អាជ្ញាធរ​វៀតណាម​ចាប់​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដាក់​គុក

កន្លង​ទៅ អាជ្ញាធរ​សមត្ថកិច្ច​ថៃ បាន​ចាប់​ខ្លួន​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ ដោយ​ខុស​ច្បាប់​ជា​ហូរហែ។ ចំណែក​នៅ​ឯ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម វិញ ក៏​កំពុង​មាន​ការ​រឹត​បន្តឹង​ករណី​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ចូល​ទៅ​រក​ស៊ី​ក្នុង​ប្រទេស​នេះ​ដែរ។

0:00 / 0:00

នៅ​ច្រក​ព្រំដែន​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម មាន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​ប៉ូលិស​វៀតណាម ចាប់​ខ្លួន​អស់​រយៈពេល​ជាង ១ខែ​ទៅ​ហើយ ដោយ​មិន​បញ្ជាក់​មូលហេតុ​ច្បាស់​លាស់។ អាជ្ញាធរ​មូលដ្ឋាន និង​សាច់​ញាតិ​ពលរដ្ឋ​ទាំង​ពីរ​នាក់​នោះ អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​ភាគី​វៀតណាម ដើម្បី​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​រស់នៅ​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ កញ្ញា នៅ​តែ​មិន​មាន​ឱកាស​ជួប​មុខ​សាច់​ញាតិ​របស់​ខ្លួន​នៅ​ឡើយ។

សាច់​ញាតិ​អ្នក​ទាំង​ពីរ​នោះ ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ជួយ​អន្តរាគមន៍​ដោះ​លែង​មក​វិញ។ មេ​ឃុំ​ត្រពាំងផ្លុង លោក ហែម យាប នៅ​ថ្ងៃ​ទី១៣ តុលា មាន​ប្រសាសន៍​ថា វៀតណាម បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់ ដែល​រស់នៅ​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំងផ្លុង មាន​ឈ្មោះ ជិន ថន អាយុ ២៥ឆ្នាំ និង​ឈ្មោះ ឈន ងឹម អាយុ ២៧ឆ្នាំ កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១២។ លោក​បន្ត​ថា សាច់​ញាតិ​អ្នក​ទាំង​នោះ និង​អាជ្ញាធរ​ឃុំ​ត្រពាំងផ្លុង បាន​នាំ​គ្នា​ទៅ​សួរ​នាំ​ប៉ូលិស​វៀតណាម ប៉ុន្តែ​ភាគី​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ជួប​មុខ​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ។

លោក ហែម យាប បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​ខិតខំ​អស់​លទ្ធភាព​ទៅ​ហើយ នៅ​តែ​មិន​អាច​ជួយ​ពលរដ្ឋ​ខ្លួន​បាន៖ «ឥឡូវ​ហ្នឹង គ្រួសារ​ហ្នឹង​មាន​តែ​សុំ​មក​ខ្ញុំ​ហ្នឹង។ ខ្ញុំ​ធ្វើ​សំណើ​ទៅ​ស្រុក ទៅ​ខេត្ត​ជួយ​អន្តរាគមន៍​ទៅ​ខាង​វៀតណាម ហើយ​ស្រុក​ខេត្ត​ចារ​សំណើ​ហើយ គ្រាន់​តែ​សុំ​ជួប​មុខ​សួរ​ថា តើ​ខុស​ត្រូវ​យ៉ាង​ណា​នោះ ក៏​ភាគី​វៀតណាម មិន​អនុញ្ញាត​ដែរ»

លោក ហែម យាប បន្ត​ថា លោក​សុំ​អំពាវនាវ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់ អន្តរាគមន៍​ជួយ​ពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងផ្លុង ទាំង​ពីរ​នាក់​ផង។

ទន្ទឹម​នឹង​នេះ លោកស្រី សាយ វៀន មាន​ប្រសាសន៍​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ ជិន ថន និង​អ្នក​ជិត​ខាង​ឈ្មោះ ឈន ងឹម ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​កាន់​លុយ​មក​ពី​ប្រទេស​វៀតណាម ចំនួន​ជាង ៣ម៉ឺន​ដុល្លារ ដែល​ឈ្មួញ​វៀតណាម ឲ្យ​ថ្លៃ​ក្របី។ លោកស្រី​បន្ត​ថា លុយ​ទាំង​អស់​មិន​មែន​ជា​របស់​កូន​គាត់​ទាំង​អស់​ទេ តែ​ជា​លុយ​ដែល​ឈ្មួញ​វៀតណាម ផ្ញើ​ឲ្យ​ថ្លៃ​ក្របី​ដែល​ពួក​គេ​ទិញ​ពី​អ្នក​ភូមិ។ លោកស្រី សាយ វៀន បញ្ជាក់​ថា លោកស្រី​នឹក​កូន និង​ចង់​ជួប​មុខ​កូន តែ​ប៉ូលិស​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ជួប​ឡើយ៖ «មិន​ទាន់​បាន​ជួប​ម្តង​ទេ ១ខែ​ពីរ​ថ្ងៃ​ហើយ។ ខ្ញុំ​សុំ​ស្នើ​ទៅ​អាជ្ញាធរ​ដែនដី និង​ក្រសួង​ទាំង​អស់ ដើម្បី​ជួយ​ខ្ញុំ​ផង ទាក់​ទង​ទៅ​ខាង​វៀតណាម ចង់​ដឹង​ថា​ខុស​ហ្នឹង​ដល់​កម្រិត​ណា សូម​ឲ្យ​អស់​លោក​ជួយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​វៀតណាម ដើម្បី​សុំ​ការ​ពន្យល់​ពី​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ តុលា ឆ្នាំ​២០១២។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​អន្តរាគមន៍​ចំពោះ​បញ្ហា​នេះ ព្រោះ​ថា​មិន​អាច​ឲ្យ​បរទេស​ចាប់​ពលរដ្ឋ​ខ្មែរ​ដាក់​គុក ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា បើ​រក​ឃើញ​ថា មាន​កំហុស ឬ​ល្មើស​ច្បាប់ អាជ្ញាធរ​វៀតណាម ក៏​ត្រូវ​បង្ហាញ​ពី​ភស្តុតាង​ល្មើស​ច្បាប់​នោះ​ដែរ។

បុរស​ឈ្មោះ ជិន ថន និង​ឈ្មោះ ឈន ងឹម ត្រូវ​បាន​ប៉ូលិស​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​ច្រក​របៀង​ឈ្មោះ បុសវង ចម្ងាយ​ពី​ព្រំដែន​ខ្មែរ​ប្រមាណ ២០០​ម៉ែត្រ ក្នុង​ទឹកដី​ប្រទេស​វៀតណាម និង​មាន​ចម្ងាយ​ប្រហែល ៤គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។