ព័ត៌មាន​ជុំវិញ​ករណី វីជេ អាណូ នៅ​តែ​មិន​មាន​ភាព​ច្បាស់លាស់

បន្ទាប់​ពី​មាន​លេច​ឮ​ពាក្យ​ចចាម​អារ៉ាម​ពី​ស្រទាប់​មហាជន​ទូទៅ​ដែល​តាម​ដាន​វិស័យ​សិល្បៈ​ថា ពិធី​ការិនី​ទូរទស្សន៍​ម្នាក់ ឈ្មោះ សួន ភក្តី ហៅ អាណូ ត្រូវ​គេ​ធ្វើ​ទារុណកម្ម​យក​ផ្លែ​ឡាម​ឆូត​មុខ​មាត់​និង​រាង​កាយ​អស់​មួយ​រយៈ​មក ថ្មីៗ​នេះ​ទស្សនាវដ្តី​ក្នុង​ស្រុក​មួយ ឈ្មោះ «អង្គរ​ធំ» បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា នាង​មិន​បាន​រង​គ្រោះ​ដូច​ពាក្យ​ចចាម​អារ៉ាម​នោះ​ឡើយ។

0:00 / 0:00

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​ពិធី​ការិនី​រូប​នោះ ក៏​ប៉ុន្តែ​មិន​អាច​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​ដំណើរ​ដើម​ទង​ដែល​បណ្តាល​ឲ្យ​កើត​មាន​ពាក្យ​ចចាម​អារ៉ាម​នោះ​ឡើយ។

ប៉ុន្តែ​អ្នក​សរសេរ​ព័ត៌មាន​របស់​ទស្សនាវដ្តី​អង្គរធំ ឈ្មោះ ហ៊ឹម វិចិត្រ ដែល​អះអាង​ថា លោក​បាន​ជួប​សម្ភាសន៍​ជាមួយ​ពិធី​ការិនី​ទូរទស្សន៍​រូប​នោះ បាន​និយាយ​ឲ្យ​ដឹង​ថា នាង​មាន​សុខភាព​ល្អ​និង​រូប​សម្រស់​នៅ​ស្រស់​ស្រាយ​ដូច​ធម្មតា។

លោក ហ៊ឹម វិចិត្រ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គាត់​[កញ្ញា អាណូ]​ធម្មតា​ដូច​តែ​ពី​មុន សុខភាព​គេ​នៅ​ល្អ​ធម្មតា អត់​មាន​អី​សោះ នៅ​ល្អ​ទាំង​អស់។ សុខភាព​ដូច​តែ​ពី​មុន អត់​មាន​អី​ផង»

កាល​ពី​ចុង​ខែ​តុលា​កន្លង​មក​នេះ មាន​ពាក្យ​ចចាម​អារ៉ាម​គួរ​ឲ្យ​ភា្ញក់​ផ្អើល​លេច​ឮ​ថា ពិធី​ការិនី សួន ភក្តី ហៅ វីជេ អាណូ បាន​ទទួល​រង​ការ​វាយ​ធ្វើ​បាប​និង​ទារុណកម្ម​ដោយ​ឆូត​ផ្លែ​ឡាម​នៅ​លើ​ផ្ទៃ​មុខ​និង​ដង​ខ្លួន​ជា​ច្រើន​កន្លែង ហើយ​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​តាម​ដាន​ពី​ព័ត៌មាន​នោះ​គឺ​លោក សុភា បាន​និយាយ​ថា ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់​ដែល​ឮ​ដំណឹង​ថា វីជេ អាណូ មាន​គេ​លួច​ចាប់​យក​ទៅ​ធ្វើ​បាប ដូច​ជា​ការ​វះ​ឡាម​អី​អ៊ីចឹង ឮ​ពាក្យ​ចចាម​អារ៉ាម​ថា វះឡាម​អ៊ីចឹងៗ។ ឥឡូវ​ទស្សនាវដ្ដី​អង្គរធំ គេ​ថា ការ​វះ​ឡាម​វះ​អី​ហ្នឹង​អត់​មាន​ទេ ខ្ញុំ​ក៏​ជួយ​ត្រេកអរ​ដែរ បើ​សិន​ជា​អត់​មាន​មែន​វា​ល្អ​ហើយ»

