អ្នកភូមិជនជាតិដើមចារ៉ាយ រស់នៅឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម ឲ្យដឹងនៅថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០១០ថា មានជនជាតិវៀតណាម ជាក្រុមៗបានបន្តចូលមកកាប់ឈើ ហើយអារច្រៀកដោយម៉ាស៊ីនស្វ័យប្រវត្តិធុនតូចក្នុងទឹកដីខ្មែរ រួចដឹកជញ្ជូនពីព្រៃនាំឆ្លងដែនទៅប្រទេសវៀតណាម។
កាលពីខែកុម្ភៈ ឆ្នាំ២០១០ អ្នកភូមិតាំងសេ ធ្លាប់បានធ្វើសេចក្ដីរាយការណ៍ពីសកម្មភាពជនជាតិវៀតណាម លួចចូលមកកាប់ឈើក្នុងដីខ្មែរនៅតំបន់នោះដែរ ហើយអ្នកភូមិចោទប្រកាន់ថា តម្រួតព្រំដែនខ្មែរទៅតំបន់នោះជាអ្នកឃុបឃិតក្នុងករណីនេះ។
អ្នកភូមិតាំងសេ សុំមិនឲ្យបញ្ចេញឈ្មោះមានប្រសាសន៍បញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ អ្នកភូមិតាំងសេ និងអ្នកភូមិញ៉ាង មានគ្នាជាង ១០នាក់ បានចូលទៅតំបន់ព្រៃផាតាម នៅចម្ងាយប្រមាណពី ៣ ទៅ ៥គីឡូម៉ែត្រ ពីតំបន់ខ្សែបន្ទាត់ព្រំដែន ប្រទះឃើញជនជាតិវៀតណាម ចូលមកកាប់ និងដឹកជញ្ជូនឈើនោះជាថ្មីទៀត។ ក៏ប៉ុន្តែក្រុមអ្នកកាប់ឈើបានរត់គេចខ្លួន បន្សល់ទុកម៉ាស៊ីនកាត់ឈើមួយគ្រឿងនៅពេលក្រុមសហគមន៍ទៅទាន់សកម្មភាពពួកគេកំពុងអារច្រៀកឈើនៅទីនោះ។
អ្នកភូមិសុំមិនបញ្ចេញឈ្មោះឲ្យដឹងដូច្នេះ ៖ «ម៉ាស៊ីនគេចូលផែឈើ គេចាប់បាន គេចូលផែឈើធ្នង់។ មកច្រើនណាស់ វាចូល ៨ ទៅ ៩ក្រុម។ មកធ្វើឈើ វាពឹងពាក់ពួកប៉ូលិស ពួកទាហាននៅខាងផាតាម»។
អ្នកភូមិឲ្យដឹងដែរថា ក្រុមអ្នកកាប់ និងដឹកជញ្ជូនឈើជាជនជាតិវៀតណាម មានគ្នាពី ៧ ទៅ ១០នាក់។ ពួកគេប្រើប្រាស់ម៉ាស៊ីនកាត់ឈើមូល ហើយអារជាឈើជ្រុង និងប្រើប្រាស់រទេះក្របី ឬយកកង់សម្រាប់ជិះទៅឆ្នៃដាក់សំបកកង់ទំហំធំ ធ្វើរានសម្រាប់ដាក់ឈើពីលើ ចំណុះពី ៣ ទៅ ៥ផ្លាន ហើយនាំគ្នារុញកង់ដឹកជញ្ជូនឈើពីព្រៃឆ្លងទៅកាន់ទឹកដីវៀតណាម។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកមន្ត្រីយោធា និងនគរបាលការពារព្រំដែនប៉ុស្តិ៍ផាតាម ដើម្បីបំភ្លឺបញ្ហានេះបានភ្លាមៗទេ ក៏ប៉ុន្តែអភិបាលស្រុកអណ្តូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា លោកមិនទាន់ទទួលបានសេចក្ដីរាយការណ៍ខាងលើនោះនៅឡើយ។ លោកបន្តថា នឹងចាត់ឲ្យមានការស្រាវជ្រាវពីសេចក្ដីរាយការណ៍ខាងលើនេះ។
លោក នង ដារិទ្ធ មានប្រសាសន៍ដូច្នេះ ៖ «គិតថា ស្ងាត់ស្ងៀមហើយ ខាងខេត្តនោះគេថែមឲ្យប៉េអឹមមកបួនប្រាំនាក់មកទៀត ហើយពួកហ្នឹងខ្ញុំឲ្យទៅមើលដែរ អាដឹកកង់អាដឹកម៉ូតូអី»។
កាលពីដើមឆ្នាំ២០១០ មន្ត្រីក្រុមប្រឹក្សាឃុំញ៉ាង ស្រុកអណ្តូងមាស បានស្ទាក់ឃាត់រថយន្តដឹកជញ្ជូនឈើប្រណីតនាំទៅកាន់ប្រទេសវៀតណាម ដោយបុគ្គលជាមន្ត្រីប៉ូលិស និងយោធាក្នុងមូលដ្ឋាននោះ ប៉ុន្តែក្រុមអ្នកដឹកឈើប្រើអំណាចគំរាមមន្ត្រីក្រុមប្រឹក្សាឃុំវិញ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី ដែលឃ្លាំមើលបញ្ហាបទល្មើសព្រៃឈើ លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ពីករណីនេះថា ៖ «ក្រោយពីយុទ្ធនាការក្ដៅវាស្ងាត់ស្ងៀម ឥឡូវកម្រើកឡើងវិញ។ អ៊ីចឹងយើងទាមទារសុំឲ្យមានការចាត់វិធានការចំពោះការបង្ក្រាបព្រៃឈើហ្នឹងបន្ថែមទៀត»។
អ្នកភូមិតាំងសេ មានប្រសាសន៍ថា ពួកគាត់មិនអាចរារាំងសកម្មភាពជនជាតិវៀតណាម លួចឆ្លងដែនចូលមកកាប់ឈើក្នុងដីខ្មែរបានទេ ប្រសិនតម្រួតព្រំដែនមិនយកចិត្តទុកដាក់បង្ក្រាប។ ពួកគាត់អំពាវនាវឲ្យអាជ្ញាធរថ្នាក់ខេត្ត ឬថ្នាក់ជាតិ ចាត់វិធានការដាក់វិន័យចំពោះតម្រួតព្រំដែនណាដែលឃុបឃិតបង្កឲ្យមានបទល្មើសព្រៃឈើ ដើម្បីការពារព្រៃឈើនៅតាមតំបន់ព្រំដែនឲ្យបាននៅគង់វង្ស៕
