ប្រភពពីខ្មែរក្រោមឲ្យដឹងថា អាជ្ញាធរនៃខេត្តអានយ៉ាង (ខេត្តមាត់ជ្រូក) អតីតទឹកដីខែ្មរកម្ពុជាក្រោមដែលកំពុងកាន់កាប់ដោយអាជ្ញាធរវៀតណាម កំពុងតែបន្ថែមកងកម្លាំងយោធានិងនគរបាលសរុបទាំងអស់ជាង៤០០នាក់និងសត្វឆ្កែប្រដេញផង ដើម្បីបង្រ្កាបនិងចាប់ខ្លួនប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមណាដែលហ៊ានបន្តងើបតវ៉ានិងប្រឆាំងនឹងផែនការជីកព្រែកកាត់តាមដីស្រែរបស់ពួកគាត់ដោយគ្មានសំណងនោះ។
នៅស្របពេលគ្នានេះដែរ ផ្ទះសកម្មជនឬអ្នកដឹកនាំការតវ៉ាដីធ្លីកន្លងមកកំពុងតែរងការហ៊ុមព័ទ្ធដោយកងកម្លាំងចម្រុះរាប់សិបនាក់មិនឲ្យចេញក្រៅផ្ទះបានឡើយ។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់រស់នៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ដែលគេបានកត់សម្គាល់ឃើញថាជាអ្នកដឹកនាំការតវ៉ាដីធ្លីកន្លងមក បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីក្នុងផ្ទះមកថា ស្ថានការណ៍ខាងក្រៅតឹងតែងកាន់តែខ្លាំងឡើងនាពេលនេះ ៖ «គេមកព័ទ្ធជុំផ្ទះខ្ញុំទៀតហើយ។ ខាងនគរបាលគេនេះ ព្រលឹមឡើងគេយកមកទៀតហើយ បន្ថែម៦ឡានដូចបន្ថែមទ័ព។ ឥឡូវខាងកុងអាង គេដាក់នៅឯភូមិនេះ ឯលើនេះ គេដាក់តាមផ្លូវដែលយើងចុះទៅ វានៅរាំងស្ទះយើងហ្នឹង»។
សុខ សេរី ៖ ចុះប្រជាពលរដ្ឋអ្នកតវ៉ារត់គេចខ្លួនអស់ហើយ? ពលរដ្ឋ ៖ រត់ខ្លះ នៅខ្លះ។ រត់ហ្នឹងប្រហែលបួនដប់នាក់ទេ នៅច្រើន ហើយពីម្សិលមកគំរាមយើង រុញច្រានយើងមិនឲ្យចូល ហើយយើងចេះតែមុជបុកចូលទៅ។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងថា កងកម្លាំងចម្រុះវៀតណាមជាច្រើនរយនាក់កំពុងតែដាក់ពង្រាយដើម្បីចាប់ខ្លួនក្រុមដែលងើបតវ៉ាបន្តទៀតនោះ ៖ «គេដាក់មេក្រូផ្សាយគ្រប់ភូមិ គ្រប់ឃុំ សឹងតែយើងថា យើងទៅប្រឆាំងគេអ៊ីចឹង គេប្រើអំពើហិង្សាអ៊ីចឹងហើយ។ ទ័ពគេមាំណាស់ ទ័ពដល់ទៅ៣៣០(នាក់) ពួកនគរបាលគេ ២០០ ឆ្កែគេ ៥ ហើយអ្នកពាក់អាវក្រោះ៤០នាក់»។
នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីមន្រ្តីនៃស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាបាននៅទ្បើយទេជុំវិញស្ថានការណ៍តឹងតែងខាងលើនេះ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍សម្ដែងការព្រួយបារម្ភថា ៖ «ថ្ងៃនេះខ្ញុំនឹងសរសេរលិខិតមួយច្បាប់ទៅស្ថានទូតយួន ដើម្បីសុំឲ្យលោកផ្អាកកិច្ចការហ្នឹង ហើយក៏ស្នើសុំដល់រដ្ឋាភិបាលខ្មែរក្នុងការជួយអន្តរាគមន៍ក្នុងនាមប្រជាពលរដ្ឋខ្មែរ»។
លោក ខៀវ កាញារីទ្ធ ជាមន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅទ្បើយទេ។
សូមជម្រាប ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួនជាង៤០គ្រួសារនៅក្នុងចំណោមគ្រួសារសរុបជាង៤០០ នៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង នៃប្រទេសវៀតណាម អតីតទឹកដីខែ្មរកម្ពុជាក្រោមនោះបានងើបតវ៉ាជាបន្តបន្ទាប់ជាច្រើនសប្តាហ៍កន្លងមកហើយ ដើម្បីប្រឆាំងនឹងផែនការជីកព្រែកមួយខ្សែប្រវែង១០គីឡ៉ម៉ែត្រ នឹងទទឹង៥០ម៉ែត្រ កាត់តាមដីស្រែរបស់ពួកគាត់ ហើយបានធ្វើឲ្យពួកគាត់ជាង៤០០គ្រួសារនោះបាត់បង់ដីស្រែពីដូនតាដោយគ្មានសំណងជាប្រាក់ឬដីស្រែវិញទ្បើយ។
វិធានការដាក់ពង្រាយកងកម្លាំងជាច្រើនរយនាក់នោះបានចាប់ផ្ដើមឡើងតាំងពីថៃ្ងទី៩ ខែកញ្ញាមក ក្រោយពីអាជ្ញាធរមូលរដ្ឋាននៃស្រុកទិនបៀង ខេត្តអានយ៉ាង បានព្រមានឲ្យដឹងថា គេនឹងមិនផ្តល់សំណងអ្វីទេ ដោយហេតុផលថាគ្មានឯកសារជាកម្មសិទ្ធិ នេះបើតាមការអះអាងពីអ្នកចូលរួមក្នុងកិច្ចប្រជុំនោះ៕
អាជ្ញាធរវៀតណាមគំរាមឲ្យខ្មែរក្រោមដកពាក្យបណ្ដឹងស្ដីពីបញ្ហាដីធ្លី
អតីតសង្ឃខ្មែរក្រោម ទឹម សាខន បានសិទ្ធិរស់នៅប្រទេសស៊ុយអែត
ក្រុមខ្មែរក្រោមនៅកម្ពុជាទាមទារឲ្យវៀតណាមផ្ដល់សំណងដល់ខ្មែរក្រោមដែលបាត់បង់ដីស្រែ
វៀតណាមដកកម្លាំងចេញពីកន្លែងមានបញ្ហាដីធ្លីជាមួយពលរដ្ឋខ្មែរក្រោម
អាជ្ញាធរវៀតណាមពង្រាយកម្លាំងត្រៀមបង្ក្រាបការតវ៉ារបស់កសិករខ្មែរក្រោម
មេដឹកនាំសហព័ន្ធខ្មែរក្រោមសរសើរយុទ្ធសាស្ត្ររដ្ឋាភិបាលខ្មែរចំពោះខ្មែរក្រោម
ខ្មែរក្រោមជាង៦០គ្រួសាររារាំងអាជ្ញាធរវៀតណាមមិនឲ្យជីកព្រែកលើដីស្រែ
ខ្មែរក្រោមជាង៤០០គ្រួសារគ្រោងធ្វើបាតុកម្មប្រឆាំងនឹងផែនការជីកព្រែក
មន្ត្រីខ្មែរក្រោមនិយាយអំពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ខ្មែរក្រោម