រីឯ​មន្ត្រី​សមាគម​មិត្ត​សិល្បករ លោក អៀង ស៊ីធុល ធ្លាប់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ដើម​ខែ​វិច្ឆិកា​ថា លោក​បាន​ទទួល​ព័ត៌មាន​នោះ​ពី​មិត្ត​ភក្ដិ​ជា​សិល្បករ​ដូច​គ្នា​ថា ពិធីការិនី អាណូ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស។

ចំណែក​ឯ​មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សូវ៉េត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​ធ្លាប់​បាន​ស៊ើប​អង្កេត​ចំពោះ​ករណី​នោះ​ដែរ ៖ «យើង​ព្យាយាម​ទាក់ទង​សព្វ​បែប​យ៉ាង​ជាមួយ​នឹង​ខាង​ក្រុម​គ្រួសារ ក៏​ដូចជា​សាច់​ញាតិ កន្លែង​ធ្វើការ​អី​ជា​ដើម ប៉ុន្តែ​ជា​លទ្ធផល​វា​អត់​បាន​អី​ជា​ច្បាស់​ការណ៍។ ឧទាហរណ៍​ថា យើង​ព្យាយាម​ទាក់ទង​កន្លែង​ការងារ​របស់​នាង ដែល​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ហ្នឹង មិត្ត​ភក្ដិ​រួម​ការងារ​គ្នា​ជាមួយ និង​មេ​គេ​ចាត់​ការ​អី​ហ្នឹង គេ​ថា អាណូ​ហ្នឹង​មិន​មែន​ជា​បុគ្គលិក​ទេ គ្រាន់​តែ​ជា​អ្នក​ទិញ​កម្មវិធី ហើយ​គេ​អត់​ដឹង​ថា​ទៅ​ណា​ទេ គេ​អត់​ថា​យ៉ាង​ម៉េច។ ហើយ​មួយ​ទៀត​ថា កញ្ញា អាណូ​ហ្នឹង​លាក់​ទីតាំង​លាក់​កន្លែង ផ្ទះ​អី​អ៊ីចឹង មិន​ដែល​បាន​ដឹង​អ្នក​ណា​ស្គាល់ ម្ដង​ថា នៅ​នេះ ម្ដង​ថា នៅ​នោះ​អ៊ីចឹង អ៊ីចឹង​យើង​អត់​បាន​ទទួល​ព័ត៌មាន។ រីឯ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​គេ​អត់​ហ៊ាន​និយាយ​ទៀត ជា​ហេតុផល​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​សូម្បី​តែ​សាច់​ញាតិ​ដែល​យើង​រក​ឃើញ​មួយ​ចំនួន​ដែរ​ហ្នឹង ក៏​មិន​ហ៊ាន​និយាយ​មិន​ច្បាស់​ទៀត។ គ្រាន់​តែ​ថា នៅ​រស់​អីៗ​អ៊ីចឹង»

តាម​ប្រភព​ព័ត៌មាន​មួយ​របស់​ប្រទេស​វៀតណាម ឈ្មោះ Vietnamnet Bridge បាន​បញ្ជាក់​ថា សិល្បការិនី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ កញ្ញា សួន ភក្តី អាយុ​២៧​ឆ្នាំ ត្រូវ​មន្ទីរ​ពេទ្យ​បារាំង​វៀតណាម​បាន​ជួយ​សង្គ្រោះ​ជីវិត ហើយ​ក៏​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​នោះ។

សូម​រំឭក​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​តារា​សម្តែង តារា​ចម្រៀង​ត្រូវ​គេ​លួច​ធ្វើ​ឃាត​និង​ជះ​ទឹក​អាស៊ីត​ជា​បន្ត​បន្ទាប់ ដែល​មក​ដល់​ពេល​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ចាប់​ខ្លួន​ជន​ល្មើស​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

