មតិ​ជុំវិញ​ជម្លោះ​ចិន-វៀតណាម នៅ​សមុទ្ទ​ចិន​ខាង​ត្បូង

វិបត្តិ​ព្រំដែន​នៃ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី ដែល​បន្សល់​ទុក​ពី​អតីត​កាល​មក​នោះ បាន​ចាប់​ផ្ដើម​សើរើ​ឡើង​វិញ​ហើយ នៅ​ក្នុង​រយៈ​ពេល​ជាង ៣​ឆ្នាំ​ចុង​ក្រោយ​នេះ។

0:00 / 0:00

អ្នក​វិភាគ​ឯករាជ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​រើ​ឡើង​វិញ​នូវ​ដំបៅ​ចាស់​រវាង​ប្រទេស​ចិន និង​វៀតណាម​នៅ​តំបន់​ប្រជុំ​កោះ នៅ​ឈូង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នៅ​ពេល​នេះ គឺ​ជា​ករណី​ថ្មី​មួយ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី បន្ទាប់​ពី​កម្ពុជា និង​ថៃ ដែល​កំពុង​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ជាង ៣​ឆ្នាំ​មក​ហើយ​នោះ។

បណ្ឌិត ឡៅ ម៉ុង ហៃ អ្នក​វិភាគ​ឯករាជ​មាន​ការ​ចាប់​អារម្ភ​ថា ជម្លោះ​ដណ្ដើម​ប្រជុំ​កោះ​នៅ​ឈូង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង រវាង​វៀតណាម និង​ចិន​នោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រទេស​ជិត​ខាង​គ្នា ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​រួម​មាន​ទាំង​កម្ពុជា​ផង។

លោក​ពន្យល់​ថា ផល​ប៉ះពាល់​នោះ​មាន​លក្ខណៈ​ពីរ​យ៉ាង គឺ​ដោយ​ផ្ទាល់ និង​ប្រយោល នេះ​បើ​សិន​ជា​ជម្លោះ​នោះ​មាន​ការ​រីក​រៀល​ដាល​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នោះ ៖ «មាន​ការ​រអាក់រអួល​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ហ្នឹង​យើង​ក៏​ប៉ះ​ពាល់​ដែរ ព្រោះ​យើង​ក៏​ត្រូវ​ប្រើ​សមុទ្រ​ដែរ នាំ​ចេញ​នាំ​ចូល​របស់​នានា​អា​ហ្នឹង​ទី​មួយ​ប៉ះពាល់​ដោយ​ផ្ទាល់​តែ​ម្ដង ដោយ​ប្រយោល​តាម​រយៈ​អាស៊ាន មាន​ការ​រអាក់រអួល ឧបមា​ថា​ផ្ទុះ​ក្នុង​ពេល​ឆាប់ៗ នេះ អាច​មាន​ការ​រអាក់រអួល​ក្នុង​ការ​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​កម្ពុជា ដោយ​សារ​ប្រទេស​យើង​ជា​ប្រធាន​សមាគម​អាស៊ាន​នា​ឆ្នាំ​ក្រោយ​នេះ»

លោក​បន្ត​ថា ការ​ប៉ះពាល់​ដោយ​ប្រយោល​មួយ​ទៀត​មក​លើ​កម្ពុជា​នោះ​គឺ បញ្ហា​ជំនួយ​អភិវឌ្ឍន៍ និង​ជំនួយ​ផ្សេង​ៗ មក​កម្ពុជា និង​ចំណង​ទាក់​ទង​ជា​មួយ​ប្រទេស​គូរ​ជម្លោះ​ទាំង​ពីរ​នោះ ប្រសិន​ជា​កម្ពុជា​បង្ហាញ​ជំហរ​មិន​ច្បាស់​លាស់ និង​ឬ​ប្រកាន់​ជំហរ​លំអៀង​ទៅ​រក​ភាគី​ណា​មួយ​នោះ ព្រោះ​ប្រទេស​ទាំង​ពីរ​សុទ្ធ​តែ​ជា​មិត្ត​ជិត​ស្និទ្ធ និង​អ្នក​មាន​គុណ​មក​លើ​កម្ពុជា ៖ «ប្រទេស​ពីរ ហើយ​មួយ​ជា​មហា​អំណាច​ផ្ទាល់​តែ​ម្តង គឺ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ហើយ​នឹង​ប្រទេស​ហ្វីលីពីន ដែល​ជា​សមាជិក​អាស៊ាន​ដែរ​នោះ អា​ហ្នឹង​ក៏​អាច​មាន​ដូច​ថា​តើ​ខ្មែរ​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា អា​ហ្នឹង​អាច​មាន​ផល​លំបាក​ក្នុង​ការ​ទំនាក់​ទំនង»

