នាយក​រដ្ឋ​មន្ត្រី​វៀតណាម ង្វៀន តាន់​យ៉ុង កាន់​អំណាច​បន្ត

នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​វៀតណាម លោក ង្វៀន តាន់យ៉ុង (Nguyen Tan Dung) ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ថែម​មួយ​អាណត្តិ​ទៀត ក្នុង​កិច្ច​ប្រជុំ​សភា កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ២០១១ នេះ។

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​ទស្សន៍ទាយ​ទុក​ថា ប្រសិន​បើ​លោក ង្វៀន តាន់យ៉ុង វិល​មក​កាន់​អំណាច​បន្ត ៥​ឆ្នាំ​ទៀត​នោះ ស្ថាន​ភាព​សិទ្ធិ​សេរីភាព​ទាំង​ឡាយ​ក្នុង​ប្រទេស​វៀតណាម នឹង​មាន​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង។

កាល​ពី​ខែ​មេសា អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ (Amnesty International) បាន​សំដែង​នូវ​ក្ដី​បារម្ភ​ចំពោះ​ការ​ដាក់​គុក​សកម្ម​ជន​សិទ្ធិ​មនុស្ស​ជា​បន្ត និង​ក្រុម​អ្នក​ទិតៀន​ស្ថាន​ភាព​នយោបាយ​ក្នុង​ប្រទេស​វៀតណាម​ជា​ច្រើន​រូប ដែល​បាន​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ឆ្នាំ​២០០៩ មក​នោះ។

លោក ង្វៀន តាន់យ៉ុង អាយុ​ ៦១​ឆ្នាំ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​ត្រូវ​បាន​ជ្រើស​រើស​ជា​នាយក​រដ្ឋ​មន្ត្រី​មួយ​អាណត្តិ​ទៀត តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​និមិត្តរូប​ដោយ​រដ្ឋសភា ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម។

ក្រុម​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​ក៏​បាន​ប្រមើល​មើល​ឃើញ​ផង​ដែរ​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ក្រោម​ការ​ដឹកនាំ​របស់​លោក ង្វៀន នឹង​រឹត​បន្តឹង​ការ​ត្រួត​ត្រា​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ពល​រដ្ឋ​វៀតណាម​នាំ​គ្នា​ក្រោក​ឡើង​ធ្វើ​ការ​បះបោរ ដែល​អាច​នឹង​ផ្ទុះ​ឡើង​ដូច​គ្នា​នឹង​ស្ថាន​ភាព​នៅ​ពិភព​អារ៉ាប និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស។

ទីភ្នាក់ងារ​ព័ត៌មាន អា​អេហ្វ​ប៉េ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា បាន​រាយការណ៍​ថា ប្រទេស​វៀតណាម​មាន​អត្រា​អតិផរណា ឬ​ការ​ស្រុត​ចុះ​នៃ​តម្លៃ​ក្រដាស​ប្រាក់​ខ្ពស់​បំផុត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​លើ​ពិភព​លោក ដែល​សូម្បី​តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​រដ្ឋាភិបាល​វៀតណាម​ក៏​បាន​និយាយ​ថា បញ្ហា​នេះ​បាន​បណ្ដាល​ឱ្យ​ក្រុម​កម្មករ​នាំ​គ្នា​ធ្វើ​កូដកម្ម​កាន់​តែ​ច្រើន​ឡើង។

សហ​រដ្ឋ​អាមេរិក និង​ចក្រ​ភព​អង់គ្លេស​បាន​បង្ហាញ​ឱ្យ​ដឹង​ដូច​គ្នា​ថា ក្នុង​ឆ្នាំ​មុន​នេះ ការ​គាបសង្កត់​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង៕