កូន​សិស្ស​វៀតណាម​រស់​នៅ​ស្រុក​ខ្មែរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចូល​ទៅ​រៀន​នៅ​វៀតណាម

គេហទំព័រ​វ៉ឹបសៃថថ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​សរសេរ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា គណៈប្រតិភូ​យៀកណាម​ដែល​ក្នុង​នោះ​រួមទាំង​នាយក​រដ្ឋមន្ត្រី​និង​មេដឹកនាំ​ផ្សេងៗ​ទៀត​ផង បាន​ទៅ​សួរ​សុខ​ទុក្ខ​ជន​ជាតិ​យៀកណាម​នៅ​កម្ពុជា ជា​ញឹកញាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ដោយ​យក​អំណោយ​ទៅ​ចែកចាយ ជំនួយ​ទៅ​ជួយ​សង្គ្រោះ​និង​មូលនិធិ​ទៅ​សាងសង់​សាលា ព្រមទាំង​ចេញ​មុខ​គាំទ្រ​សមាគម​យៀកណាម​នានា​នៅ​កម្ពុជា​យ៉ាង​ឥត​លាក់​លៀម។

គេហ​ទំព័រ​ www.khmer-krom.net​ បាន​កត់​សម្គាល់​ថា ផ្ទុយ​ទៅ​វិញ​បង​ប្អូន​ខ្មែរក្រោម ដែល​រត់​គេច​ពី​អំពើ​ជិះ​ជាន់​គាប​សង្កត់​របស់​រដ្ឋាភិបាល​យៀកណាម ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ឈ្មោះ​និង​ទីកន្លែង​កំណើត បើ​សិន​ជា​ប្រាថ្នា​ចង់​ធ្វើការ​និង​រស់នៅ​នៅ​កម្ពុជា។

គេហទំព័រ​វ៉ឹបសៃថថ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​ឲ្យ​ដឹង​ទៀត​ថា យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​យៀកណាម (VNA) រៀង​រាល់​ថ្ងៃ​កូន​សិស្ស​យៀកណាម​រស់​នៅ​កម្ពុជា រាប់​រយ​នាក់ តែង​តែ​ឆ្លង​ព្រំដែន​ពី​ខេត្ត​កណ្តាល ទៅ​រៀន​នៅ​តាម​សាលារៀន​ក្នុង​ខេត្ត​អាងយ៉ាង​ប្រទេស​យៀកណាម។
VNA អះអាង​ថា កូន​សិស្ស​ទាំង​អស់​នោះ ភាគ​ច្រើន ច្រើន​មក​ពី​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ទី​ដែល​មាន​អណិកជន​យួន​រស់​នៅ​កុះករ។
ទីភ្នាក់ងារ​ព័ត៌មាន VNA របស់​យៀកណាម​រាយការណ៍​ថា សាលា​បឋម​សិក្សា «បេ» នៃ​ឃុំ​ខាញ់អាន ទទួល​បង្រៀន​សិស្ស​យៀកណាម​-កម្ពុជា​ជាង ៦០០​នាក់ ហើយ​សិស្ស​ថ្នាក់​ទី​១​ទាំងអស់ សុទ្ធ​តែ​ជា​សិស្ស​យៀកណាម​ឆ្លង​មក​ពី​កម្ពុជា។

លោក​ចាងហ្វាង​សាលា​ង្វៀង​ធីសាញ់ បាន​ឲ្យ​ដឹង​ថា ៦០​ភាគរយ​នៃ​កូន​សិស្ស​សាលាបឋម​សិក្សា «អា» ៩៣០​នាក់​គឺ​ជា​ក្មេង​យៀកណាម​ដែល​ឆ្លង​ដែន​ពី​កម្ពុជា រៀងរាល់​ថ្ងៃ​មក​ចូល​រៀន។ អាជ្ញាធរ​យៀកណាម​ក៏​ជួយ​សម្រួល​ការធ្វើដំណើរ​មក​សាលារៀន​របស់​កូន​សិស្ស​យៀកណាម​ពី​ស្រុក​ខ្មែរ​ទាំង​នេះ​ផង​ដែរ។ ក្រៅ​ពី​នេះ អ្នក​ស្រុក​ជាយ​ដែន ក៏​ជួយ​ដរ​ទូក​ចម្លង​ទាំង​ក្មេង ទាំង​មាតា​បិតា​សិស្ស​ដោយ​ឥត​គិត​ថ្លៃ​ថែម​ទៀត។

