សមាជិកបណ្ដាញសហគមន៍ព្រៃឡង់បានយកញត្តិសម្ដែងនូវក្ដីបារម្ភអំពីការបាត់បង់ព្រៃឡង់ ទៅដាក់ជូនស្ថានទូត និងស្ថាប័នអន្តរជាតិធំៗចំនួន ១៦ ប្រចាំរាជធានីភ្នំពេញ រូមមានស្ថានទូតអាមរិក ស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតបារាំង ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអង់គ្លេស ស្ថានទូតកូរ៉េខាងត្បូង ស្ថានទូតអូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (WB) និងការិយាល័យប្រតិភូនៃសហភាពអឺរ៉ុប។ ស្ថានទូត និងស្ថាប័នចំនួន ១៥ បានទទួលយកញត្តិរបស់សហគមន៍ព្រៃឡង់ ដោយឡែកស្ថានទូតវៀតណាម មិនទទួលយកញត្តិនោះទេ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តក្រចេះ លោក ផៃ ប៊ុនលៀង ថ្លែងថា ក្រុមរបស់លោកបានចំណាយពេលជាង ១ម៉ោងរង់ចាំដាក់ញត្តិនៅស្ថានទូតវៀតណាម ប៉ុន្តែមិនបានសម្រេចឡើយ។
វិទ្យុអាស៊ីសេរីបានទាក់ទងមន្ត្រីនាំពាក្យនៃស្ថានទូតវៀតណាម ដើម្បីសុំការអត្ថាធិប្បាយពីការមិនទទួលយកញត្តិនោះ តែមន្ត្រីរូបនោះមិនអធិប្បាយអំពីបញ្ហានេះឡើយ។
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារ លោក ស្វាយ ភឿន ថ្លែងថា ក្រុមរបស់លោកបានដាក់ញត្តិដែលមានស្នាមផ្ដិតមេដៃសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ដោយភ្ជាប់ជាមួយនូវខិត្តប័ណ្ណសម្ដែងក្ដីបារម្ភអំពីការបាត់បង់ព្រៃឡង់ ជូនធនាគារពិភពលោក ការិយាល័យសហគមន៍អឺរ៉ុប ស្ថានទូតអូស្ត្រាលី និងស្ថាប័នមួយចំនួនទៀត ឲ្យពិចារណាលើផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដោយការអភិវឌ្ឍន៍តំបន់ព្រៃឡង់ និងដាក់សម្ពាធចំពោះអ្នកដែលពាក់ព័ន្ធ។
ព្រៃឡង់មានទំហំ ៣,៦០០គីឡូម៉ែត្រក្រឡា ជាព្រៃធម្មជាតិចុងក្រោយ ហើយធំជាងគេនៅអាស៊ីអគ្នេយ៍ គ្របដណ្ដប់ភាគខាងជើងនៃប្រទេសកម្ពុជា លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង៕