ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់នៅក្នុងចំណោមអ្នកដែលបានងើបតវ៉ាកន្លងមកប្រឆាំងនឹងផែនការជីកព្រែកនោះនៅក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទមកថា ស្ថានការណ៍នៃកងកម្លាំងទ័ពវៀតណាមនិងនគរបាលវៀតណាមបានដកចេញអស់ហើយពីកន្លែងតវ៉ានោះ កាលពីយប់ថៃ្ងសុក្រនិងព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ប៉ុន្តែប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមជាង៤០០គ្រួសារបានបាត់បង់ដីស្រែកសិកម្មនាពេលនេះ ៖ «ស្ថានការណ៍ ឥឡូវទ័ពដកហើយ ឥឡូវគ្រាន់ថា ខ្ញុំនឹងទៅមើលដីប្រឡាយវាកាយឬនៅ? វាកាយគម្របរួចហើយ»។
សុខ សេរី ៖ ដកអស់ហើយហ្នឹងមានន័យថាម៉េច? ពលរដ្ឋ ៖ មានន័យថា វាដកទ័ពវាលែងមកគំរាមកនខ្ញុំ ប៉ុន្តែវាធ្វើរួចហើយបានវាដកហ្នឹង។ គេមិនវ៉ៃតប់អីទេ ទ័ពវា៨០០។
លោកស្រីបានឲ្យដឹងថា គ្រួសាររបស់លោកស្រីបានបាត់បង់ដីស្រែពីដូនតាចំនួន២ហិកតារនៅពេលនេះដោយគ្មានសំណងអ្វីទ្បើយ។
តំណាងប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមម្នាក់ទៀតនៅក្នុងស្រុកទិនបៀងនោះដែរ បានថែ្លងថា លោកបានបាត់បង់ដីស្រែកសិកម្មចំនួនជាង១ហិកតារក្រោមផែនការជីកព្រែកនោះ។ លោកបានបន្តថា ៖ «គេដកហើយ គេដកតាមកប៉ាល់»។
សុខ សេរី ៖ ឥឡូវនេះលោកមានការធូរអារម្មណ៍ទេ? ពលរដ្ឋ ៖ ធូរអីទេ នៅតឹងមាំណាស់!។
ប្រភពបានឲ្យដឹងថា ពុំមានសកម្មភាពកងកម្លាំងទ័ពនិងនគរបាលវៀតណាមជាច្រើនរយនាក់ទៀតទេ ហើយក៏ពុំមានការហ៊ុមព័ទ្ធផ្ទះសម្បែងរបស់សកម្មជនតវ៉ាដីធ្លីនោះដែរ។ រីឯគ្រឿងចក្រកាយដីឬជីកព្រែកនោះក៏ត្រូវបានដកចេញស្ទើរតែទាំងអស់ហើយដែរ។
នៅមិនទាន់មានប្រតិកម្មណាមួយពីមន្រ្តីនៃស្ថានទូតវៀតណាមនៅក្នុងទីក្រុងភ្នំពេញជុំវិញស្ថានការណ៍ចុងក្រោយនេះនៅទ្បើយទេ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «ដូច្នេះខ្ញុំបានសរសេរលិខិតមួយហើយទៅក្រសួងការបរទេស ដូច្នេះយើងនឹងសុំឲ្យរដ្ឋាភិបាលយើងជួយអន្តរាគមន៍ធ្វើម៉េចឲ្យគាត់មានដីវិញ ដើម្បីឲ្យរដ្ឋាភិបាលយួនហ្នឹងរកដីដើម្បីជាសំណងរបស់គាត់ទៅវិញ»។
សូមជម្រាបថា អាជ្ញាធរមូលរដ្ឋាននៅក្នុងស្រុកទិនបៀង ខេត្តអានយ៉ាង ប្រទេសវៀតណាម ទឹកដីខែ្មរកម្ពុជាក្រោមនោះ បានដាក់ពង្រាយកងកម្លាំងទ័ពនិងនគរបាលសរុបប្រមាណ៨០០នាក់និងសត្វឆ្កែប្រដេញផងចាប់តាំងពីថៃ្ងទី៩ ខែកញ្ញាមក ដើម្បីត្រៀមបង្រ្កាបនិងចាប់ខ្លួនប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមណាដែលហ៊ានបន្តងើបតវ៉ាប្រឆាំងនឹងផែនការជីកព្រែកនោះ។
ប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមចំនួនជាង៤០គ្រួសារនៅក្នុងចំណោមជាង៤០០គ្រួសារបានងើបតវ៉ាជាច្រើនសប្តាហ៍មកហើយប្រឆាំងនឹងផែនការជីកព្រែកមួយខែ្សប្រវែងប្រមាណ១០គីឡូម៉ែត្រនិងទទឹង៥០ម៉ែត្រកាត់តាមដីស្រែកសិកម្មចំនួនជាង៤០០ហិកតារដោយគ្មានសំណងជាប្រាក់និងដីស្រែកសិកម្មវិញទ្បើយចំពោះការបាត់បង់នោះ៕
