អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ទៅ​ឃុំ​ខ្លួន

ប្រភព​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​ទឹក​ដី​កម្ពុជា​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ឈ្មោះ ចៅ ហេន ទៅ​ឃុំ​ខ្លួន។
ដោយ ដែន អយុធ្យា
2010.12.19
ចៅហេន៣០៥ លោក ចៅ ហេន ត្រូវ​បាន​វៀតណាម​ចោទ​ថា​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើបាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​២០០៨
Photo courtesy of http://preynokornews.blogspot.com

ភរិយា​បុរស​ឈ្មោះ ចៅ ហេន គឺ​អ្នក​ស្រី នាង ធួន បាន​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ថា គ្រួសារ​គាត់ បន្ទាប់​ពី​បាន​គេច​ខ្លួន​កាល​ពី​ឆ្នាំ​២០០៨ ទៅ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ការិយាល័យ​អង្គការ UNHCR នៅ​ប្រទេស​ថៃ ត្រូវ​បរាជ័យ។

នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​នេះ នៅ​ពេល​ស្វាមី​វិល​ត្រឡប់​ពី​ការិយាល័យ UNHCR ប្រទេស​ថៃ ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អង្គការ​នេះ ដែល​ថា​មិន​មាន​ទោស​ពៃរ៍ ពេល​មក​ដល់​ផ្ទះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​មក​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​សាលា​ស្រុក​ស្វាយ​ទង រង់ចាំ​​ដោះ​ស្រាយ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ អំពី​មូល​ហេតុ​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ។

អ្នក​ស្រី នាង ធួន មាន​ប្រសាសន៍​បន្ថែម ៖ «យើង​មក​ពី​ប្រទេស​ថៃ មក​ដល់​អង្គុយ​មិន​ទាន់​បាន​១​ម៉ោង​ផង គេ​មក​អញ្ជើញ​ទៅ​សាលា​ឃុំ នៅ​ម៉ោង​៤ ដល់​ម៉ោង ៦​ជាង គេ​អញ្ជើញ​ទៅ​សាលា​ស្រុក ឡាន​គេ​ដឹក​ទៅ​សាលា​ស្រុក ឥឡូវ​គេ​ឃុំ​នៅ​សាលា​ស្រុក។ ឥឡូវ​គេ​យក​ក្រដាស​មក​អញ្ជើញ​ខ្ញុំ ថ្ងៃ​ទី​២០ ឲ្យ​ខ្ញុំ​ទៅ​ទៀត»

ទាក់​ទង​បញ្ហា​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​នេះ លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដាក់​ការ​ស្តី​បន្ទោស​ចំពោះ​ចំណាត់​ការ​របស់​អង្គការ UHNCR ដែល​មិន​ទទួល​ស្គាល់​ពល​រដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​ទៅ​សុំ​កិច្ច​អន្តរាគមន៍ និង​សុំ​សិទ្ធិ​ជ្រក​កោន​ពី​អង្គការ​មួយ​នេះ។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍ ៖ «ខ្ញុំ​គិត​ថា យូ​អិន ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្លាំង​ណាស់ ពី​ព្រោះ​គាត់​មាន​ទុក្ខ​ទោស​ដោយ​ការ​តវ៉ា ហើយ​ខំ​ទៅ​រក​យូ​អិន ជួយ តែ​យូ​អិន បែរ​ជា​អត់​ទទួល​ស្គាល់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​ក្នុង​ការ​រស់​នៅ ក៏​វិល​ត្រឡប់​ទៅ​វិញ ព្រោះ​យូ​អិន ហាក់​ដូច​ជា​មិន​ជឿ​នូវ​អ្វី​ជា​សកម្មភាព​របស់​គាត់ ដែល​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​យួន។ ឥឡូវ​វា​ជាក់ស្ដែង អ៊ីចឹង​ហើយ គឺ​មាន​តែ​យូ​អិន ទេ ដែល​ទទួល​ភារកិច្ច​ហ្នឹង ហើយ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​លោក​មាន​សេរីភាព​ឡើង​វិញ»

អ្នក​ស្រី នាង ធួន បន្ត​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ កន្លង​ទៅ ស្វាមី​គាត់ គឺ​លោក ចៅ ហេន ធ្លាប់​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​ក្រោម​ជាង​៦​រយ​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ដី​ស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុង​អំឡុង​ពេល ឆ្នាំ​១៩៨០។ បន្ទាប់​ពី​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០០៨ វេលា​ម៉ោង ៣​ជិត​ភ្លឺ លំនៅឋាន​របស់​គាត់​ត្រូវ​បាន​គេ​បោក​គ្រាប់​បែក​​ចូល​ក្នុង​ផ្ទះ ទើប​គ្រួសារ​អ្នក​ស្រី​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​អង្គការ UNHCR នៅ​ប្រទេស​ថៃ ឲ្យ​ជួយ​អន្តរាគមន៍ ក្នុង​នាម​ជា​ជន​​ភៀស​ខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួល​ស្គាល់ និង​បាន​ណែនាំ​ពួក​គេ​ឲ្យ​វិល​មក​ស្រុក​កំណើត​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​វិញ ដោយ​អះអាង​ថា មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។

អ្នក​ស្រី នាង ធួន បាន​ប្រាប់​ពី​មូល​ហេតុ​រត់​គេច​ខ្លួន​ដូច្នេះ ៖ «UNHCR ហ្នឹង គេ​បិទ​ឈប់​ឲ្យ​តាំង​ពី​ខែ​សីហា​ឯ​ណោះ គេ​លែង​ឲ្យ។ បាន​ជា​ខ្ញុំ​វិល​ត្រឡប់​មក​ប្រទេស​ជីដូន​ជីតា​យើង​វិញ»

លោក ចៅ ហេង និង​អ្នក​ស្រី នាង ធួន មាន​ស្រុក​កំណើត​នៅ​ឃុំ​ចូវ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់​ជ្រូក ដែល​វៀតណាម​ហៅ​អាង​យ៉ាង សព្វ​ថ្ងៃ ធ្លាប់​តាម​រក​ចាប់​ខ្លួន​ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០០៨ ដោយ​ចោទ​បុរស​រូប​នេះ បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​ទាមទារ​រំដោះ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចាប់​ខ្លួន​បុរស​ឈ្មោះ ចៅ ហេន ដែល​អាជ្ញាធរ​វៀតណាម​បាន​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​សាលា​ស្រុក​ស្វាយ​ទង ក្នុង​ប្រទេស​វៀតណាម​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០ នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។