ដំណើរទស្សនកិច្ចរបស់ក្រុមមេដឹកនាំវៀតណាមនេះ ធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តម សីហមុនី បន្ទាប់ពីព្រះអង្គបានយាងទៅទស្សនកិច្ចប្រទេសវៀតណាមកាលពីចុងខែមិថុនា ឆ្នាំ២០១០ កន្លងទៅ។
មន្ត្រីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២២សីហា ថា ប្រធានរដ្ឋប្រទេសវៀតណាម លោក ង្វៀង មិញ ទ្រៀត (Nguyen Minh Triet) និង ភរិយាគឺ លោកជំទាវ ត្រាន់ ធី គិមជី (Tran Thi Kim Chi) នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជា ជាផ្លូវការរដ្ឋចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០។
លោក កុយ គង់ មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២២ សីហាថា ដំណើរទស្សនកិច្ចមេដឹកនាំវៀតណាម គឺជាការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែប៉ុណ្ណោះ មិនមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងពាណិជ្ជកម្មអ្វី ក្រៅតែពីការរឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពយូរអង្វែងនៃប្រទេសទាំងពីរនោះទេ ៖ «ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ តាមការយាងរបស់ព្រះមហាក្សត្រអញ្ជើញ លោកប្រធានាធិបតីវៀតណាមនិងលោកជំទាវ ជាពិសេសចូលគាល់ព្រះមហាក្សត្រ ហើយនឹងជួបមេដឹកនាំកម្ពុជាជាន់ខ្ពស់ដទៃទៀត ក្នុងនោះក៏មានចូលថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈផងដែរ»។
សូមរំលឹកថា កាលពីចុងខែមិថុនាឆ្នាំ២០១០ ព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តម សីហមុនី និងអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ និងព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ បានយាងទៅទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេលបួនថ្ងៃ ដែលទស្សនកិច្ចនេះត្រូវបានប្រកាសជាផ្លូវការថា ជាការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានមនោសញ្ចេតនាជ្រាលជ្រៅរវាងគ្នានឹងគ្នា ហើយបានអរគុណគ្នាទៅវិញទៅមក ដែលភាគីទាំងពីរចេះជួយគ្នា រួមដៃគ្នាតស៊ូវាយប្រយុទ្ធខ្មាំងសត្រូវរួមគ្នា ដើម្បីដណ្ដើមឯករាជជាតិ។
ទាក់ទងដំណើរទស្សនកិច្ចនេះ មន្ត្រីបក្សជំទាស់សមរង្សី លោក យឹម សុវណ្ណ បានអំពាវនាវឲ្យរដ្ឋាភិបាលទាំងពីរ កម្ពុជា-វៀតណាម ពិនិត្យសើរើឡើងវិញអំពីបញ្ហាព្រំដែន និងអតុល្យភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងអន្តោប្រវេសន៍វៀតណាមដែលហូរចូលមកប្រទេសកម្ពុជា ដែលលោកថ្លែងថា វៀតណាមកំពុងដើរតួជាអ្នកត្រួតត្រាកម្ពុជា មិនមែនជាមិត្តកម្ពុជានោះទេ ៖ «សុំឲ្យប្រទេសវៀតណាមនឹងកុំបោះបង្គោលព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា។ ទាក់ទងសេដ្ឋកិច្ច យើងមានឱនភាពច្រើនណាស់ ប្រទេសវៀតណាមនាំចូលប្រទេសកម្ពុជាជិតទៅជាង ២០០០លានដុល្លារហើយ តែប្រទេសកម្ពុជានាំទៅប្រទេសវៀតណាមវិញ មិនបានដល់១០ភាគរយដែលប្រទេសវៀតណាមនាំចូលទេ។ អន្តោប្រវេសន៍ ក៏ជាបញ្ហាក្តៅគគុកដែរ យើងឃើញថា ហូរចូលមកប្រទេសយើងច្រើនណាស់ ជាពិសេសអន្តោប្រវេសន៍វៀតណាម។ ខ្ញុំក៏ទន្ទឹមនឹងនេះសុំមានការទទួលខុសត្រូវរបស់រដ្ឋាភិបាលដែលត្រូវអនុវត្តច្បាប់។ ទន្ទឹមនឹងនេះ ភាគីវៀតណាមក៏មិនត្រូវមានមហិច្ឆតាចង់មកគ្រប់គ្រងប្រទេសកម្ពុជា ឬក៏បញ្ជូនអន្តោប្រវេសន៍ចូលមកប្រទេសកម្ពុជាផងដែរ»។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា លោក ង្វៀង មិញ ទ្រៀត (Nguyen Minh Triet) កើតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៤២ ជាអតីតប្រធានបក្សកុម្មុយនិស្តវៀតណាម ប្រចាំទីក្រុង ហូ ជីមិញ។ លោកត្រូវបានសភាវៀតណាមបោះឆ្នោតឲ្យជាប់ជាប្រធានាធិបតីប្រទេសវៀតណាមនៅឆ្នាំ២០០៦។ ប្រភពដដែលឲ្យដឹងដែរថា ការធ្វើទស្សនកិច្ចនៅកម្ពុជានេះ គឺ លោក ង្វៀង មិញ ទ្រៀត ធ្វើឡើងនៅថ្ងៃបន្ទាប់ពីលោកធ្វើទស្សនកិច្ចនៅប្រទេសលាវ៕