តារា​សម្តែង​និង​តារា​ចម្រៀង​ត្រូវ​គេ​វាយ​ប្រហារ​ទាំង​នោះ​រួម​មាន តារា​សម្តែង ពិសិដ្ឋ ពិលីកា តារា​សម្តែង តាត ម៉ារីណា តារា​ចម្រៀង ទូច ស៊ុននិច តារា​ចម្រៀង ពៅ បញ្ញាពេជ្រ ជា​ដើម។

ប្រជា​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ដោយ​សោកស្តាយ ប្រសិន​បើ​ករណី​ប្រើ​អំពើ​ហិង្សា​បាន​កើត​ឡើង​ចំពោះ​ពិធីការិនី​រូប​នោះ​មែន ៖ «ពាក់ព័ន្ធ​ដំណឹង​ថា វីជេ អាណូ ហ្នឹង មាន​គេ​ធ្វើ​បាប​ដោយសារ​ប្រចណ្ឌ​រឿង​ថា មាន​វះ​ឡាម​អី អាហ្នឹង​ជា​ការ​សោក​ស្ដាយ​ដែរ មិន​គួរ​មាន​គេ​ប្រព្រឹត្ត​ធ្វើ​អំពើ​ទៅ​លើ​នាង​អ៊ីចឹង គ្រាន់​តែ​ហៅ​មក​ព្រមាន​អី​បាន​ហើយ។ ដល់​ក្រោយ​មក​លេច​ឮ​ថា នាង​អត់​មាន​បញ្ហា​វិញ អាហ្នឹង​ល្អ​ម្យ៉ាង​ដែរ​សម្រាប់​នាង។ កន្លង​មក​យើង​សង្កេត​ឃើញ​ថា ពាក់ព័ន្ធ​រឿង​តារាៗ​ជា​ច្រើន មាន​ការ​ជះ​ទឹក​អាស៊ីដ និង​ធ្វើ​បាប​ហ្នឹង មាន​ច្រើន​ហើយ អ៊ីចឹង​ច្បាប់​គួរ​តែ​ថា ធ្វើ​យ៉ាង​ម៉េច​ចាត់​ចែង​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មិន​គួរ​ថា ធ្វើ​បាប​ដល់​តារា​ចម្រៀង ហើយ​ជា​ស្រ្តី​អ៊ីចឹង ធ្វើ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់។ ហើយ​កន្លង​មក ដូច​ជា​តារា​ចម្រៀង មាន​ការ​បាញ់​អី​ហ្នឹង អាហ្នឹង​សោក​ស្ដាយ​ដែរ ដូច​ថា កន្លង​មក អ្នក​ដែល​ប្រព្រឹត្ត​ធ្វើ​បាប​តារា​ចម្រៀង​អី​ហ្នឹង មិន​មាន​ការ​ចាប់​បាន​ហ្នឹង គួរ​ឲ្យ​សោកស្ដាយ​ដែរ​សម្រាប់​ស្រុក​ខ្មែរ​យើង»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ អ៊ុក ថា រស់​នៅ​ទីក្រុង​ភ្នំពេញ​ដែរ​នោះ បាន​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ថា វីជេ អាណូ ត្រូវ​បាន​ជន​ល្មើស ដែល​យើង​ពុំ​បាន​ដឹង ពុំ​បាន​ស្គាល់​ទេ ឮ​តែ​ពាក្យ​ចចាម​អារ៉ាម​និយាយ​តៗ​គ្នា ខ្ញុំ​ក៏​បាន​ឮ​ពាក្យ​នេះ​ដែរ។ ខ្ញុំ​សែន​សោក​ស្ដាយ​ដល់​សិល្បការិនី​របស់​យើង​ដែល​កំពុង​តែ​ល្បី កំពុង​តែ​មាន​ឈ្មោះ ដល់​ពេល​បាន​ឮ​ថា មាន​ជន​ល្មើស​មួយ​ក្រុម​បាន​ធ្វើ​បាប​នាង​អ៊ីចឹង​ខ្ញុំ​សែន​សោក​ស្ដាយ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​បាន​ឮ​ដំណឹង​ថា អាណូ ពុំ​បាន​ខូចខាត ឬ​ក៏​មាន​ការ​វះកាត់​ដូច​ពាក្យ​ចចាម​អារ៉ាម​ឮ​តៗ​គ្នា ខ្ញុំ​ក៏​ត្រេក​អរ​ជាមួយ​នឹង​នាង​ដែរ ដែល​នាង​ពុំ​ទទួល​រង​គ្រោះ​ដូច​ពាក្យ​ចចាម​អារ៉ាម​គេ​ថា»

