ទឹក​កក​វៀតណាម​សម្រុក​ចូល​ស្រុក​ខ្មែរ រោងចក្រ​នៅ​តាកែវ​អាច​បិទ​ទ្វារ

មាន​មតិ​រិះគន់​ថា កន្លង​មក​មាន​បន្លែ​ជា​ច្រើន​តោន ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដូច​ជា​វៀតណាម និង​ថៃ​ជា​ដើម។ ឥឡូវ​នេះ សូម្បី​តែ​ទឹកកក ក៏​មាន​នាំ​ចូល​មក​លក់​ពី​ប្រទេស​វៀតណាម​ដែរ។

0:00 / 0:00

ក្រុម​អាជីវករ​ផលិត​ទឹកកក​នៅ​ក្នុង​ខេត្ត​តាកែវ ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​របស់​គាត់​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បិទ​ទ្វា​រ​នៅ​ថ្ងៃ​ខាង​មុខ​ជា​មិន​ខាន ដោយ​សារ​តែ​អាជ្ញាធរ​ខេត្ត​តាកែវ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​មួយ នាំ​ចូល​ទឹក​កក​ផ្ដាច់​មុខ​ពី​ប្រទេស​វៀតណាម មក​លក់​នៅ​ក្នុង​ខេត្ត​តាកែវ សម្រាប់​រយៈ​ពេល ១០​ឆ្នាំ ដែល​កិច្ច​សន្យា​នេះ​បាន​ចាប់​ពី​ឆ្នាំ​២០១០។

ប្រភព​ពី​អាជីវករ​បាន​ឲ្យ​ដឹង​ថា អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន បាន​ប្រកាស​សម្រេច​ដូច្នេះ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១០ កន្លង​មក គឺ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​នោះ ឈ្មោះ ហ៊យ ហៀង នាំ​ចូល​ទឹក​កក​ផ្ដាច់​មុខ​មក​លក់​ក្នុង​ខេត្ត​តាកែវ។

ការ​នាំ​ចូល​នោះ គឺ​តាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ភ្នំដិន ចំនួន​ជិត ១០០០​ដើម ក្នុង​មួយ​ថ្ងៃ និង​តាម​ច្រក​ព្រំដែន​កោះ​អណ្ដែត និង​ច្រក​មួយ​ចំនួន​ទៀត គឺ​ដឹក​តាម​ទូក​វៀតណាម។

អាជីវករ​ផលិត​ទឹក​កក​នៅ​ស្រុក​គីរីវង់ ខេត្ត​តាកែវ លោក ហ៊ុយ ស្រេង អាយុ ​៤៦​ឆ្នាំ ដែល​រោង​ចក្រ​របស់​លោក អាច​ផលិត​ទឹក​កក​បាន​ចំនួន​ជាង ៥០០​ដើម​ក្នុង​មួយ​ថ្ងៃ បាន​ថ្លែង​ថា ម្ចាស់​រោង​ចក្រ​ផលិត​ទឹក​កក​មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​ទឹក​កក​នាំ​ចូល​នោះ​បាន​ទេ ដោយ​សារ​តែ​គេ​លក់​ក្នុង​តម្លៃ​ថោក​ជាង ៖ "ក្រុមហ៊ុន​មិន​ទាន់​ដឹក​មក​ហ្នឹង ខ្ញុំ​លក់​ក្នុង​ថ្ងៃ​អស់ ២០០​ដើម ទៅ​៣០០​ដើម។ តែ​ឥឡូវ​នេះ នៅ​សល់​តែ ៨០​ដើម​ក្នុង​មួយ​ថ្ងៃ ឈាន​ទៅ​រក​បិត ព្រោះ​ចៅហ្វាយ​ខេត្ត​គាត់​បាន​និយាយ​ហើយ គាត់​ថា​បើ​ប្រេង​ឡើង​ថ្លៃ រត់​មិន​រួច​ឈប់ និង​ទិញ​ទឹក​កក​ពី​ក្រុមហ៊ុន​មក​លក់​វិញ"

អាជីវករ​ផលិត​ទឹក​កក​ម្នាក់​ទៀត ឈ្មោះ ជា សុខ អាយុ​៦៥​ឆ្នាំ ដែល​មាន​រោង​ចក្រ​ផលិត​ទឹក​កក​បាន​ចំនួន​ជាង ៣០០០​ដើម ក្នុង​មួយ​ថៃ្ង នៅ​ស្រុក​ដូនកែវ ខេត្ត​តាកែវ បាន​ថ្លែង​ថា ៖ "សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​គោរព​តាម​ក្រសួង​ទាំង​៣ ក្រសួង​ឧស្សាហកម្ម​មួយ ក្រសួង​មហា​ផ្ទៃ​មួយ និង​ក្រសួង​ពាណិជ្ជកម្ម គេ​បាន​ចុះ​ឲ្យ​ទប់​ស្កាត់ ប៉ុន្តែ​អាជ្ញាធរ​គេ​អត់​ទប់។ គេ​មាន​អំណាច ប្រជា​ជន​មិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច"

អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន បាន​មាន​ប្រសាសន៍​បំភ្លឺ​យ៉ាង​ខ្លី​ថា លោក​អនុវត្ត​តាម​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

មន្ត្រី​នគរបាល​នៅ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ភ្នំដិន លោក សុខ សំណាង បាន​មាន​ប្រសាសន៍​ថា អ្វីៗ​ថ្នាក់​ខេត្ត​ជា​អ្នក​សម្រេច ៖ "ដូច​ជា​មិន​មាន​រូបភាព​អ្វី​ធំ​ដុំ​ផង។ ខ្ញុំ​អត់​ដឹង​ថា​ខាង​ណា​គេ​ចេញ​ច្បាប់​យ៉ាង​ម៉េច​ទេ? សូម​សួរ​ទៅ​បង​ចៅហ្វាយ​ខេត្ត។ ថៃ្ង​មុន​ខ្ញុំ​ឃើញ​បង​ចៅហ្វាយ​ខេត្ត​គាត់​ប្រជុំ​រឿង​ហ្នឹង។ មិន​ថា​ប្រជុំ​ជា​មួយ​ខាង​ក្រសួង"

ក្រុម​អាជីវករ​ផលិត​ទឹក​កក​នៅ​ក្នុង​ខេត្ត​តាកែវ​ ត្រូវ​បាន​កោះ​ហៅ​ប្រជុំ​នៅ​ឯ​សាលា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា កន្លង​ទៅ​នេះ ជា​មួយ​អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន ប៉ុន្តែ​ពុំ​មាន​ដំណោះ​ស្រាយ ដែល​ធ្វើ​ឲ្យ​អាជីវករ​ពេញ​ចិត្ត​ទេ។

ប្រភព​ពី​អាជីវករ​បាន​ថ្លែង​ថា នៅ​ក្នុង​ខេត្ត​តាកែវ មាន​រោង​ចក្រ​ផលិត​ទឹក​កក​ចំនួន ១៨​រោង​ចក្រ ប៉ុន្តែ​នៅ​ក្នុង​ស្រុក​គីរីវង់ ខេត្ត​តាកែវ មាន​រោង​ចក្រ​ចំនួន​៣។ រោង​ចក្រ​ផលិត​ទឹក​កក​មួយ នៅ​ក្នុង​ចំណោម​បី​នោះ បាន​ក្ស័យ​ធន បិទ​ទ្វារ​​ហើយ៕