រដ្ឋាភិបាល​វៀតណាម​​ហាម​​​ខ្មែរ​ក្រោម​ស្តាប់​វិទ្យុ​ឬ​​មើល​ទូរទស្សន៍​ខ្មែរ

អាជ្ញាធរ​វៀតណាម​បាន​ដាក់​បំរាម​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ស្តាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍​ដែល​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា​ឡើយ។

លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ប្រជាពលរដ្ឋ​រស់​នៅ​អតីត​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​គ្រប់គ្រង​ដោយ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​ដាក់​បំរាម​ជា​លាយលក្ខណ៍អក្សរ ដោយ​មេ​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់​ស្តាប់​វិទ្យុ ឬ​មើល​ទូរទស្សន៍​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ឡើយ។

លោក​បញ្ជាក់​ថា បំរាម​នេះ​ប្រសិន​បើ​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា​ម្នាក់​ហ៊ាន​ល្មើស​នឹង​ត្រូវ​ទទួល​ពិន័យ​ធ្ងន់ធ្ងរ ៖ «ឥឡូវ​ហ្នឹង​វា​មាន​បញ្ហា​មួយ​ទៀត​ធ្ងន់ធ្ងរ ខាង​ក្រោម​(នៅ​កម្ពុជា​ក្រោម)​ហ្នឹង​គឺ​គេ​ដើរ​ហាម​ឃាត់​មិន​ឲ្យ​មើល​ទូរទស្សន៍ ហើយ​និង​ស្ដាប់​វិទ្យុ​ពី​កម្ពុជា​ទេ។ បើ​បន្ត​មើល​ទៀត គេ​នឹង​ផាក​ពិន័យ ១០​លាន​ដុង ហើយ​វា​មាន​សារាចរ​មួយ​ទៀត​របស់​នាយក​រដ្ឋមន្ត្រី​គេ​ហ្នឹង គឺ​គេ​មិន​ឲ្យ​យើង​ស្ដាប់​តែម្ដង»

ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​រូប​រស់​នៅ​ខេត្ត​ត្រាវេញ អតីត​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ស្នើ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និង​សំឡេង បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​តាម​ប្រព័ន្ធ​អ៊ីម៉េល​ថា បច្ចុប្បន្ន​នេះ​ការ​ស្តាប់​ឬ​មើល​ទូរទស្សន៍​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ហាម​ឃាត់ និង​រឹត​បន្តឹង​បំផុត។ បំរាម​នេះ​អាជ្ញាធរ​វៀតណាម​បាន​ដាក់​ពង្រាយ​កម្លាំង​តាមដាន​ជា​ប្រចាំ មិន​ថា​ពេល​ថ្ងៃ​ឬ​ពេល​យប់​ឡើយ។

បំរាម​របស់​រដ្ឋាភិបាល​វៀតណាម​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ទទួល​ព័ត៌មាន​នេះ​ត្រូវ​បាន​លោក ថាច់ សេដ្ឋា បញ្ជាក់​ថា កើត​ឡើង​ស្រប​ពេល​ដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​កម្ពុជា​ចំនួន​៩ បាន​ដាក់​សំណើ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ថ្នាក់​ដឹកនាំ​វិទ្យុ​ជាតិ​ស្នើសុំ​ម៉ោង​ផ្សាយ​កម្មវិធី​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តាម​វិទ្យុ​ជាតិ​កម្ពុជា។

លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា បំរាម​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ស្តាប់​វិទ្យុ​ឬ​មើល​ទូរទស្សន៍​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា​នេះ គឺ​អាជ្ញាធរ​វៀតណាម​បាន​ដើម​ហាម​ទៅ​លើ​ព្រះ​សង្ឃ​នៅ​តាម​វត្ត​មួយចំនួន​នៅ​ចុង​ខែ​មករា​នេះ។

លោក ថាច់ សេដ្ឋា បាន​បញ្ជាក់​ថា ៖ «ថ្មីៗ​ហ្នឹង​ទើប​តែ​មាន​ការ​ហៅ​ព្រះ​សង្ឃ ហៅ​ប្រជារាស្ត្រ​ខ្មែរ ដែល​ខ្លះ​ដាក់ Satellite សម្រាប់​ចាប់​មើល អង់តែន​ខ្ពស់​សម្រាប់​មើល​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ អ៊ីចឹង​ក៏​គេ​បាន​ហៅ​ទៅ​ណែនាំ​មិន​ឲ្យ​យើង​មើល​ទេ។ លិខិត​របស់​យួន​គេ​ចាប់​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​មើល​ប៉ុស្តិ៍​ខ្មែរ ឈប់​អី​ហ្នឹង ខ្លាំង​ណាស់! មិន​ធម្មតា​ទេ​ពួក​នេះ!»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ទេ​តាម​ទូរស័ព្ទ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ។

បំរាម​របស់​រដ្ឋាភិបាល​វៀតណាម​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មាន​សិទ្ធិ​ស្តាប់ ឬ​មើល​ព័ត៌មាន​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ធ្វើ​ការ​រិះគន់ និង​ចាត់ទុក​បំរាម​នេះ​ថា​ជា​ការ​រើសអើង​ពូជ​សាសន៍ ហើយ​ថា បំរាម​ហាម​ពលរដ្ឋ​ខ្មែរ​ក្រោម​មិន​ឲ្យ​ស្តាប់ ឬ​មើល​ទូរទស្សន៍​ផ្សាយ​ចេញ​ពី​ប្រទេស​កម្ពុជា​នេះ គឺ​វា​ខុស​ប្លែក​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម និង​ជនជាតិ​វៀតណាម​រស់​នៅ​កម្ពុជា​បង្កើត​កម្មវិធី​វិទ្យុ​ផ្សាយ​នៅ​តាម​វិទ្យុ​ជាតិ ឬ​មើល​ទូរទស្សន៍​វៀតណាម​ដោយ​សេរី និង​មិន​មាន​ការ​ហាម​ឃាត់​នោះ៕