បើ​ទោះ​ជា​យ៉ាង​ណា ព័ត៌មាន​ចចាម​អារ៉ាម​ដែល​និយាយ​អំពី​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពិធីការិនី​ឈ្មោះ សួន ភក្តី ហៅ អាណូ នោះ នៅ​តែ​មាន​អាថ៌​កំបាំង​នៅ​ឡើយ និង​មាន​ការ​ងឿង​ឆ្ងល់​ពី​ស្រទាប់​មហាជន​និង​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​សិល្បៈ ដោយ​ពួក​គេ​និយាយ​ថា ព័ត៌មាន​ទាំង​នោះ​សុទ្ធ​តែ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ឡើយ។

លោក ចាន់ សូវ៉េត មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តាម​ការ​ស៊ើប​អង្កេត​នោះ ព័ត៌មាន​ក្នុង​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ពិធីការិនី​នោះ ហាក់​នៅ​មាន​មន្ទិល​សង្ស័យ​នៅ​ឡើយ។

លោក ចាន់ សូវ៉េត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​គិត​ថា បើ​សិន​ជា​រឿង​ហ្នឹង​បាន​សេចក្ដីសុខ​អ៊ីចឹង​វា​ជា​រឿង​ប្រសើរ ប៉ុន្តែ​វា​ចម្លែក​ត្រង់​ថា គ្រួសារ​ក៏​មិន​ហ៊ាន​និយាយ អ្នក​ធ្វើការ​ក៏​មិន​ហ៊ាន​និយាយ សាច់​ញាតិ​ក៏​មិន​ហ៊ាន​និយាយ នេះ​ជា​ហេតុផល​មួយ​ដែល​គួរ​ឲ្យ​សង្ស័យ ដែល​យើង​ពិចារ​ណា។ ហើយ​មួយ​ទៀត បើ​សិន​ជា​ហេតុផល​ហ្នឹង​កើត​ឡើង​ពិត​ប្រាកដ វា​គួរ​តែ​ក្រុម​គ្រួសារ ឬ​ក៏​សាច់ញាតិ​អាច​មក​ទំនាក់​ទំនង​ប្ដឹង​ផ្ដល់​ជាមួយ​នឹង​សមត្ថកិច្ច​ប៉ូលិស ឬ​ក៏​មក​ប្ដឹង​ក្រុម​សិទ្ធិ​មនុស្ស​ដើម្បី​ឲ្យ​សិទ្ធិ​មនុស្ស​ជួយ​ធ្វើ​អន្តរាគមន៍​ផ្លូវ​ច្បាប់ ដូច​ជា​ការ​ដាក់​ពាក្យ​បណ្ដឹង​អី​អ៊ីចឹង​ទៅ ហ្នឹង​ប្រសិន​បើ​ជា​រឿង​ហេតុ​កើត​ឡើង ប៉ុន្តែ​ក្រុម​គ្រួសារ​ហាក់​ដូច​ជា​អត់​មាន​ទេ អ៊ីចឹង​បើ​សិន​ជា​ក្រុម​គ្រួសារ​អត់​មាន​អ៊ីចឹង មាន​ន័យ​ថា ក្រុម​គ្រួសារ​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​នរណា​ម្នាក់​ហើយ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សូវ៉េត បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រសិន​បើ​ករណី​នោះ​កើត​មាន​មែន ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​គួរ​តែ​មក​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ការពារ​ក្រុម​គ្រួសារ ជៀសវាង​មាន​ករណី​រំលោភ​បំពាន​ផ្សេងៗ​និង​ដើម្បី​ចូលរួម​បំបាត់​អំពើ​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង៕