អ្នក​ភូមិ​នៅ​រតនគិរី​៣​នាក់​ប្ដឹង​បុគ្គលិក​ក្រុមហ៊ុន​វៀតណាម​ពី​បទ​ប្រើ​អាវុធ​គំរាម

ជនជាតិ​ដើម​ភាគ​តិច ៣​នាក់ នៅ​ខេត្ត​រតនគិរី ប្ដឹង​បុគ្គលិក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ ពី​បទ​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ពួក​គាត់​ដែល​ចូល​ព្រៃ​រក​អនុផល​ព្រៃ​ឈើ​ប្រើប្រាស់​ក្នុង​គ្រួសារ។
ដោយ រដ្ឋា វីសាល
2012-11-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ថា នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​ក្រោយ​នេះ លោក​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ទាំង ៣​នាក់ ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត ដើម្បី​ស៊ើប​អង្កេត​ពី​ករណី​ចោទ​ប្រកាន់​គំរាម​កំហែង​ទៅ​លើ​ប្រជាពលរដ្ឋ។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា កន្លង​ទៅ លោក​បាន​ចុះ​អង្កេត​ពី​សេចក្ដី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​កាំ ឃុំ​ល្អក់ ស្រុក​អូរជុំ ចំនួន​បី​នាក់ ដែល​បាន​ប្ដឹង​មក​សមាគម​អាដហុក ពី​ករណី​ជនជាតិ​វៀតណាម ម្នាក់​ពាក់​ឯក​សណ្ឋាន​ទាហាន​ប៉ារ៉ា បាន​បាញ់​កាំភ្លើង​ម៉ាក​អាកា ៤៧ (AK 47) ចំនួន​ពីរ​គ្រាប់ គំរាម​ប្រជាពលរដ្ឋ​ទាំង ៣​នាក់ នៅ​ក្នុង​ព្រៃ​ខណៈ​ពេល​ប្រជាពលរដ្ឋ​ទាំង​បី​កំពុង​អារ​ច្រៀក​ឈើ ដែល​គេ​បន្សល់​ចោល​ក្នុង​ព្រៃ។

លោក​បន្ត​ថា នេះ​គឺ​ជា​សកម្មភាព​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ បាញ់​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​រស់​អាស្រ័យ​ផល​ធនធាន​ព្រៃ​ឈើ​ជា​លក្ខណៈ​ប្រពៃណី​ជន​ជាតិ​ដើម៖ «អ្នក​បាញ់​ហ្នឹង​អត់​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​ជា​ជន​ជាតិ​វៀតណាម»

កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា តំណាង​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា មាន​ការ​បាញ់​គំរាម​ឈ្មោះ ត្រាវិញ ខាំបន អាយុ ៣៧​ឆ្នាំ រាយការណ៍​ថា ពួកគាត់​ទាំង​បី​នាក់​ចូល​ព្រៃ​ចម្ងាយ​មួយ​គីឡូម៉ែត្រ​ពី​ភូមិ ក៏​ប្រទះ​ជនជាតិ​វៀតណាម បី​នាក់​ជា​កង​សន្តិសុខ និង​កម្មករ​ក្រុមហ៊ុន ស៊ី.អរ.ឌី (CRD) ប្រដាប់​ដោយ​អាវុធ​អាកា​វែង​មួយ​ដើម បាន​បាញ់​ទៅ​លើ​ពីរ​គ្រាប់​គំរាម​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ព្រៃ។

ប្រធាន​ភូមិ​កាំ លោក ឃុន តាណយ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ទាំង​បី​នាក់​ស្ដីពី​កង​សន្តិសុខ​ក្រុមហ៊ុន​បាញ់​កាំភ្លើង​គំរាម​ប្រជាពលរដ្ឋ ទើប​លោក និង​ក្រុម​សមត្ថកិច្ច​មាន​នគរបាល និង​កង​រាជ​អាវុធហត្ថ ចុះ​ទៅ​ទី​កើត​ហេតុ ក៏​ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​មិន​បាន​រក​ឃើញ​វត្ថុ​តាង​អ្វី​បន្សល់​នៅ​ទី​កើត​ហេតុ​នោះ​ទេ។

