វៀតណាម​លួច​ជីក​រក​រ៉ែ​មាស​នៅ​ស្រុក​សៀមប៉ាង​ខែត្រ​ស្ទឹងត្រែង?

2008-05-16

អ្នកភូមិ​រស់នៅ​ឃុំ​សេកុង ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មាន​សកម្មភាព​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​ដោយ​ជនជាតិ​វៀតណាម​ប្រមាណ ១០០​នាក់ នៅឯ​តំបន់​អូរ​ក្រឡាពស់​នៃ​តំបន់​ព្រៃភ្នំ​ក្នុង​ស្រុក​សៀមប៉ាង ។

អ្នក​ភូមិ​ឈ្មោះ ស៊ីនូ ស៊ីដ រស់នៅ​ភូមិ​បានហួយ បញ្ជាក់​ឲ្យ​ដឹង​ថា អ្នកភូមិ​ប្រមាណ ២០​នាក់​ដែល​ប្រកប​របរ​បេះ​ផ្លែ​សំរ៉ង​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​សកម្មភាព​មាន​ម៉ាស៊ីន​ខួង​រ៉ែ និង​ជនជាតិ​វៀតណាម​កំពុង​រែង​មាស​នៅក្នុង​អូរ កាលពី​សប្តាហ៍​មុននេះ ទើប​ពួកគាត់​ផ្តល់​ព័ត៌មាន​អំពី​ហេតុការណ៍​នេះ ៖ «ឃើញ​វៀតណាម​រែង​មាស​នៅ​អូរក្រឡា​ពស់ ភ្នំ​ក្រឡា​ពស់​នោះ​ណា មិន​ដឹង​មក​ពី​ណា ... គ្នា​វា​ច្រើន​ប្រហែល ១០០​នាក់ មាន​ទាំង​ប្រុស​ទាំង​ស្រី​ផង»

បើ​តាម​អ្នកភូមិ​ដែល​ស្គាល់​ទីតាំង​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ ឲ្យ​ដឹង​ថា អូរ​ក្រឡា​ពស់ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២៥​គីឡូម៉ែត្រ​ពី​ភូមិ​បានហួយ នៅ​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ ជាប់​នឹង​តំបន់​ភ្នំ​ក្រឡាពស់ ជា​តំបន់​ព្រំប្រទល់​ស្រុក​សៀមប៉ាង និង ស្រុក​សេសាន ដែល​មាន​ប្រភព​រ៉ែ​ធ្យូង​ថ្ម ដែល​របប​ខ្មែរ​ក្រហម​ជីក​យក​មក​ប្រើប្រាស់ ។

អភិបាល​ស្រុក​សេសាន លោក ព្រំ សារឹម មាន​ប្រសាសន៍​បញ្ជាក់​ថា ពុំ​មាន​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះទេ ។ លោក​បញ្ជាក់​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន ធ្លាប់​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​រ៉ែ​នៅ​ទីនោះ ក៏ប៉ុន្តែ រ៉ែ​ពុំទាន់​អាច​ប្រើប្រាស់​បាន​នៅ​ឡើយ ហើយ​តំបន់​នោះ មួយ​ចំណែក​ស្ថិត​នៅក្នុង​ផែនទី​រដ្ឋបាល​របស់​ស្រុក​សៀមប៉ាង ដូច្នេះ​លោក​មិន​ដឹង​ពី​ករណី​ខាងលើ​នេះ​ទេ ។

លោក ព្រំ សារឹម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​ខាង​ភូមិ​បានហួយ ខ្ញុំ​អត់​ដឹង​ទេ ប៉ុន្តែ​បើ​ខាង​ក្រឡា​ពស់​អត់​មាន​ទេ ។ មាន​ការសិក្សា​មួយ​ពី​បញ្ហា​ធ្វើ​ទំនប់ ខាង​ភាគី​វៀតណាម​កំពុង​សិក្សា បញ្ហា​ទៅ​ជីក​រ៉ែ ជីក​អី អត់​មាន​ទេ ។ មាន​ក្រុមហ៊ុន​ច្រើន​ណាស់​សិក្សា គេ​ថា ធ្យូង​ថ្ម​ហ្នឹង វា​ខ្ចី​មិន​អាច​ប្រើ​បាន​ទេ ។ សិក្សា​ច្រើន​គ្នា​ហើយ តាំង​ពី​ចិន ថៃ»

