ខ្មែរ​ក្រោម​ដែល​ងើប​តវ៉ា​រឿង​ដី​ធ្លី​ទទួល​ការ​រើសអើង​ពី​វៀតណាម

ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ធ្លាប់​ងើប​តវ៉ា​ទាមទារ​ដី​ធ្លី​ដូន​តា បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​ទទួល​ការ​រើសអើង និង​គាប​សង្កត់​យ៉ាង​ខ្លាំង ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​តែ​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​នោះ បាន​ឲ្យ​ដឹង​ថា គ្រួសារ​ខ្មែរ​ក្រោម​ជា​ច្រើន​គ្រួសារ កំពុង​រង​ការ​រើសអើង និង​គាប​សង្កត់​យ៉ាង​ខ្លាំង ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដោយសារ​គ្រួសារ​ទាំង​នោះ​ធ្លាប់​បាន​ងើប​តវ៉ា​ទាមទារ​ដី​ធ្លី​របស់​ដូនតា ដែល​រង​ការ​រឹប​យក​កន្លង​មក​ដោយ​គ្មាន​សំណង។

ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​ឲ្យ​ដឹង​ថា ការ​រើសអើង​នោះ​គឺ​មាន​ទម្រង់​ដូច​តទៅ៖ ទី​១ បើ​សិន​ណា​សមាជិក​គ្រួសារ​នោះ​មាន​ជំងឺ ហើយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​នៅ​ក្នុង​ប្រទេស​វៀតណាម គេ​មិន​ព្យាបាល​ទេ, ទី​២ កូន​ចៅ​នៃ​គ្រួសារ​ទាំង​នោះ មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ នៅ​តាម​រោងចក្រ និង​ទី​៣ គ្រួសារ​ទាំង​នោះ​គឺ​ស្ថិត​នៅ​ក្រោម​មុខសញ្ញា​នៃ​ការ​តាមដាន​ដោយ​ភ្នាក់ងារ​សម្ងាត់​ជា​រៀងរាល់​ថ្ងៃ​នូវ​សកម្មភាព​រស់នៅ។

ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាងគឺ ស្រុក​ទិនបៀង ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក សុំ​មិន​ប្រាប់​ឈ្មោះ​នៅ​ក្នុង​ចំណោម​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​ទៀត បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ៖ «មើល​ទៅ​វៀតណាម​គេ​រើសអើង​ណាស់! ដូច​ថា យើង​មាន​ជំងឺ​ឈឺ​ថ្កាត់​អី ទៅ​ដេក​ពេទ្យ គេ​អត់​ឲ្យ​ដេក​ទេ! គេ​ថា ទៅ​ដេក​ពេទ្យ​ណា​ទៅ​ចុះ! ក្មេង​ៗ​គ្នា​ទៅ​ធ្វើ​ការងារ​នៅ​ខាង​រោងចក្រ​ហ្នឹង អ្នក​ខ្លះ​ឈឺ ឥឡូវ​ហ្នឹង​មក​ផ្ទះ​វិញ អ្នក​ខ្លះ​ធ្លាក់​ឈាម​ពី​ច្រមុះ ឥឡូវ​ហ្នឹង​ពេទ្យ​ក៏​គេ​មិន​មើល​ទេ។ គេ​មិន​ចាក់​ថ្នាំ​ឲ្យ​ទេ។ កូន​ខ្ញុំ​អ៊ីចឹង​ដែរ ឥឡូវ​ហ្នឹង​ឈឺ​រយៈពេល ៤ ឬ ៥​ខែ ឥឡូវ​ពេទ្យ​គេ​អត់​មើល​សោះ! ទៅ​ដេក​ពេទ្យ គេ​មិន​ឲ្យ​ដេក»

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​ស្ថានទូត​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ដើម្បី​សុំ​ការ​បញ្ជាក់​ថា តើ​ជា​ការ​ពិត ឬ​យ៉ាង​ណា​ចំពោះ​ការ​អះអាង​ចោទ​ប្រកាន់​ខាង​លើ​នេះ ប៉ុន្តែ​អ្នក​ទទួល​ទូរស័ព្ទ​បាន​ឆ្លើយ​ថា មន្ត្រី​នាំ​អ្នក​ពាក្យ លោក ទ្រីញ បាកាំ មិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​អ្នក​មក​ជំនួស​ថ្មី​មិន​នៅ​ក្នុង​ការិយាល័យ​ទេ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សេដ្ឋា ដែល​មាន​ដើម​កំណើត​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​នេះ​គឺ​អាជ្ញាធរ​វៀតណាម​បាន​ប្រើប្រាស់​យូរ​មក​ហើយ។

លោក ថាច់ សេដ្ឋា បាន​បញ្ជាក់​ថា ៖ «គឺ​ធ្វើ​របៀប​បែបផែន​មួយ ដែល​យើង​ពិបាក​នឹង​រស់។ គឺ​របៀប​ហ្នឹង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ហើយ យើង​ពិបាក​នឹង​រស់​ថែម​ទៀត​ផង!»

ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ឬ​ហៅ​ថា កូសាំងស៊ីន ដែល​មាន​ចំនួន ២១​ខេត្ត​ក្រុង ត្រូវ​បាន​អាណានិគម​និយម​បារាំង​បាន​កាត់​ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង តាំង​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ម្ចាស់​ទឹក​ដី​នោះ​ទេ។

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​ជា​ច្រើន​រយ​គ្រួសារ ធ្លាប់​ងើប​តវ៉ា​ទាមទារ​ដី​ស្រែ​ពី​ដូនតា ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​ខេត្ត​អានយ៉ាង ឬ​ខេត្ត​មាត់ជ្រូក​នោះ ដោយសារ​តែ​ដី​ស្រែ​ច្រើន​ពាន់​ហិកតារ​បាន​រង​ការ​រឹប​យក​កាល​ពី​ឆ្នាំ​១៩៧៩ កន្លង​ទៅ នៅ​គ្រា​ដែល​គ្រួសារ​ទាំង​នោះ​បាន​រត់​ភៀស​ខ្លួន​មក​កម្ពុជា ដើម្បី​ចៀសវាង​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​វៀតណាម ជាមួយ​អតីត​កង​ទ័ព​ខ្មែរ​ក្រហម។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​មក​ចូលរួម​ប្រជុំ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​កម្ពុជា និង​វៀតណាម ឲ្យ​បាន​រឹង​មាំ​ថែម​ទៀត។ ស្រប​ពេល​គ្នា​នោះ​ដែរ ក្រុម​មន្ត្រី​វៀតណាម​បាន​លើក​ឡើង​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ទប់​ស្កាត់ និង​បង្ក្រាប​សកម្មភាព​ក្រុម​ជន​អមិត្ត​នានា ដែល​រួម​មាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា​នៅ​កម្ពុជា​ផង​ដែរ ដែល​តែងតែ​រិះគន់​បរិហារ​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម ទាក់ទង​លើ​សំណុំរឿង​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ៕