សេចក្តីប្រកាសនេះបានធ្វើឡើងក្នុងការជួបជុំគ្នាមួយដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ នាទីក្រុងភ្នំពេញ។
នាយកសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ក្រៅពីការអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ការជួបជុំគ្នានេះគឺជាសារមួយប្រកាសប្រាប់ទៅសាធារណមតិជាតិនិងអន្តរជាតិឲ្យបានដឹងថា ប្រជាពលរដ្ឋខ្មែរក្រោមនៅតែរងការរំលោភសិទ្ធិមនុស្សពីសំណាក់អាជ្ញាធរវៀតណាម បើទោះបីជាបច្ចុប្បន្នប្រជាពលរដ្ឋនៃប្រទេសជាច្រើនលើសកលលោកបានទទួលសិទ្ធិសេរីភាពពេញលេញហើយក៏ដោយ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ដូច្នេះថា ៖ «ជាសារមួយជូនដល់សហគមន៍អន្តរជាតិនិងបណ្ដាប្រទេសនានាដែលគាំទ្រការពារសិទ្ធិមនុស្ស ឲ្យដឹងឮថា ទោះបីជា ៦០ឆ្នាំកន្លងមកនេះ ប្រទេសផ្សេងៗបានទទួលសេរីភាពហើយក៏ដោយ ក៏ប៉ុន្តែចំពោះខ្មែរក្រោមយើង មិនដែលបានទទួលសិទ្ធិសេរីភាពដូចជាមនុស្សជាតិគេឯទៀត»។
លោក យន្ត ថារូ នាយកមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម បានធ្វើការថ្កោលទោសចំពោះអាជ្ញាធរវៀតណាមដែលបានចាប់ព្រះសង្ឃកម្ពុជាក្រោមចំនួន៥អង្គដាក់ពន្ធនាគារកាលពីថ្ងៃ១០ ឧសភា កន្លងទៅ ព្រមទាំងអំពាវនាវអង្គការសិទ្ធិមនុស្សអន្តរជាតិនានា ជួយធ្វើការគាបសង្កត់អាជ្ញាធរវៀតណាមឲ្យផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោក យន្ត ថារូ មានប្រសាសន៍ដូច្នេះថា ៖ «សូមឲ្យធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលវៀតណាម ដែលកំពុងតែមានការគាបសង្កត់ដល់សិទ្ធិសេរីភាព មកដល់បងប្អូនខ្មែរកម្ពុជាក្រោមនេះ កំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ជាពិសេសព្រះសង្ឃដែលជាប់ពន្ធនាគារទាំង៥ព្រះអង្គ ហើយនិងព្រះតេជគុណ ទឹម សាខន ដែលបានរួចចេញពីពន្ធនាគារហើយ ក៏ប៉ុន្តែអត់មានសិទ្ធិសេរីភាពហ្នឹង សូមឲ្យពិភពលោកជួយជំរុញគាបសង្កត់រដ្ឋាភិបាលវៀតណាម ធ្វើយ៉ាងណាឲ្យគោរពសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ធ្វើយ៉ាងណាឲ្យខ្មែរកម្ពុជាក្រោម មានសិទ្ធិសេរីភាពដូចមនុស្សជាតិទាំងឡាយនៅលើពិភពលោកយើងនេះដែរ»។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក ទ្រិញ បាកឹម មានប្រសាសន៍ថា ពុំមានការរំលោភសិទ្ធិមនុស្សនៅទឹកដីកម្ពុជាក្រោមដូចការចោទប្រកាន់នោះទេ។
លោក ទ្រិញ បាកឹម មានប្រសាសន៍ដូច្នេះថា ៖ «ចំពោះបញ្ហាហ្នឹង គឺខ្ញុំបាននិយាយហើយថា រឿងគេថា រដ្ឋអំណាចវៀតណាមរំលោភសិទ្ធិមនុស្ស គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន»។
គួរបញ្ជាក់ដែរថា ជារឿយៗប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមតែងចោទប្រកាន់អាជ្ញាធរវៀតណាមថា បានធ្វើការគាបសង្កត់និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ដូចករណីការរំលោភយកដីធ្លីនិងការបំបិទសិទ្ធិសេរីភាពផ្នែកជំនឿសាសនាដូចជាការចាប់អតីតចៅអធិការវត្តភ្នំដិន លោក ទឹម សាខន និងព្រះសង្ឃ៥អង្គនៅកម្ពុជាក្រោមជាដើម៕