ឈ្មួញ​ខ្មែរ​-​វៀតណាម​ចុះ​ប្រមូល​ទិញ​គោ​ក្របី​នៅ​ខែត្រ​ព្រៃវែង

គ្រួសារ​កសិករ​នៅ​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា មាន​ឈ្មួញ​ខ្មែរ និង​ឈ្មួញ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់ កំពុង​ដើរ​ប្រមូល​ទិញ​សត្វ​គោ​ក្របី​ពី​កសិករ​ក្រីក្រ នៅ​តាម​ភូមិ និង​ឃុំ​មួយ​ចំនួន តាម​ព្រំដែន​កម្ពុជា​-​វៀតណាម រាប់​សិប​ក្បាល​ក្នុង​មួយ​ថ្ងៃ​ៗ។

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្នុង​ប្រទេស​វៀតណាម​គេ​ត្រូវការ​សត្វ​ពាហនៈ​ទាំង​នោះ ដើម្បី​ហូប​សាច់ និង​បំប៉ន​សម្រាប់​ទុក​ប្រើប្រាស់។

គ្រួសារ​កសិករ​ខ្មែរ​នៅ​ក្នុង​ឃុំ​ស្ពឺ​ក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា លោក​មាន​ក្របី​ចំនួន ២​គូ​ដែរ ប៉ុន្តែ​លោក​មិន​ព្រម​លក់​ទេ ពីព្រោះ​លោក​ចង់​រក្សា​ទុក​វា​សម្រាប់​កម្លាំង​អូស​ទាញ។

លោក​បន្ត​ថា ៖ «ប្រជា​ពលរដ្ឋ​មួយ​ចំណែក​គាត់​ចេះ​តែ​ជំពាក់​គេ គាត់​ចេះ​តែ​លក់​ៗ​ទៅ ប្រហែល​ជា​អាច​អស់​ហើយ​មើល​ទៅ ព្រោះ​ស្គម​ធាត់​អី គេ​យក​ទាំង​អស់!»

គ្រួសារ​កសិករ​ខ្មែរ​ម្នាក់​ទៀត បាន​ថ្លែង​ថា គាត់​បាន​លក់​សត្វ​គោ​តូច​ៗ​ចំនួន ៣​ក្បាល បាន​ប្រាក់​ចំនួន​ជាង ១​លាន​រៀល ដោយសារ​ជំពាក់​បំណុល​គេ ៖ «ក្រ​ក៏​ក្រ ហើយ​ចង​ការ​ប្រាក់​គេ! បើ​គ្មាន​ទៅ​រក​គេ! អ៊ីចឹង​គ្មាន​ទៅ ចេះ​តែ​រក​នេះ រក​នោះ​លក់ មាន​របស់​អ៊ីចឹង​លក់​ទៅ!»។

សត្វ​គោ​មាឌ​តូច​ៗ ឈ្មួញ​ទិញ​ក្នុង​តម្លៃ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល សត្វ​គោ​ជំទង់ គេ​ទិញ​ក្នុង​តម្លៃ ៥០​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល និង​សត្វ​គោ​មាឌ​ធំ​ៗ ពេញ​កម្លាំង គេ​ទិញ​ក្នុង​តម្លៃ​ជាង ១​លាន​រៀល ទៅ ២​លាន​រៀល ក្នុង​មួយ​ក្បាល គឺ​ទិញ​ពី​កសិករ​ណា​ដែល​ត្រូវការ​ប្រាក់ និង​មាន​ជីវភាព​ទីទ័ល​ក្រ។ ចំណែក​សត្វ​ក្របី​មាឌ​តូច​ៗ គេ​ទិញ​ក្នុង​តម្លៃ ១​លាន​រៀល​ក្នុង​មួយ​ក្បាល ហើយ​ក្របី​មាឌ​ធំ​ៗ គេ​ទិញ​ក្នុង​តម្លៃ​ជាង ២​លាន​រៀល ក្នុង​មួយ​ក្បាល។