ចំពោះ​រឿង​នេះ លោក​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ថាច់ ង៉ុកថាច់ មាន​ការចាប់​អារម្មណ៍​ដូច្នេះ ៖ «ចំពោះ​ខ្ញុំ​បាទ​ផ្ទាល់ ខ្ញុំ​មាន​ការចាប់​អារម្មណ៍​ពីរ​ចំណុច គឺ​ទី​១ បង្ហាញ​អំពី​ប្រជាពលរដ្ឋ​យួន រស់នៅ​លើ​ប្រទេស​កម្ពុជា កាន់តែ​ច្រើន ឃើញ ៣០% នៃ​កូន​សិស្ស​ពី​កោះធំ ទៅ​រៀន គឺ​ច្រើន ទម្រាំ​នៅ​ខេត្ត​ផ្សេង​ទៀត។ ទី២ ឃើញ​ភាព​មិន​ស្មើ​គ្នា​រវាង​រដ្ឋាភិបាល​ខ្មែរ​ជាមួយ​រដ្ឋាភិបាល​យួន​ដែល​ជា​មិត្ត ចំពោះ​បញ្ហា​ខ្មែរ​ក្រោម តើ​ខ្មែរ​ក្រោម​ហ្នឹង មាន​ប៉ុន្មាន​រស់នៅ​ស្រុក​ខ្មែរ? តើ​បញ្ហា​ខ្មែរ​ក្រោម​រស់​នៅ​កម្ពុជា​ក្រោម រដ្ឋាភិបាល​ខ្មែរ​មាន​បាន​គិតគូរ​អំពី​ការ​រៀបចំ​សាលារៀន​ឲ្យ​កូន​ខ្មែរ​ក្រោម​រៀន​នៅ​កម្ពុជា​ក្រោម ឬ​ក៏​ឲ្យ​កូន​ខ្មែរ​ក្រោម​មក​រៀន​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​ដែរ​ទេ?»

ក្រៅ​ពី​នេះ គេហទំព័រ​វ៉ឹបសៃថថ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា សម្រាប់​ខ្មែរ​ក្រោម​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដូច​ខ្មែរ​ទាំង​អស់​ដែរ​នោះ បើ​ចង់​ចូល​មក​កម្ពុជា គេ​ត្រូវ​សុំ​ទិដ្ឋាការ​ឬ​វីសា ដូច​ទេសចរ​ដទៃ​ទៀត ហើយ​ប្រសិន​បើ​ចង់​ធ្វើការ​នៅ​កម្ពុជា គេ​ចាំបាច់​ត្រូវ​ដាក់​ពាក្យ​សុំ​អត្តសញ្ញាណ​ប័ណ្ណ ដែល​តម្រូវ​ឲ្យ​បង់​ប្រាក់​ជា​សំណូក​សូក​ប៉ាន់​មន្ត្រី​ពុក​រលួយ ហើយ​កុហក​ថា ទីកន្លែង​កំណើត​កើត​នៅ​កម្ពុជា។

យោង​តាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខ្មែរ​ក្រោម​ដែល​រត់​មក​កម្ពុជា​ត្រូវ​ពឹង​ពាក់​ខ្លួន​ឯង។ អ្នក​ដែល​ជួយ​សង្គ្រោះ​ពួក​គេ​បាន ចុង​ក្រោយ​បំផុត គឺ​ព្រះតេជគុណ ទឹម សាខន ដែល​បាន​ជួយ​ផ្តល់​ស្បៀង​អាហារ​និង​ជម្រក​ដល់​ខ្មែរ​ក្រោម​រាប់​មិន​អស់​ពេល​ចូល​ទៅ​ដល់​ជាយ​ដែន​កម្ពុជា។ ក៏​ប៉ុន្តែ​ព្រះអង្គ បាន​ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក ហើយ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ក្រុង​ហាណូយ​ដាក់​គុក​ពី​បទ​ថា​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ចំណង​មិត្តភាព​យូរ​លង់​រវាង​កម្ពុជា​និង​យៀកណាម៕