ក្រុមអ្នកសុំទានខែ្មរទាំងនោះ ភាគច្រើនគឺជាកុមារដែលរស់នៅក្នុងខេត្តស្វាយរៀង ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។
ប្រធានរដ្ឋបាលនៃមន្ទីរសង្គមកិច្ចនៅក្នុងខេត្តស្វាយរៀង លោក ហ៊ឹង ខ្លឹង ដែលទទួលបន្ទុកដោះស្រាយនិងទទួលអ្នកសុំទានពីប្រទេសវៀតណាមនោះ បានមានប្រសាសន៍ថា ការចាប់បញ្ជូនក្រុមអ្នកសុំទានខែ្មរទាំងនោះវិលមកប្រទេសកម្ពុជាវិញថ្មីៗនេះ គឺបានធ្វើទ្បើយដោយមានកិច្ចសហការនិងព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងវៀតណាម។
លោក ហ៊ឹង ខ្លឹង មានប្រសាសន៍ដូច្នេះ ៖ «មានតាមឆ្នាំ។ ចំនួនអត់ស្មើគ្នាទេ ជួនកាលឆ្នាំខ្លះតិច ឆ្នាំខ្លះច្រើន។ មុននឹងគេបញ្ជូនមកហ្នឹងវាមានការសម្របសម្រួលពីស្ថាប័នច្រើន ពាក់ព័ន្ធកុងស៊ុលខាងវៀតណាម ខាងភាគីកម្ពុជា។ មុននឹងបញ្ជូនមកយើងធ្វើទម្រង់សម្ភាសអីត្រឹមត្រូវ ដើម្បីខាងក្រុមការងារសង្គមកិច្ចគេស្រាវជ្រាវគ្រួសារថា តើអ្នកហ្នឹងរស់នៅភូមិឃុំហ្នឹងពិតមែនឬក៏នៅខេត្តផ្សេង? ពេលដែលយើងស្រាវជ្រាវឃើញហើយហ្នឹងបានយើងធ្វើកំណត់ហេតុបញ្ជូន»។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងចំណោមក្រុមអ្នកសុំទានចំនួន៨៩៨នាក់នោះ គឺស្មើនឹង៣៦៩គ្រួសារ ដែលមានក្មេងចំនួន៦០៣នាក់។
លោក យឹម សុវណ្ណ ជាតំណាងរាស្រ្តនៃគណបក្សសមរង្ស៊ី និងជាមន្រ្តីអ្នកនាំពាក្យនៃគណបក្សនេះផងដែរបានរិះគន់ថា ប្រទេសកម្ពុជាកំពុងតែព្រងើយកន្តើយអំពីជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា ៖ «ពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់នេះច្រើនណាស់ ហើយរដ្ឋាភិបាលធ្វើព្រងើយកន្តើយមិនយកច្បាប់អន្តោប្រវេសន៍មកអនុវត្តដូចប្រទេសវៀតណាមដែលគេអនុវត្តចំពោះប្រទេសគេទេ។ ដូច្នេះរដ្ឋាភិបាលគួរតែមើលឲ្យបានច្បាស់ ដើម្បីធ្វើម៉េចការពារផលប្រយោជន៍ខ្មែរ ការពារប្រទេសជាតិខ្មែរ ការពារបូរណភាពទឹកដីខ្មែរ ដោយយើងត្រូវតែអនុវត្តច្បាប់ជនអន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹងមែនទែន»។
លោក ង៉ែត ណារ៉ា ជាមន្រ្តីនៃអង្គការការពារសិទ្ធិមនុស្សអាដហុក នៅក្នុងខេត្តស្វាយរៀង ដែលបានដឹងរឿងនេះ បានមានប្រសាសន៍ថា ៖ «ការធ្វើសមាហរណកម្មវាទាល់តែបញ្ជូនទៅបញ្ជូនមក ប៉ុន្តែតួលេខនេះយើងឃើញថា មានតែការបញ្ជូនខ្មែរពីវៀតណាមមក ប៉ុន្តែជនជាតិវៀតណាមដែលរស់នៅខុសច្បាប់នៅក្នុងប្រទេសខ្មែរមិនមានការបញ្ជូនទៅវៀតណាមវិញទេ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងជាមួយអាជ្ញាធរខេត្តស្វាយរៀង ដើម្បីសុំការអធិប្បាយពីបញ្ហានេះបាននៅឡើយទេនៅថ្ងៃពុធ ២៣ ធ្នូនេះ។
ប្រទេសកម្ពុជានិងវៀតណាម កាលពីថៃ្ងទី៤ ខែធ្នូ ថ្មីៗនេះ បានចុះហត្ថលេខាទ្វេភាគីលើពិធីសារនៃកិច្ចព្រមព្រៀងគ្នាមួយ ស្តីពីកិច្ចសហប្រតិបតិ្តការចំនួន២៦ចំណុច នៅក្នុងនោះមានការកំណត់បោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១២ ខាងមុខ។ ក្រៅពីនេះ កិច្ចព្រមព្រៀងនោះក៏បានផ្តល់ទិដ្ឋាការដល់កម្មករវៀតណាមដែលមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជារយៈពេល១ឆ្នាំ៕