ការ​ប្រមូល​ទិញ​នេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ស្ទើរ​ទូទាំង​ខេត្ត​ព្រៃវែង ហើយ​មាន​រថយន្ត​ធំ​ៗ​សម្រាប់​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ដែល​គេ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​ការ​ប្រមូល​ទិញ​សត្វ​គោ​ក្របី​ខាង​លើ​នេះ ប្រធាន​ក្រុមហ៊ុន​ឈ្មោះ យុវ​ពាណិជ្ជ គឺ​លោក ជីម សុខ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​ប្រមូល​ទិញ​សត្វ​គោ​ក្របី​ចំនួន​ជាង ២​ម៉ឺន​ក្បាល​ក្នុង ១​ឆ្នាំ​ៗ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម។

លោក ជីម សុខ បាន​បញ្ជាក់​ថា ៖ «ប្រជា​ពលរដ្ឋ​លោក​លក់​ដូរ​ហ្នឹង ដើម្បី​ដោះស្រាយ​ការ​ហូប​ចុក​ក្នុង​គ្រួសារ​របស់​គាត់ ហ្នឹង​ធម្មតា​ទេ! គោ​ក្របី​ដែល​គេ​សល់​ពី​ការ​ប្រើប្រាស់​អី​ហ្នឹង គេ​លក់​ដូរ​សម្រាប់​តម្រូវការ​លក្ខណៈ​គ្រួសារ​របស់​គេ»

ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០០៣​កន្លង​ទៅ ក្នុង​នាំ​ចេញ​សត្វ​គោ​ក្របី​នោះ។

មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​មាន​កម្លាំង​អូស​ទាញ មាន​ដូច​ជា​សត្វ​គោ និង​ក្របី ចំនួន​ជាង ២​លាន​ក្បាល។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​នៅ​ឡើយ​ទេ ជុំវិញ​រឿង​ខាង​លើ​នេះ ដោយ​លោក កៅ ផល និង​លោក ចាន់ ទុងអ៊ីវ បាន​ប្រាប់​ថា លោក​កំពុង​តែ​ជាប់​រវល់​ប្រជុំ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក យ៉ង សាំងកុមារ អាយុ ៤៣​ឆ្នាំ ដែល​តែងតែ​តាមដាន​ស្ថានការណ៍​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វា​មាន​ផល​ល្អ​ផង និង​ផល​អាក្រក់​ផង ចំពោះ​ការ​ប្រមូល​ទិញ​កម្លាំង​អូស​ទាញ​សម្រាប់​ធ្វើ​ស្រែ​នេះ។

លោក យ៉ង សាំងកុមារ បាន​អះអាង​ថា ៖ «រឿង​ល្អ​នៅ​ត្រង់​អ៊ីចេះ​ទេ ត្រង់​ថា វា​អាច​ចូលរួម​ចំណែក​ឲ្យ​មាន​ទីផ្សារ​សម្រាប់​គោ​ក្របី​ហ្នឹង។ វា​អាច​មាន​ការ​ឡើង​ថ្លៃ ដោយសារ​មាន​តម្រូវការ​អ៊ីចឹង​ណា៎! ហើយ​ទី​២ វា​អាច​ជា​រឿង​មិន​ល្អ។ អ្នក​ខ្លះ​មាន​ជីវភាព​ខ្វះ​ខាត អាច​បង្ខំ​ចិត្ត​លក់​ទាំង​អស់​ហ្នឹង​ទៅ វា​អាច​ប៉ះពាល់​ដល់​កម្លាំង​អូស​ទាញ»

​លោក​ទទូច​សុំ​ឲ្យ​កសិករ​ខ្មែរ​នានា​ចេះ​រក្សា​ទុក​កម្លាំង​អូស​ទាញ​ខ្លះ សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ៕