ទស្សនកិច្ច​មេ​បញ្ជាការ​នៃ​កង​នាវា​ទី​៧ របស់​ស.រ.អា មក​កម្ពុជា

កងទ័ព​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​លំហាត់​យោធា​ពហុ​សាសន៍​រួម​គ្នា ចំនួន ២ លើក​រួច​មក​ហើយ នៅ​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១១ ដើម្បី​រឹត​ចំណង​ទាក់ទង​លើ​វិស័យ​យោធា រវាង​ប្រទេស​ទាំង​ពីរ។ ឥឡូវ​នេះ​ទៀត មេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក មក​ទស្សនកិច្ច​នៅ​កម្ពុជា​ទៀត។

មេ​បញ្ជាការ​នៃ​កង​នាវា​ទី​៧ របស់​សហរដ្ឋ​អាមេរិក គឺ​លោក​ឧត្ដមនាវីឯក ស្កុត វ៉ាន់ ប៊ូសស្គើក (Scott Van Buskirk) បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែ​សីហា ឆ្នាំ ២០១១ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈ​ពេល ២ ថ្ងៃ ដើម្បី​រឹត​ចំណង​ទាក់ទង​ក្នុង​វិស័យ​យោធា​រវាង​កម្ពុជា ជាមួយ​និង​សហរដ្ឋ​អាមេរិក។

មាន​មន្ត្រី​យោធា​កង​ទ័ព​ជើង​ទឹក​អាមេរិក​ចំនួន ៧ រូប បាន​អម​ដំណើរ​លោក​ឧត្ដមនាវីឯក លោក ស្កុត វ៉ាន់ ប៊ូសស្គើក មក​កាន់​ទីក្រុង​ភ្នំពេញ តាម​ជើង​យន្តហោះ​ពិសេស។

លោក​ឧត្ដមនាវីឯក ស្កុត វ៉ាន់ ប៊ូសស្គើក មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី ៣ ខែ​សីហា​ថា នេះ​ជា​ឱកាស​លើក​ទី​១ របស់​លោក​មក​បំពេញ​ទស្សនៈ​នៅ​កម្ពុជា។

លោក​បន្ត​ថា ៖ «យើង​បាន​ធ្វើ​ការ​ហ្វឹកហាត់​រួម​គ្នា​ជា​ច្រើន​កន្លង​មក។ យើង​មាន​ឱកាស​ល្អ​មក​ទី​នេះ ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​យើង​នឹង​បន្ត​ធ្វើ​រួម​គ្នា​នៅ​ថ្ងៃ​អនាគត។ យើង​នឹង​បន្ត​ពង្រឹង​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា លើ​វិស័យ​កងទ័ព​ជើង​ទឹក​បន្ត​ទៀត»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍ឯក ឈុំ សុជាតិ មាន​ប្រសាសន៍​ថា ចំណង​ទាក់ទង​វិស័យ​យោធា​កម្ពុជា ជាមួយ​និង​សហរដ្ឋ​អាមេរិក កាន់​តែ​រីក​ចំរើន និង​រឹងមាំ
នៅ​ពេល​នេះ។

លោក ឈុំ សុជាតិ ៖ «កងទ័ព​អាមេរិក​កន្លង​មក​នេះ បាន​បញ្ជូន​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ជា​ច្រើន មក​ទស្សនកិច្ច​នៅ​កម្ពុជា បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា និង​សហរដ្ឋ​អាមេរិក​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត​បាទ»។

អ្នក​វិភាគ​ឯករាជ្យ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កម្ពុជា​គប្បី​បញ្ជូន​មន្ត្រី​កងទ័ព​ជើង​ទឹក​ទៅ​រៀន​សូត្រ​ឲ្យ​បាន​ច្រើន នៅ​សហរដ្ឋ​អាមេរិក ៖ «ដូចជា​ប្រទេស​ចិន និង​អាមេរិក​មិន​ជា​ល្អូកល្អិន​ជាមួយ​គ្នា​ដែរ​ទេ​បាទ។ ម្ល៉ោះ​ហើយ​យើង​ត្រូវ​តែ​ថ្លឹងថ្លែង គឺ​ប្រកាន់​ខ្ជាប់​នូវ​ជំហរ​អព្យាក្រឹត្យ​របស់​យើង»។

