វៀតណាម​ដក​កម្លាំង​ចេញ​ពី​កន្លែង​មាន​បញ្ហា​ដី​ធ្លី​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្រោម

2009-09-12

អាជ្ញាធរ​នៃ​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នោះ​បាន​ដក​កង​កម្លាំង​យោធា​និង​នគរបាល​សរុប​ប្រមាណ​៨០០​នាក់​ហើយ​ពី​កន្លែង​តវ៉ា​រឿង​ដី​ធ្លី​កន្លង​មក​នេះ ក្រោយ​ពេល​ដែល​ផែនការ​ជីក​ព្រែក​កាត់​តាម​ដី​ស្រែ​របស់​ក្រុម​អ្នក​តវ៉ា​នោះ​បាន​ឈាន​ដល់​ការ​សម្រេច​តាម​ផែនការ​ហើយ។

Photo supplied

ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ខ្មែរ​កម្ពុជា​ក្រោម​ច្រូត​ស្រូវ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ក្រោម (ក្នុង​ប្រទេស​វៀតណាម)។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ងើប​តវ៉ា​កន្លង​មក​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក​នោះ​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា ស្ថានការណ៍​នៃ​កង​កម្លាំង​ទ័ព​វៀតណាម​និង​នគរបាល​វៀតណាម​បាន​ដក​ចេញ​អស់​ហើយ​ពី​កន្លែង​តវ៉ា​នោះ កាល​ពី​យប់​ថៃ្ង​សុក្រ​និង​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែ​កញ្ញា ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង​៤០០​គ្រួសារ​បាន​បាត់បង់​ដី​ស្រែ​កសិកម្ម​នា​ពេល​នេះ ៖ «ស្ថានការណ៍ ឥឡូវ​ទ័ព​ដក​ហើយ ឥឡូវ​គ្រាន់​ថា ខ្ញុំ​នឹង​ទៅ​មើល​ដី​ប្រឡាយ​វា​កាយ​ឬ​នៅ? វា​កាយ​គម្រប​រួច​ហើយ»

សុខ សេរី ៖ ដក​អស់​ហើយ​ហ្នឹង​មាន​ន័យ​ថា​ម៉េច? ពលរដ្ឋ ៖ មាន​ន័យ​ថា វា​ដក​ទ័ព​វា​លែង​មក​គំរាម​កន​ខ្ញុំ ប៉ុន្តែ​វា​ធ្វើ​រួច​ហើយ​បាន​វា​ដក​ហ្នឹង។ គេ​មិន​វ៉ៃ​តប់​អី​ទេ ទ័ព​វា​៨០០។

លោកស្រី​បាន​ឲ្យ​ដឹង​ថា គ្រួសារ​របស់​លោក​ស្រី​បាន​បាត់បង់​ដី​ស្រែ​ពី​ដូនតា​ចំនួន​២​ហិកតារ​នៅ​ពេល​នេះ​ដោយ​គ្មាន​សំណង​អ្វី​ទ្បើយ។

តំណាង​ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត​នៅ​ក្នុង​ស្រុក​ទិនបៀង​នោះ​ដែរ បាន​ថែ្លង​ថា លោក​បាន​បាត់បង់​ដី​ស្រែ​កសិកម្ម​ចំនួន​ជាង​១​ហិកតារ​ក្រោម​ផែនការ​ជីក​ព្រែក​នោះ។ លោក​បាន​បន្តថា ៖ «គេ​ដក​ហើយ គេ​ដក​តាម​កប៉ាល់»

សុខ សេរី ៖ ឥឡូវ​នេះ​លោក​មាន​ការ​ធូរ​អារម្មណ៍​ទេ? ពលរដ្ឋ ៖ ធូរ​អី​ទេ នៅ​តឹង​មាំ​ណាស់!។