លោក​បន្ត​ថា ដោយសារ​ទីតាំង​កើត​ហេតុ​នៅ​ឆ្ងាយ​ពី​ភូមិ ហេតុ​នេះ​ទំនង​ជន​ប្រព្រឹត្ត​ល្មើស​បាន​ចាក​ចេញ​បាត់​ក្រោយ​ពេល​សមត្ថកិច្ច​ទៅ​ដល់៖ «គេ​អារ​ឈើ​ចំនៀរ​ៗ​ក្បែរ​ក្រុមហ៊ុន​បាន​គេ​បាញ់។ គេ​បាញ់​ឡើង​លើ គេ​គំរាម។ ម៉ាក​អាកា។ ខុស​ត្រូវ​អ្វី​ឲ្យ​យើង​និយាយ​គ្នា​តាម​សម្រួល​ទៅ។ តាំង​ពី​មុន​ហ្នឹង​ព្រៃ​សហគមន៍​ហើយ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​គេ​កាប់​យក»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​វិច្ឆិកា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ស៊ី.អរ.ឌី ណា​ម្នាក់​បំភ្លឺ​ករណី​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នោះ​បាន​ទេ។

នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ល្អក់ លោក យ៉េវ ចាយ មាន​ប្រសាសន៍​បញ្ជាក់​ថា សមត្ថកិច្ច​លោក​បាន​ចុះ​អង្កេត​នៅ​ទីតាំង​ក្រុមហ៊ុន​រួច​ហើយ តំណាង​ក្រុមហ៊ុន​បាន​បដិសេធ​ថា មិន​មាន​បុគ្គលិក​ក្រុមហ៊ុន​ណា​ម្នាក់​បាន​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​នោះ​ទេ៖ «យើង​សួរ​ពួក​វៀតណាម ពីរ​បី​នាក់ មាន​អ្នក​បក​ប្រែ​មួយ​ទៀត ខ្ញុំ​សួរ​ថា មាន​អត់​កាំភ្លើង​ហ្នឹង? គេ​ថា​អត់​មាន​ទេ ហើយ​មនុស្ស​ហ្នឹង​គេ​ថា អត់​មាន​ដែរ​ពី​មុនៗ គេ​យក​កម្លាំង​ប៉ុស្តិ៍​យើង​ហើយ​រឿង​អាវុធ​រឿង​អ្វី​ហ្នឹង ប៉ុស្តិ៍​ខ្ញុំ​ទៅ​យាម​រយៈពេល​មួយ​ខែ គេ​ថា​អត់​មាន​ទេ​អាវុធ​ហ្នឹង»

យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ លោក ត្រាវិញ ខាំបន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ស្គាល់​ច្បាស់​ជន​ជាតិ​វៀតណាម ដែល​បាញ់​កាំភ្លើង​គំរាម​លោក មាន​គ្នា​បី​នាក់។ ពីរ​នាក់​ស្លៀក​ខោ​ខ្លី កាន់​កាំបិត​ម្នាក់​មួយ និង​ម្នាក់​សំលៀក​បំពាក់​ទាហាន​ប៉ារ៉ា កាន់​កាំភ្លើង​វែង បាញ់​គំរាម ហើយ​លោក​ស្គាល់​មនុស្ស​ពីរ​នាក់​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ស៊ី.អរ.ឌី។ លោក​អំពាវនាវ​ឲ្យ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ស្រុកខ្មែរសព្វថ្ងៃត្រូវយួនរុករានគ្មានសល់កន្លែងណាទេ មិនថាក្នុងព្រៃក្នុងទឹក លើដីលើមេឃ
ក្នុងភូមិក្នុងវត្ត ក្នុងខែត្រក្នុងក្រុង ប្រម៉ាត់បេះដូងខ្មែរត្រូវយួនទន្រ្ទានគ្មានសល់ឡើយ

Nov 11, 2012 04:45 PM

KHMER

ពី BOTHELL,WASHINGTON USA

Then in Ancient,the Khmer's King never let Khmer people to respect person who outside country.Now stupid leader let the people outside countries value on Khmer.

Nov 11, 2012 01:31 PM

Nimol

ពី P.P

This is Cambodia that neighbor countries, especially Youn is more preferable and more power than the native.

Nov 11, 2012 05:33 AM

អ្នក​អាន​អនាមិក

DON'T BE DISAPPOINTED,DESPITE THEY ARE VN,THEY ONLY SHOT TO THE SKY. BETTER THAN KHMER ,THEY SHOT TO KILL.

Nov 11, 2012 11:06 AM