អាជ្ញាធរ​វៀតណាម​អនុញ្ញាត​ឲ្យ ទឹម សាខន មក​កាន់​វត្ត​ភ្នំឌិន​ដើម្បី​ធ្វើ​បុណ្យ

អតីត​ព្រះគ្រូ​ចៅអធិការ​វត្ត​ភ្នំឌិន នៃ​ខែត្រ​តាកែវ បាន​ត្រូវ​អាជ្ញាធរ​វៀតណាម អនុញ្ញាត​ច្បាប់​រយៈពេល ១៥​ថ្ងៃ មក​កាន់​វត្ត​ភ្នំឌិន វិញ ដើម្បី​បាន​រៀប​ចំ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​សព​ញោម​ស្រី​របស់​លោក។

អតីត​ចៅ​អធិការ​វត្ត​ភ្នំ​ឌិន ទឹម សាខន បាន​មក​ដល់​អារាម​ភ្នំ​ឌិន​របស់​លោក​កាល​ពី​ថ្ងៃ​ទី ៤ ខែ មេសា នេះ ដោយ​បាន​ទទួល​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​អំពី​ញាតិ​ញោម​ជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​របស់​លោក។

លោក សំ បូរិន្ទ បាន​សាក​សួរ​លោកគ្រូ​អតីត​ចៅ​អធិការ​រូប​នេះ​ដោយ​ផ្ទាល់ អំពី​ដំណើរ​ដើម​ទង​និង​លក្ខខណ្ឌ​មួយ​ចំនួន ដែល​លោក​ត្រូវ​ប្រតិបត្តិ ក្នុង​ពេល​កំពុង​ស្នាក់​នៅ​កម្ពុជា ក្រោម​សេចក្តី​អនុញ្ញាត​នេះ។

សំ បូរិន្ទ ៖ នៅ​ពេល​ដែល​សុំ​ច្បាប់​អាជ្ញាធរ​វៀតណាម មក​ធ្វើ​ពិធី​បុណ្យ​សព​ម្ដាយ​ហ្នឹង តើ​អាជ្ញាធរ​វៀតណាម បាន​ដាក់​លក្ខខណ្ឌ​យ៉ាងណា​ខ្លះ​ចំពោះ​ការ​អញ្ជើញ​មក​របស់​លោក​បណ្ឌិត​នេះ? ទឹម សាខន ៖ លក្ខខណ្ឌ​ហ្នឹង​គឺ​គេ​មិន​ឲ្យ​យើង​និយាយ​អី​ទេ ឲ្យ​ធ្វើ​ជា​អាចារ្យ​កុំ​និយាយ​ឲ្យ​សោះ កុំ​វាយ​ប្រហារ​រិះគន់​គេ ហើយ​រិះ​គន់​កម្ពុជា។

សំ បូរិន្ទ ៖ ហាម​ក្នុង​ការ​និយាយ ហាម​យ៉ាង​ម៉េច? ទឹម សាខន ៖ គេ​មិន​ឲ្យ​រិះគន់​នរណា​ទាំង​អស់ ឲ្យ​នៅ​ឲ្យ​ស្ងៀម។ សំ បូរិន្ទ ៖ ប្រសិន​បើ​ធ្វើ​សេចក្ដី​រិះគន់​បញ្ច្រាស​ជាមួយ​នឹង​ការ​បញ្ជា​របស់​គេ តើ​លោក​បណ្ឌិត​នឹង​ត្រូវ​មាន​ទោស​យ៉ាង​ម៉េច​នៅ​ពេល​ដែល​ត្រឡប់​ទៅ​វិញ? ទឹម សាខន ៖ អាហ្នឹង​ខ្ញុំ​មិន​ដឹង​ដែរ គេ​ថា​នឹង​ទទួល​ទោស​តាម​ច្បាប់ ខ្ញុំ​មិន​ដឹង​ដែរ ខ្ញុំ​ក៏​ភ័យ​ដែរ។ គេ​ដាក់​តែ​ប៉ុណ្ណឹង ទទួល​ទោស​តាម​ច្បាប់។ សំ បូរិន្ទ ៖ លក្ខខណ្ឌ​សំខាន់ គឺ​ហាមប្រាម​មិន​ឲ្យ​និយាយ​រិះគន់​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​កម្ពុជា អ៊ីចឹងទេ? ទឹម សាខន ៖ បាទៗ៕