WikiLeaks៖ វៀតណាម​និយាយ​រឿង​លោក ហ៊ុន សែន ប្រាប់​អាមេរិក

ក្រុម​សកម្ម​ជន​បំបែក​ការ​សម្ងាត់​របស់​រដ្ឋាភិបាល ហៅ​ថា WikiLeaks បាន​ទម្លាយ​រឿង​សម្ងាត់​មួយ​នៅ​ថ្ងៃ​ទី​៣០ សីហា ឆ្នាំ​២០១១ នេះ អំពី​ជំនួប​រវាង​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់។

0:00 / 0:00

ជំនួប​នេះ​អម​ដោយ​មន្ត្រី​ទូត​វៀតណាម​នាទី​ក្រុង​ហាណូយ នៅ​ថ្ងៃ​១៣ មករា ឆ្នាំ​២០០៦ ដោយ​លើក​យក​បញ្ហា​នយោបាយ យុទ្ធ​សាស្ត្រ សន្តិសុខ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទៅ​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ។ ប្រទេស​ដែល​អាមេរិកាំង និង​វៀតណាម​លើក​ទៅ​និយាយ​គ្នា មាន​ភូមា កម្ពុជា ឡាវ និង​ចិន។ តើ ស.រ.អា និង​វៀតណាម មើល​ឃើញ ហើយ​យល់​អំពី​កម្ពុជា និង​មេ​ដឹក​នាំ​ខ្មែរ​របៀប​ណា? ពី​រដ្ឋធានី​វ៉ាស៊ីនតោន លោក ហាស់ សាន សូម​ជូន​របាយការណ៍​សង្ខេប​មួយ​ទាក់​ទង​នឹង​ការ​វាយ​តម្លៃ​ចេញ​ពី​ប្រភព​ការ​ទូត​នោះ៖

ជំនួប​មួយ​ជា​មិត្តភាព រវាង​មន្ត្រី​រដ្ឋាភិបាល​អាមេរិកាំង និង​រដ្ឋាភិបាល​វៀតណាម នា​ឱកាស​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ឯ​និវេសនដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកាំង នៅ​ក្រុង​ហាណូយ កាល​ពី​ជាង​៥​ឆ្នាំ​មុន ស​ឲ្យ​ឃើញ​ខ្លះៗ អំពី​វិធានការ​យុទ្ធ​សាស្ត្រ​វៀតណាម ហើយ​និង​ទស្សនៈ ព្រមទាំង​ជំហរ​នយោបាយ​អាមេរិកាំង​មក​លើ​កម្ពុជា និង​មេ​ដឹក​នាំ​រាជ​រដ្ឋាភិបាល។ វៀតណាម​និយាយ​ផ្ដាំ​ផ្ញើ​ទៅ​កាន់ ស.រ.អា ឲ្យ​ជួយ​ទ្រទ្រង់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន របៀប​ប្រុង​ប្រយ័ត្ន ព្រោះ​ថា​លោក ហ៊ុន សែន មិន​មែន​ធ្វើ​តាម​វៀតណាម​ទាំង​ស្រុង​នោះ​ទេ។ ចំណែក ស.រ.អា នៅ​មាន​ការ​មន្ទិល​សង្ស័យ មិន​ទាន់​អស់​ចិត្ត​នឹង​អំពើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឡើយ។

កិច្ច​ពិភាក្សា​មុន​សម័យ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ នោះ មាន​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស Christopher R. Hill អម​ដោយ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិកាំង ទីប្រឹក្សា​នយោបាយ​ពីរ​រូប និង​ជំនួយ​ការ​មួយ​រូប។ ភាគី​វៀតណាម មាន​ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស​ផ្នែក​កិច្ច​ការ​អាមេរិក លោក ង្វៀង ឌឹក​ហ៊ុង (Nguyen Duc Hung) ជំនួយ​ការ​រដ្ឋ​មន្ត្រី​ការ​បរទេស ផ្នែក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍ លោក ដោ ង៉ុក​សឺង (Do Ngoc Son) និង​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម ទ្រិញ គ្វាង​ថាញ់ (Trinh Quang Thanh) ដែល​ជា​អគ្គ​នាយក​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ។