តាម​ប្រភព​ពី​លោក​ឧត្ដមសេនីយ៍ឯក ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​រយៈ​ពេល ២ ថ្ងៃ​នេះ លោក ស្កុត វ៉ាន់ ប៊ូសស្គើក នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក​ឧត្ដមសេនីយ៍ឯក ទៀ វិញ ជា​មេ​បញ្ជាការ​យោធា​ជើង​ទឹក​កម្ពុជា នៅ​មូលដ្ឋាន​យោធា​ជើង​ទឹក​កម្ពុជា នៅ​តំបន់​រាម ខេត្ត​ព្រះ​សីហនុ និង​ទស្សនា​ការ​ហ្វឹកហាត់​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា នៅ​តំបន់​រាម នៅ​ថ្ងៃ​ទី ៤ ខែ​សីហា ឆ្នាំ ២០១១ អំពី​សកម្មភាព និង​យុទ្ធសាស្ត្រ​ការពារ​ដែន​សមុទ្រ​កម្ពុជា។

នៅ​មុន​ការ​ជួប​ចរចា​នោះ លោក ស្កុត វ៉ាន់ ប៊ូសស្គើក មាន​ផែនការ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា​ជើង​ទឹក​កម្ពុជា នៅ​តំបន់​ជ្រោយ​ចង្វា​ជាយ​ក្រុង​ភ្នំពេញ និង​ជួប​ជាមួយ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ និង​ទំនាក់ទំនង​ការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា គឺ​លោក​ឧត្ដមសេនីយ៍ឯក នឹម សុវត្ថិ នៅ​ថ្ងៃ​ទី ៣ ខែ​សីហា ឆ្នាំ ២០១១។

ការ​មក​ដល់​របស់​ឧត្ដមនាវីឯក ស្កុត វ៉ាន់ ប៊ូសស្គើក នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០១១ គឺ​នៅ​ក្នុង​រយៈ​ពេល​ប្រមាណ ៣ ម៉ោង ក្រោយ​ពី​ការ​យាង​ចាកចេញ​របស់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ
នរោត្តម សីហនុ និង​ព្រះ​រាជ​អគ្គមហេសី នរោត្តម មុនី​នាថ សីហនុ ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ដើម្បី​ព្យាបាល​ព្រះ​កាយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក​ឧត្ដមនាវីឯក ស្កុត វ៉ាន់ ប៊ូសស្គើក (Scott Van Buskirk) មាន​គម្រោង​ជួប​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា និង​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ពិភាក្សា​បញ្ហា​ទ្វេ​ភាគី និង​បញ្ហា​តំបន់ ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នោះ​រួម​មាន ការ​ចូលរួម​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ហាត់​ហ្វឹកហ្វឺន និង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ប្រតិបត្តិការ​លើ​ផ្ទៃ​ទឹក​ក្នុង​ឆ្នាំ​នេះ។

ពង្រឹង​ចំណង​ទាក់ទង​លើ​ផ្នែក​សន្តិសុខ​សមុទ្រ ការ​រុក​រក និង​ជួយ​សង្គ្រោះ ការ​ផ្ដល់​ជំនួយ សង្គ្រោះ​បន្ទាន់ ដែល​កើត​មាន​ដោយ​គ្រោះ​ធម្មជាតិ និង​មនុស្សធម៌ ជំនាញ​ក្នុង​ការ​គ្រប់គ្រង​នាវា និង​ការ​ធ្វើ​ដំណើរ​លើ​ផ្ទៃ​សមុទ្រ​ជា​ដើម។

គេ​បាន​កត់​សំគាល់​ថា ការ​រឹត​ចំណង​ទាក់ទង​រវាង​វិស័យ​យោធា​ជើង​ទឹក​កម្ពុជា ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ពេល​នេះ នៅ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដ៏​ធំ​មួយ​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ សឺវរ៉ុន ( Chevron ) មាន​ផែន​ការ​បូម​យក​ប្រេង​នៅ​បាត​សមុទ្រ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី ១២ ខែ​១២ ឆ្នាំ ២០១២ នៅ​វេលា​ម៉ោង ១២ យប់៕