ចំណែក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​សម​រង្ស៊ី​វិញ ដែល​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ​នយោបាយ​ចិន​នោះ ក៏​ទទួល​ស្គាល់​ដែរ​ថា បើ​សិន​ជា​ជម្លោះ​នោះ​ផ្ទុះ​ឡើយ​ដោយ​អាវុធ វា​នឹង​មាន​ការ​រីក​រាល​ដាល​ដល់​ប្រទេស​ក្នុង​តំបន់ និង​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រទេស​កម្ពុជា​ខ្លះ​តែ វា​មិន​ខ្លាំង​ក្លា​នោះ​ទេ ពី​ព្រោះ​កម្ពុជា​មិន​មែន​ជា​ភាគី​ជម្លោះ។

តំណាង​រាស្ត្រ លោក សុន ឆ័យ មាន​ប្រសាសន៍​ពន្យល់​ថា ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​នោះ​ដូច​ជា​មិន​មាន​ទេ តែ​វា​អាច​ប៉ះ​ពាល់​ដោយ​ប្រយោល​ខ្លះ លើ​ផ្នែក​សេដ្ឋកិច្ច ៖ «យើង​រំពឹង​តែ​ទៅ​លើ​ការ​វិនិយោគ​របស់​វៀតណាម​ហើយ​នឹង​ចិន ហើយ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ​ជាប់​រវល់​បញ្ហា​ជម្លោះ ហើយ​យើង​មិន​បាន​កាន់​ជើង ឬ​ក៏​អះអាង​ចូល​រួម​ជា​មួយ​ប្រទេស​ណា​មួយ​ច្បាស់​លាស់​នោះ វា​អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​អាក់​អន់​ចិត្ត ហើយ​គេ​អាច​កាត់​បន្ថយ​នូវ​ការ​ធ្វើ​វិនិយោគ​អី​ជា​ដើម​មក​លើ​ប្រទេស​យើង»

សុន ឆ័យ បន្ត​ថា ផ្ទុយ​ទៅ​វិញ​វា​ជា​ឱកាស​ល្អ​មួយ​ទៅ​វិញ​ទេ នៅ​ពេល​ដែល​កម្ពុជា​មាន​បំណង​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន ដោយ​ងាក​ចេញ​ពី​ការ​គាំទ្រ​ប្រទេស​កុម្មុយនិស្ត ហើយ​ឆ្ពោះ​ទៅ​រក​ការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ប្រទេស ឲ្យ​មាន​ការ​គោរព​ច្បាប់​ត្រឹម​ត្រូវ និង​ជា​ប្រទេស​មួយ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ៖ «ដូច្នេះ​ខ្ញុំ​ថា​ផល​ប្រយោជន៍​ដែល​បាត់បង់​មិន​ជា​ច្រើន​ទេ ប៉ុន្តែ​បើ​យើង​ចេះ​ច្នៃ​ស្ថានភាព​នេះ​ដើម្បី​បើក​ទ្វារ​ឲ្យ​ទូលាយ​ដល់​ប្រទេស​ដទៃ​ទៀត ដូច​ជា​សហ​រដ្ឋ​អាមេរិក និង​ជប៉ុន មាន​ការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ យើង​នឹង​ទទួល​បាន​ផល​ចំណេញ​មក​វិញ»

ពាក់ព័ន្ធ​បញ្ហា​ជម្លោះ​វៀតណាម និង​ចិន​នេះ​ដែរ មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ហាក់​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​អត្ថាធិប្បាយ​លើ​បញ្ហា​ជម្លោះ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។

អនុ​រដ្ឋ​លេខាធិការ និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា កម្ពុជា​បង្ហាញ​ជំហរ​ចង់​ឲ្យ​ប្រទេស​ទាំង​ពីរ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី ៖ «កន្លង​មក​កម្ពុជា​បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ហើយ​ថា ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​នឹង​អនុវត្ត​ហ្នឹង DOC សេចក្ដី​ថ្លែង​ការណ៍​សម្រេច​ក្រុម​ប្រតិបត្តិ​របស់​ភាគី​ទាំង​អស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ឯង ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​២០០២ នៅ​ទីក្រុង​ភ្នំពេញ​យើង​នេះ»

លោក​បន្ត​ថា ផល​ប៉ះ​ពាល់​ផ្សេងៗ លោក​យល់​ថា នឹង​មិន​មាន​ឡើយ​សម្រាប់​កម្ពុជា ហើយ​លោក​ជឿ​ថា បញ្ហា​ហ្នឹង​បាន​ធូរ​ស្រាល​វិញ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ៖ «ព្រោះ​រឿង​នេះ រឿង​ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាង​ត្បូង រឿង​ពាក់ព័ន្ធ​អធិបតេយ្យ​ភាព​រវាង​ចិន និង​វៀតណាម ជា​មួយ​ហ្វីលីពីន និង​ប្រទេស​ប្រ៊ុយណេ ហើយ​ពាក់ព័ន្ធ​តែ​ជា​មួយ​ប្រទេស​ប្រមាណ​ហ្នឹង​ទេ»

