ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តិនយុង Nguyen Tan Dung ថ្ងៃទី១៥ វិច្ឆិកា លោកនាយករដ្ឋមន្ត្រីវៀតណាមបានប្រាប់លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ថាវៀតណាម ចង់វិនិយោគរុករករ៉ែ ឧស្ម័ន នៅផ្ទៃដីគោកកម្ពុជា។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី១៥ វិច្ឆិកា ក្រោយជំនួប រវាងលោកនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជា នៅគណៈរដ្ឋមន្ត្រីថា វៀតណាមគឺជាដៃគូរពាណិជ្ជកម្មដ៏ល្អរបស់កម្ពុជា ៖ «សម្ដេចបានមានប្រសាសន៍ថា នៅពេលប្រទេសមួយចំនួន បង្កកទុនវិនិយោគនៅកម្ពុជា វៀតណាមបានបង្កើនទុនវិនិយោគចូលកម្ពុជា នេះជាឱកាសមួយដែលធ្វើឲ្យកម្ពុជាបានទទួលការងារធ្វើផង ហើយយើងបានផ្ទេរបច្ចេកវិជ្ជាមួយចំនួនចូលមកកម្ពុជាផង មកកាន់តែច្រើនយើងនឹងស្វាគមន៍»។
យ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលកម្ពុជា មិនអាចបញ្ជាក់ឈ្មោះក្រុមហ៊ុនវៀតណាមនេះបានទេ នៅថ្ងៃទី១៥ វិច្ឆិកា។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមទៀតថា ៖ «នៅពេលដែលរុករកប្រេង យើងមិនទាន់ដឹងច្បាស់ថា តើប្រេងនៅកន្លែងត្រង់នឹងមានឬអត់ បើមានហើយមានកម្រិតណា តើប្រើប្រាស់ចំណេញទេ លក់បានទេ អ៊ីចឹង យើងថា ជាកិច្ចអនុញ្ញាតឲ្យរុករកប្រេងនិងឧស្ម័ន»។
ប្រទេសកម្ពុជាមានក្រុមហ៊ុនបរទេសរុករករ៉ែប្រេងមួយចំនួនដូចជាក្រុមហ៊ុនអាមេរិក ឈិវហ្វ្រាន់ (Chevron) បានរុករកឃើញប្រេងនៅបាតសមុទ្រកម្ពុជា ក្រុមហ៊ុន ស៊ីអិនអូអូស៊ី (CNOOC) ដែលក្រុមហ៊ុនប្រទេសចិនប្រជាមានិត និងក្រុមហ៊ុនដទៃទៀតមកពីប្រទេសបារាំង ចិន ជប៉ុន កូរ៉េជាដើម។
របាយការណ៍ធនាគារពិភពលោកថ្មីៗនេះបង្ហាញថា កម្ពុជាមានសក្ដានុពលប្រេង ចំនួន ២ពាន់លានធុង ដែលគេរំពឹងថា ប្រាក់ចំណូលបានមកពីប្រេងនេះ នឹងអាចធ្វើឲ្យសេដ្ឋកិច្ចប្រជាជនកម្ពុជាចំនួនជាង ១៤លាននាក់ មានជីវភាពធូរធារ ខណៈដែលមានការរិះគន់ និងព្រមានពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិដល់រដ្ឋាភិបាលកម្ពុជាអំពីអំពើពុករលួយលើប្រាក់ចំណូលប្រេងនេះដែល អាចធ្វើឲ្យប្រជាជនកម្ពុជាចំនួនជាង ២៧ភាគរយដែលរស់នៅក្រោមបន្ទាត់ក្រីក្រនោះ នៅតែក្រដដែល៕