មន្ត្រី​វៀតណាម​ទាំង ៣​រូប បាន​សំដែង​ក្ដី​បារម្ភ​ចំពោះ​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ភូមា កម្ពុជា និង ឡាវ ហើយ​ចង់​ឲ្យ ស.រ.អា ចូល​ខ្លួន​មក​តំបន់​នេះ ឲ្យ​ឃើញ​វត្តមាន​ច្បាស់​ប្រាកដ​ជាង​មុនៗ។ មន្ត្រី​វៀតណាម​ថា លោក ហ៊ុន សែន នឹង​មិន​មាន​សកម្ម​ភាព​នយោបាយ​ទៅ​បាន​វែង​ឆ្ងាយ​ទេ ព្រោះ​រវល់​តែ​ប្រឹង​ប្រែង​ធានា​ឲ្យ​មាន​ការ​គាំទ្រ​សម្រាប់​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ។ វៀតណាម​បារម្ភ​នឹង​ចិន​ជួល​ដី ៤​ម៉ឺន​ហិកតារ​សម្រាប់​ពេល ៩៩​ឆ្នាំ​នៅ​ភាគ​ឦសាន ដែល​ជាប់​នឹង​ព្រំ​ប្រទល់​តំបន់​ខ្ពង់​រាប​ខេត្ត​វៀតណាម។ លោក ដោ ង៉ុក​សឺង ថ្លែង​ថា វៀតណាម​ព្រួយ​ក្រែង​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​តំបន់​ព្រំដែន ត្រូវ​រុះរើ​លំនៅឋាន ព្រោះ​តែ​គម្រោង​វិនិយោគ​ចិន​ខាង​រ៉ែ​បុកស៊ីដ​នោះ។ លោក​ថា រឿង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ត្រូវ​បក្ស​ជំទាស់​យក​ធ្វើ​ជា​រឿង​អន្តរ​ជាតិ ឲ្យ​មាន​ភាព​ល្អក់​កករ​ជា​មួយ​អ្នក​ជិត​ខាង​ដូច​គ្នា ប៉ុន្តែ​វៀតណាម​មិន​ច្រឡោត​ទេ។ វៀតណាម​ដើរ​តាម​មាគ៌ា​ច្បាប់​អន្តរ​ជាតិ និង​កិច្ច​ព្រមព្រៀង​នានា​ពី​អតីត​កាល ហើយ​ធ្វើ​បែប​ណា​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​តាម​ជាយ​ដែន​មាន​ជំនឿ​មុត​មាំ តាម​រយៈ​ការ​ជួយ​ផ្ដល់​មន្ទីរ​ពេទ្យ និង​សាលា​រៀន​ជា​ដើម។ លោក ដោ ង៉ុក​សឺង ថ្លែង​ថា លោក ហ៊ុន សែន មាន​បញ្ញា​វាងវៃ​ណាស់ ហើយ​ស្ដាប់​វៀតណាម​តែ​ល្គឹក​ណា​ធ្វើ​អ្វី​ទៅ​ងាយ​ស្រួល និង​បាន​ផល​ដល់​រូប​លោក​តែ​ប៉ុណ្ណោះ ហើយ​ថា លោក ហ៊ុន សែន មាន​សមត្ថភាព​ពូកែ​បំភ័ន្ត​ភ្នែក​អ្នក​ជិត​ខាង​របស់​លោក ព្រម​ទាំង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​នេះ។ លោក​ថា វៀតណាម​មិន​ជ្រៀត​ជ្រែក​ស្រុក​ខ្មែរ​ទេ គឺ​គ្រាន់​តែ​ប្រើ​ឥទ្ធិពល​ឲ្យ​មាន​ការ​កែ​លំអ រីក​ចំរើន​នៅ​ភ្នំពេញ​ប៉ុណ្ណោះ។

មន្រ្តី​វៀតណាម​បញ្ជាក់​ថា ថៃ និង​វៀតណាម មាន​ផល​ប្រយោជន៍​ជួន​គ្នា​ក្នុង​តំបន់​នេះ ហើយ​ថា ថៃ​មិន​សូវ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​ខ្មែរ​ប៉ុន្មាន​ទេ។ វៀតណាម​ចាត់​ទុក​សំឡេង​ជំទាស់​ប្រឆាំង​នឹង​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ថា​ជា​ការ​បំផុស​ស្មារតី​ជាតិ​និយម ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ជិត​ខាង និង​សម្ព័ន្ធ​ភាព​រវាង​បក្ស​ប្រជា​ជន និង​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។

ចំពោះ​ចំណាប់​អារម្មណ៍​របស់​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ទាំង​នោះ ដែល​ថ្លែង​ជម្រាប​មន្ត្រី​អាមេរិកាំង​អំពី​បញ្ហា​នៅ​ប្រទេស​កម្ពុជា លោក Christopher R. Hill មាន​ទស្សនៈ​បែប​នេះ​ឆ្លើយ​តប​ទៅ​វិញ បញ្ហា​របស់​លោក ហ៊ុន សែន គឺ​ថា​លោក​ដូច​ជា​មិន​អាច​ការ​ពារ​របៀប​គ្រប់គ្រង​របស់​លោក​បាន​នៅ​ចំពោះ​វេទិកា​សាធារណៈ ហើយ​ផ្ទុយ​ទៅ​វិញ ប្រើ​វិធី​ក្ដៅ​ប្រឆាំង​នឹង​អ្នក​រិះគន់​លោក។ លោក Christopher R. Hill បន្ត​ថា អំពើ​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា ក្លាយ​ជា​បញ្ហា​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​មិន​កោត​សរសើរ ហើយ​ដែល​អាច​ក្លាយ​ជា​ស្ថាន​ភាព​មួយ​ឯ​កោ​តែ​ឯង មិន​ខុស​ពី​ភូមា​នោះ​ទេ។ ត្រង់​ចំណុច​នេះ លោក ដោ ង៉ុក​សឺង ប្រមើល​ឃើញ​ថា លោក ហ៊ុន សែន នឹង​មិន​បណ្ដោយ​ឲ្យ​វែង​ឆ្ងាយ​ពេក​នោះ​ទេ ព្រោះ​លោក​ជា​មនុស្ស​ស្គាល់​ការ​ពិត​ជាក់​ស្ដែង និង​មាន​វិចារណញ្ញាណ​គិត​គូ​ដ៏​សម​រម្យ៕