ប្រភព​បាន​ឲ្យ​ដឹង​ថា ពុំ​មាន​សកម្មភាព​កង​កម្លាំង​ទ័ព​និង​នគរបាល​វៀតណាម​ជា​ច្រើន​រយ​នាក់​ទៀត​ទេ ហើយ​ក៏​ពុំ​មាន​ការ​ហ៊ុម​ព័ទ្ធ​ផ្ទះ​សម្បែង​របស់​សកម្ម​ជន​តវ៉ា​ដី​ធ្លី​នោះ​ដែរ។ រីឯ​គ្រឿង​ចក្រ​កាយ​ដី​ឬ​ជីក​ព្រែក​នោះ​ក៏​ត្រូវ​បាន​ដក​ចេញ​ស្ទើរ​តែ​ទាំង​អស់​ហើយ​ដែរ។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​ពី​មន្រ្តី​នៃ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជុំវិញ​ស្ថានការណ៍​ចុង​ក្រោយ​នេះ​នៅ​ទ្បើយ​ទេ។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខែ្មរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «ដូច្នេះ​ខ្ញុំ​បាន​សរសេរ​លិខិត​មួយ​ហើយ​ទៅ​ក្រសួង​ការបរទេស ដូច្នេះ​យើង​នឹង​សុំ​ឲ្យ​រដ្ឋាភិបាល​យើង​ជួយ​អន្តរាគមន៍​ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​ដី​វិញ ដើម្បី​ឲ្យ​រដ្ឋាភិបាល​យួន​ហ្នឹង​រក​ដី​ដើម្បី​ជា​សំណង​របស់​គាត់​ទៅ​វិញ»

សូម​ជម្រាប​ថា អាជ្ញាធរ​មូលរដ្ឋាន​នៅ​ក្នុង​ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម ទឹក​ដី​ខែ្មរ​កម្ពុជា​ក្រោម​នោះ បាន​ដាក់​ពង្រាយ​កង​កម្លាំង​ទ័ព​និង​នគរបាល​សរុប​ប្រមាណ​៨០០​នាក់​និង​សត្វ​ឆ្កែ​ប្រដេញ​ផង​ចាប់​តាំង​ពី​ថៃ្ង​ទី​៩ ខែ​កញ្ញា​មក ដើម្បី​ត្រៀម​បង្រ្កាប​និង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ណា​ដែល​ហ៊ាន​បន្ត​ងើប​តវ៉ា​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក​នោះ។

ប្រជាពលរដ្ឋ​ខែ្មរ​កម្ពុជា​ក្រោម​ចំនួន​ជាង​៤០​គ្រួសារ​នៅ​ក្នុង​ចំណោម​ជាង​៤០០​គ្រួសារ​បាន​ងើប​តវ៉ា​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក​មួយ​ខែ្ស​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ​និង​ទទឹង​៥០​ម៉ែត្រ​កាត់​តាម​ដី​ស្រែ​កសិកម្ម​ចំនួន​ជាង​៤០០​ហិកតារ​ដោយ​គ្មាន​សំណង​ជា​ប្រាក់​និង​ដី​ស្រែ​កសិកម្ម​វិញ​ទ្បើយ​ចំពោះការ​បាត់​បង់​នោះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​វៀតណាម​គំរាម​ឲ្យ​ខ្មែរ​ក្រោម​ដក​ពាក្យ​បណ្ដឹង​ស្ដីពី​បញ្ហា​ដី​ធ្លី

អតីត​សង្ឃ​ខ្មែរ​ក្រោម ទឹម សាខន បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ស៊ុយ​អែត

ក្រុម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ទាមទារ​ឲ្យ​វៀតណាម​ផ្ដល់​សំណង​ដល់​ខ្មែរ​ក្រោម​ដែល​បាត់​បង់​ដី​ស្រែ

អាជ្ញាធរ​វៀតណាម​បន្ថែម​កម្លាំង​បង្ក្រាប​អ្នក​តវ៉ា​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​ពង្រាយ​កម្លាំង​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​កសិករ​ខ្មែរ​ក្រោម

មេ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​ក្រោម​សរសើរ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​ខ្មែរ​ក្រោម

ខ្មែរ​ក្រោម​ជាង​៦០​គ្រួសារ​រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​ជីក​ព្រែក​លើ​ដី​ស្រែ

ខ្មែរ​ក្រោម​ជាង​៤០០​គ្រួសារ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក

មន្ត្រី​ខ្មែរ​ក្រោម​និយាយ​អំពី​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ខ្មែរ​ក្រោម