ប្រជាសហគមន៍ការពារធនធានធម្មជាតិនៃសហគមន៍ជនជាតិដើមភាគតិចភូមិឡុំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អះអាងថា រថយន្តធំៗចំនួនពីរគ្រឿងរបស់ឈ្មួញវៀតណាមត្រូវបានប្រជាសហគមន៍ព្យាយាមឃាត់ ខណៈពេលកំពុងដឹកជញ្ជូនឈើពីក្នុងព្រៃនៃភូមិឡុំក៏ប៉ុន្តែឈ្មួញបានទម្លាក់ឈើចោល ហើយបើកឆ្លងកាត់ព្រំដែនដោយគ្មានសមត្ថកិច្ចណាហាមឃាត់ ។
តំណាងសហគមន៍ចំនួនពីរនាក់ដែលនាំគ្នាធ្វើដំណើរមកដល់ការិយាល័យសមាគម អាដហុក ខេត្តរតនគិរី នៅព្រឹកថ្ងៃអង្គារ ទី១៣ ឧសភា ឆ្នាំ២០០៨ បញ្ជាក់ថា អ្នកភូមិតេន រស់នៅឃុំយ៉ាទុងជាប់ព្រំដែនប្រទេសវៀតណាមគឺជាអ្នកលួចកាប់ឈើក្នុងព្រៃអភិរក្សដោយអ្នកភូមិឡុំជាច្រើនខែមកហើយ ក៏ប៉ុន្តែអ្នកភូមិប្រទះឃើញតែគល់ឈើដែលគេអារបន្សល់ទុកក្នុងព្រៃ ទើបតែចុងសប្តាហ៍មុននេះ ក្រុមអ្នកភូមិឡុំបានស្ទាក់ឃាត់រថយន្តដឹកឈើវៀតណាមពីរគ្រឿងផ្ទុកដោយឈើពេញ បំណងដឹកជញ្ជូនចេញពីព្រៃ ទើបឈ្មួញសុខចិត្តចាកចេញជាមួយនឹងសេចក្តីអះអាងថា ពួកគេបានបង់ប្រាក់ទៅឲ្យតម្រួតព្រំដែនដើម្បីបានជញ្ជូនឈើឆ្លងដែន ។
តំណាងសហគមន៍បញ្ជាក់ ៖ «ពួកព្រំដែនគេបើកហ្នឹងហើយ បានយួនទៅ ដល់យួនទៅទិញ ពួកខ្ញុំចាប់ទៅបានជាយួនហ្នឹង អត់ហ៊ានទិញហ្នឹង គាត់ថាបើនៅភូមិឡុំគាត់ទម្លាក់ចេញ ។ ...ឆ្លងតាមប៉ុស្តិ៍ វាបង់មួយឡានវាថា ៥ម៉ឺនខ្មែរ» ។
បើតាមអ្នកភូមិបញ្ជាក់ថា ឈើត្រូវបានគេលួចកាប់នៅក្នុងព្រៃចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីព្រំដែនដឹកជញ្ជូនចេញតាមប៉ុស្តិ៍ការពារព្រំដែនភូមិឡុំ ហើយសមត្ថកិច្ចការពារព្រំដែននិងអាជ្ញាធរមូលដ្ឋាននៅទីនោះ ក៏បានឃើញ ក៏ប៉ុន្តែពួកគេបានណែនាំប្រជាសហគមន៍ថា ឈើនោះរដ្ឋាភិបាលបានប្រគល់ទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយនៅទីនោះ ដូច្នេះបើមិនកាប់លក់ ក៏ឈើត្រូវបានក្រុមហ៊ុនកាប់យកដែរ ។
វិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនងសុំការបំភ្លឺភ្លាមៗពីមន្រ្តីសមត្ថកិច្ចនៅប៉ុស្តិ៍ភូមិឡុំបានភ្លាមៗទេ ក៏ប៉ុន្តែស្នងការប៉ូលិសខេត្តរតនគិរី លោក រ៉ាយ រ៉ៃ បញ្ជាក់ថា លោកមិនទាន់បានទទួលរបាយការណ៍ខាងលើនេះទេ ។ យ៉ាងណាក្តី លោកអះអាងថា នឹងចាត់មន្រ្តីឲ្យធ្វើការស៊ើបអង្កេត ៖ «យើងមិនទាន់ដឹង ឥឡូវបើគេរាយការណ៍អ៊ីចឹងហើយ ខ្ញុំនឹងបញ្ជាឥឡូវហើយ» ។
ដូចគ្នានេះដែរ នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកអូរយ៉ាដាវ លោក វង្ស សុមេធី ធ្វើការបដិសេធថា មិនបានដឹងរឿងនោះទេ ៖ «ប៉ូលិសប៉ុស្តិ៍ទាហាននៅហ្នុងស្រាប់ ចាំមើលខ្ញុំឲ្យគេពិនិត្យមើល» ។
បើតាមមន្រ្តីព្រៃឈើខេត្តរតនគិរីឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ជិតមួយម៉ឺនហិកតា នៅស្រុកអូរយ៉ាដាវទៅឲ្យក្រុមហ៊ុនវៀតណាមមួយឈ្មោះ៣០លើ៤យ៉ាឡៃ ដើម្បីដាំកៅស៊ូ ហើយចាប់ផ្ដើមដំបូងក្នុងជំហានដំបូង ក្រុមហ៊ុនបានកាប់រំលំដើមឈើ ប្រមាណជាង ៥ពាន់ម៉ែត្រគឺផ្ទុយពីផែនការមេ ទើបក្រសួងកសិកម្មតម្រូវឲ្យផ្អាកសកម្មភាពនោះ ជាបណ្ដោះអាសន្ន កាលពីចុងឆ្នាំ២០០៧ ។
ហើយបើតាមអ្នកភូមិបញ្ជាក់ថា ព្រៃឈើដែលអ្នកភូមិធ្លាប់អភិរក្សប្រមាណជិត ២០០ហិកតា ត្រូវបានក្រុមហ៊ុនកាប់ដើម្បីយកឈើនិងរានយកដី ។
មន្ត្រីអង្គការអាដហុកខេត្តរតនគិរី បញ្ជាក់ថា តាមពាក្យបណ្តឹងអ្នកភូមិ ឈើដែលពួកគាត់រឹបអូសបានពីឈ្មួញវៀតណាមកំពុងរក្សាទុកដោយប្រជាសហគមន៍ដើម្បីជាវត្ថុតាងជូនក្រុមសមត្ថកិច្ច ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ការដឹកជញ្ជូនឈើកើតមាននៅរតនគិរី ខណៈដែលការឃោសនាបោះឆ្នោតកំពុងប្រព្រឹត្ត
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ
ជនជាតិវៀតណាមឆ្លងដែនមកលួចកាប់ឈើនៅរតនគិរី?
កម្មករស៊ីឈ្មួលកាប់រានព្រៃឈើ២០នាក់ត្រូវបានចាប់ខ្លួន
ឈើប្រណីតនៅតំបន់ឧទ្យានជាតិភ្នំគូលែនរងការកាប់ធ្វើអាជីវកម្ម
សហគមន៍នៅក្រចេះប្ដឹងឲ្យអាជ្ញាធរយកជនល្មើសកាប់ព្រៃឈើទៅអប់រំ
នាយករដ្ឋមន្ត្រីព្រមានក្រុមហ៊ុនព្រៃសម្បទាន