វត្តមានរបស់កញ្ញា សួន ភក្តី ហៅ អាណូ តាមទូរទស្សន៍បានញ៉ាំងឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីស្រទាប់មនុស្សជាច្រើន ដែលកំពុងតាមដានដោយសារមុននេះ នាង VJ អាណូ ត្រូវគេរាយការណ៍ថា បានរងនឹងការឆូតផ្លែឡាមពីអំពើសងសឹកនឹងរឿងប្រចណ្ឌមួយរបស់ស្ត្រីម្នាក់ដែលជាភរិយារបស់អ្នកមានអំណាចម្នាក់។
កញ្ញា សួន ភក្ដី ហៅ អាណូ ក្នុងឱកាសបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ នាថ្ងៃទី១៩ វិច្ឆិកា ២០០៨។
សេចក្តីរាយការណ៍ពេលនោះ បាននិយាយថា នាងVJ អាណូ ត្រូវជនមិនស្គាល់មុខឆូតនឹងផ្លែឡាមចំនួនដល់ទៅ ៨៣កន្លែង ហើយក្រោយមកមានក្តីបារម្ភថា នាងនឹងអាចបាត់បង់ជីវិតទៅទៀត។
ប្រភពពីប្រធានសមាគមក្រុមអ្នកសិល្បៈ លោក អៀង ស៊ីធុល បានប្រាប់អ្នកកាសែតថា គាត់បានទទួលដំណឹងពីអ្នកសិល្បករដូចគ្នាថា នាង អាណូ បានរងការឆូតឡាមហើយ បានចេញទៅក្រៅប្រទេសដើម្បីព្យាបាល។
រីឯសាច់ញាតិនិងអ្នកជិតស្និទ្ធរបស់នាង អាណូ ក៏មិនហ៊ានបង្ហើបនឹងរឿងការបាត់ខ្លួននាង អាណូ នោះទៀតដែលធ្វើឲ្យការសង្ស័យកាន់តែកើនទ្វេឡើង។
ពីប្រទេសវៀតណាមនោះវិញ កាសែតក្នុងស្រុកឈ្មោះ VietnamNet Bridge បានបញ្ជាក់កាលពីថ្ងៃពុធសប្តាហ៍មុនថា សិល្បការិនីទូរទស្សន៍លេខ៣ កញ្ញា សួន ភក្តី ហៅ អាណូ ត្រូវមន្ទីរពេទ្យបារាំងវៀតណាម បានជួយសង្គ្រោះជីវិត ហើយក៏បានចាកចេញពីមន្ទីរពេទ្យនោះទៅហើយ។ មិនមានការបញ្ជាក់ថា តើមូលហេតុអ្វីបានជានាង អាណូ បានចូលពេទ្យនោះទេ។
នៅក្នុងការបង្ហាញខ្លួនជាសារធារណៈ កាលពីម្សិលមិញ កញ្ញា អាណូ បានសម្តែងភាពមិនសប្បាយចិត្តចំពោះការនិយាយនានាដែលទាក់ទងនឹងរឿងរបស់នាង និងបានបដិសេធរឿងរ៉ាវនានារួមទាំងការធ្វើដំណើរទៅប្រទេសវៀតណាមនោះជាដើម។
កញ្ញា អាណូ បានថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៣ យ៉ាងដូច្នេះថា ៖ «នាងខ្ញុំសូមសំណូមពរដល់ក្រសួងសមត្ថកិច្ច សង្ឃឹមថា នឹងស្រាវជ្រាវរកអ្នកដែលបំផុសបំផុលព័ត៌មាននេះឡើង។ លើកនេះប៉ះលើនាងខ្ញុំ ថ្ងៃក្រោយ មិនដឹងថាប៉ះទៅលើតារារូបណាទៀត។ អ៊ីចឹង សូមមេត្តាជួយរកមុខ»។
តារាកំប្លែងដ៏ល្បីម្នាក់លោក អ៊ូ ប៊ុណ្ណារ៉ាត ហៅ ក្រឹម បានថ្លែងថា វាជាកំហុសរបស់អ្នកសារព័ត៌មានដែលមិនបានតាមដានរឿងឲ្យបានច្បាស់ ៖ «ការសរសេរកាសែតអីហ្នឹង វាច្រើនតែអ្នកកាសែតមួយចំនួនច្រើនតែសរសេរមិនពិត មិនចាំឲ្យច្បាស់សិន សឹមចុះ[ផ្សាយ]ទៅ ដើម្បីឲ្យសិល្បករ សិល្បការិនីក្រោយៗទៀតទុកចិត្ត ពីព្រោះគ្នាល្បីដោយសារអ្នកកាសែត អាប់កិត្តិយសក៏ដោយសារអ្នកកាសែតដែរ។ អ៊ីចឹង សូមមេត្តាអ្នកកាសែតទាំងអស់ជួយសម្រួលនិងសរសេរអត្ថបទយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋយល់ច្បាស់កុំឲ្យមានការភាន់ច្រលំ...»។
កញ្ញា អាណូ ដែលបានវិលមកប្រទេសវិញកាលពីសប្តាហ៍មុនបានថ្លែងថា នាងនឹងប្តឹងចំពោះជនណាដែលបាននិយាយថា អ្នកបានរងគ្រោះដោយសាររឿងប្រចណ្ឌស្នេហានោះ៕
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.