គណៈកម្មការវត្តគឺលោក ប៉ឹម ខេន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងនៅថ្ងៃពុធ ទី២២ តុលានេះថា វត្តគិរីមានជ័យ ត្រូវបានសាងសង់តាំងពីជីដូនជីតាមកម៉្លេះ វត្តនេះនៅជិតព្រំដែនខ្មែរ-វៀតណាម។ ហើយមានផ្ទៃដីជាង ១ហិកតារ មានរបងព័ទ្ធនៅខាងមុខ និងសងខាង សល់ផ្នែកខាងក្រោយ ទើបគណៈកម្មការវត្តបានរៀបចំសាងសង់ផ្នែកខាងក្រោយនោះ ដែលមានប្រវែងប្រមាណជា ១០០ម៉ែត្រ ប៉ុន្តែត្រូវបានអាជ្ញាធរព្រំដែនវៀតណាមហាមឃាត់។
លោក ប៉ឹម ខេន មានប្រសាសន៍ថា ៖ «ផ្ដួចផ្ដើមធ្វើរបងហ្នឹង មិនមែននិយាយរឿងព្រំដែនទេ គ្រាន់តែធ្វើរបងដើម្បីហ៊ុមព័ទ្ធដំណាំដាំដុះរបស់សង្ឃទេ ប៉ុន្តែដល់បច្ចុប្បន្នហ្នឹង ខាងវៀតណាមគេឲ្យផ្អាក អត់ទាន់ឲ្យធ្វើទេ»។
លោកបានបន្តថា ការហាមឃាត់មិនឲ្យសាងសង់របងនេះ គឺកើតឡើងកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ដោយអនុប្រធានប៉ុស្តិ៍ការពារព្រំដែនវៀតណាម ឈ្មោះ ស៊ុន បានចូលមកខាងព្រំដែនខ្មែរច្រកបឹងជ្រោង និងមកហាមឃាត់គណៈកម្មការវត្ត នៅពេលកំពុងសាងសង់។
ប្រធានប៉ុស្តិ៍ការពារព្រំដែនខ្មែរ-វៀតណាម ប៉ុស្តិ៍បឹងជ្រោង លោក ស៊ឹម រ៉ាវី បានមានប្រសាសន៍ថា បន្ទាប់ពីអាជ្ញាធរការពារព្រំដែនវៀតណាម បានហាមឃាត់ការសាងសង់របងវត្តនោះ លោកបានទៅប្រជុំជាមួយភាគីវៀតណាម ដោយភាគីវៀតណាមលើកឡើងថា តំបន់វត្តនោះជាតំបន់ស ភាគីទាំងសងខាង មិនអាចសាងសង់អ្វីបាននោះទេ រង់ចាំគណៈកម្មការព្រំដែនប្រទេសទាំងពីរបោះបង្គោលខណ្ឌសីមាជាមុនសិន។
លោក ស៊ឹម រ៉ាវី ថ្លែងដូច្នេះថា ៖ «កន្លែងហ្នឹង យើងមើលទៅទិដ្ឋភាពដូចជារបស់យើង ប៉ុន្តែគ្រាន់តែរដ្ឋាភិបាលទាំងពីរហ្នឹង បានឯកភាពគ្នាទៅលើសន្ធិសញ្ញាមួយ រង់ចាំឆ្នាំ២០០៨ ហ្នឹង បានគេបោះបង្គោលសីមា»។
មេឃុំជាំ គឺលោក ប្រាក់ វ៉ាន់នី បានមានប្រសាសន៍ថា ការសាងសង់របងវត្តនេះ គឺសាងសង់តាមរបងវត្តចាស់ប៉ុណ្ណោះ ដោយវត្តនោះមានរបងចាស់ធ្វើអំពីឈើ ដែលបានខូចខាតអស់ទៅហើយ។ លោកថា អាជ្ញាធរព្រំដែនវៀតណាម មិនគួរមកហាមឃាត់ក្នុងការសាងសង់នេះទេ ៖ «ខ្ញុំកើតមកឃើញវត្តប៉ុណ្ណឹង ពីឪពុកខ្ញុំមកប៉ុណ្ណឹងដែរ ហើយដីរបស់ខ្មែរតាំងពីបុរាណកាលមក»។
គួរបញ្ជាក់ដែរថា ការសាងសង់របងវត្តគិរីមានជ័យ ដែលត្រូវបានអាជ្ញាធរព្រំដែនវៀតណាម ហាមឃាត់នេះ គឺថវិកាបានមកពីការរៃអង្គាសពីអ្នកភូមិ។ ហើយសព្វថ្ងៃបានផ្អាកការធ្វើរបងវត្ត រង់ចាំប្រទេសទាំងពីរគឺវៀតណាមនិងកម្ពុជា បោះបង្គោលខណ្ឌសីមាឯកភាពទៅលើតំបន់ព្រំដែននោះ។ តែប្រជាពលរដ្ឋនៅតែចង់សាងសង់របងនោះ ដោយអះអាងថា ដីនោះជាដីរបស់វត្តតាំងពីដើមមក។
សូមជម្រាបថា ប្រទេសកម្ពុជាមានព្រំដែនជាប់នឹងវៀតណាមប្រវែង ១.២២៨គីឡូម៉ែត្រ។ ហើយការមិនចុះសម្រុងលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ បានកើតមានជាបន្តបន្ទាប់ ប៉ុន្តែប្រទេសទាំងពីរនេះគ្រោងនឹងបោះបង្គោលខណ្ណសីមាបញ្ចប់នៅមុនខែធ្នូ ឆ្នំា២០០៨ខាងមុខ៕