អង្គការ Human Rights Watch បានចោទរដ្ឋអំណាចយៀកណាមថា បានរំលោភសិទ្ធិជនជាតិខ្មែរក្រោមតាមបែបផែនជាច្រើនរូបភាព។
អ្នកនាំពាក្យក្រសួងការបរទេសយៀកណាម ឡេ យុង ថ្លែងថា នេះមិនមែនលើកទីមួយទេ ដែលអង្គការនេះចោទរដ្ឋអំណាចយៀកណាម ថារំលោភសិទ្ធិសេរីភាពខ្មែរក្រោមនោះ។
អ្នកនាំពាក្យដដែលបន្តទៀតថា សិទ្ធិដើមរបស់មនុស្ស មានទាំងសិទ្ធិបញ្ចេញមតិ មានទាំងសិទ្ធិកាន់ជំនឿ មានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញយៀកណាម។
ក្នុងចំណោមជនជាតិភាគតិចចំនួន ៥៤ជនជាតិ ជនជាតិខ្មែរក្រោមបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចស្មើៗគ្នា ឥតមានប្រកាន់ រើសអើងឡើយ។
យោងតាមកាសែត ញ៉ិនហ្ស៊ិន (Nhan Dan) កាលពីសប្តាហ៍មុន ប្រធានរដ្ឋសភាយៀកណាម លោក ង្វៀង ភូទ្រឹង បានរំឭកលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាក្នុងទស្សនកិច្ចទៅកាន់ក្រុងហាណូយ ថាភាគីទាំងពីរត្រូវធ្វើយ៉ាងណាការពារកម្លាំងប្រតិកិរិយាកុំឲ្យប្រើទឹកដីប្រទេសទាំងពីរ ដើម្បីប្រឆាំងនិងបំផ្លាញទំនាក់ទំនងទ្វេភាគីឲ្យសោះ៕
