អ្នកភូមិឈ្មោះ ស៊ីនូ ស៊ីដ រស់នៅភូមិបានហួយ បញ្ជាក់ឲ្យដឹងថា អ្នកភូមិប្រមាណ ២០នាក់ដែលប្រកបរបរបេះផ្លែសំរ៉ងក្នុងព្រៃ បានប្រទះឃើញសកម្មភាពមានម៉ាស៊ីនខួងរ៉ែ និងជនជាតិវៀតណាមកំពុងរែងមាសនៅក្នុងអូរ កាលពីសប្តាហ៍មុននេះ ទើបពួកគាត់ផ្តល់ព័ត៌មានអំពីហេតុការណ៍នេះ ៖ «ឃើញវៀតណាមរែងមាសនៅអូរក្រឡាពស់ ភ្នំក្រឡាពស់នោះណា មិនដឹងមកពីណា ... គ្នាវាច្រើនប្រហែល ១០០នាក់ មានទាំងប្រុសទាំងស្រីផង» ។
បើតាមអ្នកភូមិដែលស្គាល់ទីតាំងតំបន់ធ្វើអាជីវកម្មរ៉ែមាសនោះ ឲ្យដឹងថា អូរក្រឡាពស់ ស្ថិតនៅចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីភូមិបានហួយ នៅត្រើយខាងកើតទន្លេមេគង្គ ជាប់នឹងតំបន់ភ្នំក្រឡាពស់ ជាតំបន់ព្រំប្រទល់ស្រុកសៀមប៉ាង និង ស្រុកសេសាន ដែលមានប្រភពរ៉ែធ្យូងថ្ម ដែលរបបខ្មែរក្រហមជីកយកមកប្រើប្រាស់ ។
អភិបាលស្រុកសេសាន លោក ព្រំ សារឹម មានប្រសាសន៍បញ្ជាក់ថា ពុំមានការធ្វើអាជីវកម្មរ៉ែមាសនៅតំបន់នោះទេ ។ លោកបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួន ធ្លាប់បានធ្វើការស្រាវជ្រាវរកប្រភពរ៉ែនៅទីនោះ ក៏ប៉ុន្តែ រ៉ែពុំទាន់អាចប្រើប្រាស់បាននៅឡើយ ហើយតំបន់នោះ មួយចំណែកស្ថិតនៅក្នុងផែនទីរដ្ឋបាលរបស់ស្រុកសៀមប៉ាង ដូច្នេះលោកមិនដឹងពីករណីខាងលើនេះទេ ។
លោក ព្រំ សារឹម មានប្រសាសន៍ដូច្នេះថា ៖ «បើខាងភូមិបានហួយ ខ្ញុំអត់ដឹងទេ ប៉ុន្តែបើខាងក្រឡាពស់អត់មានទេ ។ មានការសិក្សាមួយពីបញ្ហាធ្វើទំនប់ ខាងភាគីវៀតណាមកំពុងសិក្សា បញ្ហាទៅជីករ៉ែ ជីកអី អត់មានទេ ។ មានក្រុមហ៊ុនច្រើនណាស់សិក្សា គេថា ធ្យូងថ្មហ្នឹង វាខ្ចីមិនអាចប្រើបានទេ ។ សិក្សាច្រើនគ្នាហើយ តាំងពីចិន ថៃ» ។
ចំណែកអភិបាលរងស្រុកសៀមប៉ាង លោក គង់ គឹមស្រ៊ុន បញ្ជាក់ថា តំបន់ដែលមានសេចក្តីរាយការណ៍ខាងលើគឺស្ថិតនៅក្នុងភូមិសាស្រ្តស្រុកសេសានទៅវិញទេ ដូច្នេះ អាជ្ញាធរស្រុកសៀមប៉ាង មិនទទួលខុសត្រូវករណីនោះឡើយ ។
លោក គង់ គឹមស្រ៊ុន មានប្រសាសន៍ដូច្នេះថា ៖ «ខាងក្រុមហ៊ុនគេជួលកម្មករវៀតណាមមក អាហ្នឹងរឿងស្របច្បាប់ ឬមិនស្របច្បាប់ អត់ដឹង ពីព្រោះស្រុកខ្ញុំក្ដាប់អត់បាន វាមិនមែនជាដែនដីរបស់ខ្ញុំ» ។
ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងឋាមពល ខេត្តស្ទឹងត្រែង បដិសេធថា មិនបានដឹងពីរឿងនោះដូចគ្នា ដោយលោកថា ប្រសិនបើមានសកម្មភាពដូចសេចក្តីរាយការណ៍ខាងលើមែន នោះគឺជាក្រុមអនាធិបតេយ្យហើយ ៗ លោកអះអាងថា នឹងត្រួតពិនិត្យបញ្ហានេះ ៖ «ខ្ញុំអត់ដឹងដែរ បើសិនវាធ្វើអ៊ីចឹង គឺសុទ្ធធ្វើលួចលាក់ហើយ វាមិនអាចទៅធ្វើអ៊ីចឹងបានទេ» ។
មន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តស្ទឹងត្រែ បញ្ជាក់ដែរថា ក្រសួងឧស្សាហកម្មពុំទាន់មានការអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយ រុករករ៉ែមាសនៅក្នុងខេត្តនេះ នៅឡើយទេ ក៏ប៉ុន្តែប្រភពពីក្រុមហ៊ុនមួយដែលធ្វើអាជីវកម្មរ៉ែនៅទីនោះបញ្ជាក់ថា តំបន់លួចធ្វើអាជីវកម្មរ៉ែមាសដោយជនជាតិវៀតណាមនោះគឺជាការលួចលាក់ធ្វើដោយបំពានច្បាប់ ៕