ពាក់ព័ន្ធ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក បណ្ឌិត ឡៅ ម៉ុង​ហៃ បាន​បង្ហាញ​ថា បើ​សិន​ជា​បញ្ហា​ចិន និង​វៀតណាម​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​មែន​នោះ ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ក៏​កាន់​តែ​យឺត​យ៉ាវ​ថែម​ទៀត ដោយ​សារ​អន្តរ​ជាតិ​គេ​អាច​ងាក​ទៅ​រក​ដំណោះ​ស្រាយ​លើ​ជម្លោះ​ប្រទេស​ធំៗ ជាង​កម្ពុជា​វិញ ៖ «អា​ហ្នឹង​យើង​មាន​ឧទាហរណ៍​ហើយ កាល​ពី​សង្គ្រាម​នៅ​វៀតណាម និង​សង្គ្រាម​នៅ​កម្ពុជា យើង​គឺ​សង្គ្រាម​នៅ​វៀតណាម​សង្គ្រាម​ធំ រួច​យើង​ហ្នឹង​សង្គ្រាម​តូច​តាច​គេ​ហៅ​ថា​សាយ​សូ អា​ហ្នឹង​គឺ​ថា​ឆាក​ល្ខោន​រាយ​រង អា​នោះ​ឆាក​ល្ខោន​ពេញ​តួ​ហ្មង គឺ​ពេញ​អង្គ យើង​ណេះ​គ្រាន់​តែ​រាយ​រង​ទេ»

ប៉ុន្តែ​លោក កុយ គួង បដិសេធ​ថា មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​ទៅ​នឹង​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នោះ​ទេ ៖ «ឥឡូវ​នេះ​រឿង​ហ្នឹង​បាន​ទៅ​ដល់​តុលាការ​អន្តរ​ជាតិ​ហើយ តុលាការ ICJ រួច​ហើយ បើ​ដូច្នេះ​ហើយ​ខ្ញុំ​យល់​ថា ដូច​ជា​អត់​ពាក់ព័ន្ធ​គ្នា​ទេ ហើយ​សង្ឃឹម​ថា​ដំណោះ​ស្រាយ​ជម្លោះ​កម្ពុជា-ថៃ ហ្នឹង អាច​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ហើយ ពីព្រោះ​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​កាន់​តុលាការ​អន្តរជាតិ​ហ្នឹង ក៏​ជា​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ដែរ»

ប្រទេស​ចិន និង​វៀតណាម កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​កើត​មាន​ជម្លោះ​ដណ្ដើម​កាន់​កាប់​ប្រជុំ​កោះ​ស្ព្រែតលី (Spratly) និង​ប្រជុំ​កោះ​ប៉ារ៉ាសែល (Paracel) នៅ​​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ទាំង​ពីរ​បាន​បង្ហាញ​សាច់​ដុំ​ដាក់​គ្នា​តែ​រៀង​ៗ ខ្លួន ដោយ​មាន​កម្លាំង​ទ័ព និង​សព្វាវុធ​ផង។ ស្រប​ពេល​គ្នា​នេះ​ដែរ ប្រទេស​វៀតណាម​ទើប​តែ​បាន​ធ្វើ​សម​យុទ្ធ​យោធា​មួយ​តាម​ព្រំដែន​សមុទ្រ​របស់​ខ្លួន នៅ​ពេល​ដែល​កំពុង​មាន​ជម្លោះ​ជា​មួយ​ចិន។

ទោះ​យ៉ាង​ណា​ក្ដី ទាំង​អ្នក​វិភាគ​នយោបាយ អ្នក​តំណាង​រាស្ត្រ និង​មន្ត្រី​រដ្ឋាភិបាល បាន​ផ្ដល់​សង្ឃឹម​ដូច​គ្នា​ថា ជម្លោះ​រវាង​ចិន និង​វៀតណាម នឹង​មិន​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​បាន​ឡើយ។

លោក បណ្ឌិត ឡៅ ម៉ុង​ហៃ បាន​កត់​សម្គាល់​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​នា​ពេល​នេះ គឺ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ។ ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​ទង្គិច​គ្នា​ប្រមាណ​ជា​បី​លើក​កន្លង​មក​ហើយ។ គឺ​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧៤ នៅ​ឆ្នាំ​១៩៧៦ និង​នៅ​អំឡុង​ឆ្នាំ​១៩៩៨ ហើយ​ជា​បន្ត​បន្ទាប់​ក៏​មាន​ការ​សម្រប​សម្រួល​គ្នា​បញ្ចប់​បញ្ហា​រហូត​មក​ដល់​ពេល​នេះ៕