សហរដ្ឋអាមេរិកបានសម្រេចថា ពលរដ្ឋកម្ពុជាដែលសុំទិដ្ឋាការអន្តោប្រវេសន៍ គឺត្រូវទៅសុំនៅឯទីក្រុងបាងកក នៃប្រទេសថៃ។ បន្ទាប់មកចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០០៧ បែបបទនៃការសុំទិដ្ឋាការអន្តោប្រវេសន៍ ត្រូវបានប្តូរមកធ្វើនៅឯស្ថានទូតសហរដ្ឋអាមេរិកក្នុងក្រុងភ្នំពេញ នៃប្រទេសកម្ពុជាវិញ។ នៅគ្រានោះ គឺមានពលរដ្ឋខ្មែរយ៉ាងហោច ៦,០០០នាក់ ដែលបានដាក់ពាក្យសុំទិដ្ឋាការដើម្បីបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក។
ចាប់តាំងពីពេលនោះដែរ ពលរដ្ឋខ្មែរដែលទទួលបានទិដ្ឋាការអន្តោប្រវេសន៍ដំបូងគេបំផុត គឺលោកស្រី ស៊ុន ដាលីស ហើយកាលណោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Joseph Mussomeli គឺជាអ្នកផ្ដល់ទិដ្ឋាការដោយផ្ទាល់ដល់លោកស្រី ស៊ុន ដាលីស នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៧ នោះ។
នៅករណីសុំទិដ្ឋាការនោះដែរ បំរាមពីកុងស៊ុលដែលជាភ្នាក់ងារចេញទិដ្ឋាការបានសរសេរថា អ្នកដាក់ពាក្យសុំ គឺមិនត្រូវរៀបការក្លែងក្លាយ ឬប្រើឯកសារក្លែងក្លាយ ដើម្បីស្នើសុំទិដ្ឋាការនោះឡើយ។ អ្នកដាក់ពាក្យសុំទាំងឡាយ ដែលរកឃើញករណីបន្លំឯកសារ នោះអាចប្រឈមការស៊ើបអង្កេត និងផ្តន្ទាទោស ហើយគេនឹងមិនអាចទទួលបានទិដ្ឋាការចូលសហរដ្ឋអាមេរិកជារៀងរហូត។
ទាក់ទិនការក្លែងបន្លំឯកសារដើម្បីបានទិដ្ឋាការនេះ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងឲ្យមន្ត្រីកុងស៊ុលនៃស្ថានទូតបន្តត្រួតពិនិត្យដោយយកចិត្តទុកដាក់បន្តទៀត។ ហើយថា នៅកម្ពុជាការក្លែងបន្លំឯកសារនៅកើតមាននៅឡើយ ដោយសារតែប្រព័ន្ធច្បាប់របស់កម្ពុជានៅខ្សោយ។
របាយការណ៍ឆ្នាំ២០០២ របស់អង្គការសិទ្ធិមនុស្សលីកាដូ ស្តីពីការរំលោភបំពាន ទាក់ទិនការសុំកូនចិញ្ចឹមពីកម្ពុជា បានសរសេរថា នាអំឡុងឆ្នាំនោះ ការសុំកុមារកម្ពុជា ដើម្បីយកទៅសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង គឺរហូតដល់១.២០០នាក់ក្នុងមួយឆ្នាំៗ។ ចំណែកឯថ្លៃសេវាជួយរត់ការសម្រាប់កុមារម្នាក់ៗ គឺក្រុមអ្នករកស៊ីទុច្ចរិតបានទារចាប់ពី៥.០០០ដុល្លារ រហូតដល់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីកុងស៊ុលថ្លែងថា បច្ចុប្បន្នស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ មិនចេញទិដ្ឋាការចំពោះករណីសុំកូនចិញ្ចឹមនោះឡើយ ដោយសារតែរដ្ឋការអាមេរិកបានដាក់បំរាមចំពោះករណីនេះ។
ជាមួយគ្នានេះ មន្ត្រីកុងស៊ុល ថ្លែងគូសបញ្ជាក់ទៀតថា ដើម្បីបញ្ចៀសការក្លែងបន្លំ និងការបោកប្រាស់ រាល់ការស្នើសុំទិដ្ឋាការនោះ អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងឡាយ គឺត្រូវពិនិត្យអាសយដ្ឋានផ្លូវការរបស់ស្ថានទូត និងត្រូវទំនាក់ទំនងជាមួយមន្ត្រីកុងស៊ុលនៃស្ថានទូត ក្បែរវត្តភ្នំនៃទីក្រុងភ្នំពេញ ជារៀងរាល់ពេលម៉ោងធ្វើការ៕