ចំណែក​អភិបាល​រង​ស្រុក​សៀមប៉ាង លោក គង់ គឹមស្រ៊ុន បញ្ជាក់​ថា តំបន់​ដែល​មាន​សេចក្តី​រាយការណ៍​ខាងលើ​គឺ​ស្ថិត​នៅក្នុង​ភូមិសាស្រ្ត​ស្រុក​សេសាន​ទៅវិញ​ទេ ដូច្នេះ អាជ្ញាធរ​ស្រុក​សៀមប៉ាង មិន​ទទួល​ខុស​ត្រូវ​ករណី​នោះ​ឡើយ ។

លោក គង់ គឹមស្រ៊ុន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខាង​ក្រុមហ៊ុន​គេ​ជួល​កម្មករ​វៀតណាម​មក អាហ្នឹង​រឿង​ស្រប​ច្បាប់ ឬ​មិន​ស្រប​ច្បាប់ អត់​ដឹង ពីព្រោះ​ស្រុក​ខ្ញុំ​ក្ដាប់​អត់បាន វា​មិន​មែន​ជា​ដែនដី​របស់​ខ្ញុំ»

ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ឋាមពល ខេត្ត​ស្ទឹងត្រែង បដិសេធ​ថា មិន​បាន​ដឹង​ពី​រឿង​នោះ​ដូចគ្នា ដោយ​លោក​ថា ប្រសិន​បើ​មាន​សកម្មភាព​ដូច​សេចក្តី​រាយការណ៍​ខាងលើ​មែន នោះ​គឺ​ជា​ក្រុម​អនាធិបតេយ្យ​ហើយ ៗ លោក​អះអាង​ថា នឹង​ត្រួត​ពិនិត្យ​បញ្ហា​នេះ ៖ «ខ្ញុំ​អត់​ដឹង​ដែរ បើ​សិន​វា​ធ្វើ​អ៊ីចឹង គឺ​សុទ្ធ​ធ្វើ​លួច​លាក់​ហើយ វា​មិន​អាច​ទៅ​ធ្វើ​អ៊ីចឹង​បាន​ទេ»

មន្រ្តី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត​ស្ទឹងត្រែ បញ្ជាក់​ដែរ​ថា ក្រសួង​ឧស្សាហកម្ម​ពុំ​ទាន់​មាន​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ណា​មួយ រុក​រក​រ៉ែ​មាស​នៅក្នុង​ខេត្ត​នេះ នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​ប្រភព​ពី​ក្រុមហ៊ុន​មួយ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​នៅទីនោះ​បញ្ជាក់​ថា តំបន់​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ជនជាតិ​វៀតណាម​នោះ​គឺ​ជា​ការលួច​លាក់​ធ្វើ​ដោយ​បំពាន​ច្បាប់ ៕

អត្ថបទ​ដែល​ទាក់ទង

បំរាម​ផ្អាក​ការរៀបការ​រវាង​ស្ត្រី​ខ្មែរ​និង​ជន​បរទេស​មិន​ទាន់​ក្លាយ​ជា​អចិន្ត្រៃយ៍​ទេ

ប៉េអឹម​ខេត្ត​កំពង់ធំ​៣​រូប​រង​ការចោទ​ថា​គំរាម​ប្រជា​សហគមន៍

មាន​ជន​មួយ​ចំនួន​ឃុបឃិត​នឹង​គ្រូពេទ្យ​យក​ឈាម​សប្បុរសជន​ទៅ​លក់

ខុមហ្វ្រែល​រៀបចំ​វេទិកា​សាធារណៈ​លើក​ទី​៣​នៅ​កំពង់ចាម

ពលរដ្ឋ​៥០០​នាក់​នៅ​ស្រុក​អង្គស្នួល​ទាមទារ​ឲ្យ​ត​បណ្ដាញ​អគ្គិសនី​រដ្ឋ

ក្រុង​ភ្នំពេញ​អាច​នឹង​មាន​អគ្គិសនី​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០០៩

ភរិយា​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក ចន ម៉ាកខេន មក​កម្ពុជា

គ្រឿង​ញៀន​ជាង​២០០​គីឡូក្រាម​ត្រូវ​បាន​ដុត​បំផ្លាញ

ទូត​អាល្លឺម៉ង់​ផ្ដល់​ឧបករណ៍​ប្រព័ន្ធ​ពន្លឺ​ព្រះអាទិត្យ​ដល់​មណ្ឌល​កុមារ​កំព្រា​នៅ​កំពង់ធំ

យុវជន​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​គប់​សម្បក​ដូង​ទៅ​លើ​ព្រះឆាយា​ល័ក្ខណ៍​សម្ដេច​យាយ