ក្នុងរយៈពេលជិត ១ខែក្នុងការធ្វើសកម្មភាពនៅតាមមូលដ្ឋាននេះ បានធ្វើឲ្យយុវជនស្ម័គ្រចិត្តបានទទួលបទពិសោធន៍ជីវិតជាក់ស្ដែងមួយចំនួន ដែលពួកគេមិនដែលដឹងពីមុនមក។
ការដាំបាយហូបជាក្រុម ការដើរកាត់ភ្លៀងលើផ្លូវមានដក់ទឹកបែកភក់ ការសម្រាកជាក្រុមនៅតាមវត្តអារាម ភាពស្ងាត់ជ្រងំនៅតាមស្រុកស្រែ ព្រៃភ្នំ បានធ្វើឲ្យយុវជនស្ម័គ្រចិត្តដែលចុះទៅវាស់ដីធ្វើកម្មសិទ្ធិ ចាត់ទុកថា ជាបទពិសោធន៍ជីវិតដំបូងនៅក្នុងជីវិតរបស់ពួកគេ។
យុវនិស្សិតស្ម័គ្រចិត្តមួយរូបឈ្មោះ ឃុន ចាន់ធន ដែលចុះទៅវាស់ដីនៅខេត្តក្រចេះ បានឲ្យដឹងថា ការចុះមកបំពេញការងារវាស់ដីនេះ បានធ្វើឲ្យរូបលោកមានការយល់ដឹងអំពីការងារនៅក្នុងសង្គម ជាពិសេសបានឃើញជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋរស់នៅជនបទ និងមានឱកាសបានចូលប្រឡូកផ្ទាល់ក្នុងបញ្ហារស់នៅ និងការងារក្នុងសង្គម។
និស្សិត ឃុន ចាន់ធន៖ «សម្រាប់ខ្ញុំ គឺមកបំពេញការងារនេះ គឺបានទទួលបទពិសោធន៍ថ្មីៗសម្រាប់ជីវិត គឺបានស្គាល់រសជាតិជីវិត។ ដូចជាព្រលឹមឡើងត្រូវងើប ដល់វេនដាំបាយត្រូវដាំបាយ ដល់វេនលាងចាន ត្រូវលាងចាន ដល់វេនទៅផ្សារ ត្រូវទៅផ្សារ ហើយត្រូវទៅបំពេញការងារទៀត។ ចំណែកនៅភ្នំពេញវិញ ងើបឡើងត្រូវមានអាហារហូបចុក ត្រូវទៅរៀន មកពីរៀនត្រូវមានអាហារហូបចុក។ អ៊ីចឹងភារកិច្ចមានតែមួយ គឺរៀន អត់ដឹងថា វាលំបាកយ៉ាងម៉េច មានបទពិសោធន៍យ៉ាងម៉េច។ ដល់ពេលមកដល់នេះ សម្រាប់ខ្ញុំ គឺភ្លឺសម្រាប់ជីវិតតែម្ដង។ ខ្ញុំគិតថា វាជាជោគជ័យណាស់សម្រាប់ក្រុមដែលសម្ដេចបានបង្កើតនេះ»។
យុវនិស្សិតស្ម័គ្រចិត្ត ចាន់ធន បានរៀបរាប់ថា ការចុះមកវាស់ដីនេះ ជាឱកាសមួយសម្រាប់ហាត់ពត់លត់ដំយុវជនស្ម័គ្រចិត្តឲ្យមានទម្លាប់ល្អក្នុងការរស់នៅ និងបំពេញការងារដោយខ្លួនឯង ដើម្បីឲ្យយុវជនក្លាយទៅជាពលរដ្ឋល្អនៅពេលអនាគត។
និស្សិត ឃុន ចាន់ធន៖ «ការមករស់នៅជនបទនេះ មានការខុសប្លែកហើយ ប៉ុន្តែយុវជនយើងមកទីនេះ គឺហ្វឹកហ្វឺនដោយសារប្រទេសយើងមិនមានកាតព្វកិច្ច អ៊ីចឹងមកទីនេះ គឺហ្វឹកហ្វឺន។ គឺថា ព្រលឹមឡើងត្រូវងើបពីព្រលឹម ដាំបាយ ហើយហូប ហើយវេច ត្រូវទៅធ្វើការងារ ល្ងាចបានមកវិញ។ មកវិញហើយដាំបាយខ្លួនឯងទៀត ហើយត្រូវគក់ខោអាវសព្វបែបយ៉ាង។ យប់ឡើងត្រូវធ្វើការងារដែលយើងបានវាស់វែងពីថ្ងៃ»។
យុវនិស្សិតស្ម័គ្រចិត្តមួយរូបទៀតឈ្មោះ រុន តូ ដែលចុះទៅវាស់ដីនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បាននិយាយឲ្យដឹងថា នៅក្នុងការបំពេញការងារនេះ លោកបានទទួលបទពិសោធន៍មួយចំនួនពីរបៀបធ្វើការងារ និងកិច្ចសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានតាមលំដាប់ថ្នាក់។
និស្សិត រុន តូ៖ «ចំពោះខ្ញុំបានបទពិសោធន៍មួយចំនួនដែរ។ ដូចជាខ្ញុំបានស្គាល់តាមមូលដ្ឋាននីមួយៗ យើងបានស្គាល់អំពីជីវភាពពិតរបស់ប្រជាពលរដ្ឋដែលបានរស់នៅតំបន់ដាច់ស្រយាល។ មួយទៀតខ្ញុំបានបទពិសោធន៍ការងារ ការវាស់វែង ការប្រើប្រាស់ឧបករណ៍ទំនើបមួយចំនួន។ បានភពប្រសប់ការងារជាមួយមន្ត្រីមួយចំនួន ធ្វើឲ្យយើងបានយល់អំពីការងាររបស់មន្ត្រីថ្នាក់ភូមិ ឃុំ ស្រុក»។
យុវនិស្សិត រុន តូ បានបន្ថែមថា ពិតមែនតែការចុះមកបំពេញការងារវាស់ដីនេះ វាឆ្ងាយពីទីក្រុង តែជីវភាពរស់នៅប្រចាំថ្ងៃមានការយកចិត្តទុកដាក់ពីអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ ចាប់តាំងពីប្រមុខរដ្ឋាភិបាល រហូតដល់អាជ្ញាធរនៅថ្នាក់ឃុំ ភូមិ។
ចំពោះការងារវាស់ដីវិញ យុវនិស្សិតស្ម័គ្រចិត្តបានឲ្យដឹងថា ការងារសំខាន់ដែលត្រូវបំពេញមានបីផ្នែក។ ផ្នែកទី១ គឺទទួលខុសត្រូវផ្សព្វផ្សាយអំពីការងារវាស់ដីនេះ ដើម្បីឲ្យប្រជាពលរដ្ឋដឹងអំពីពេលវេលា និងទីកន្លែងដែលក្រុមការងារចុះទៅវាស់ដី។ ផ្នែកទី២ គឺក្រុមទទួលខុសត្រូវខាងបំពេញសលាកប័ត្រ បែបបទ ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលប្លង់កម្មសិទ្ធិបឋម។ ផ្នែកទី៣ គឺក្រុមចុះវាស់ជាក់ស្ដែងជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងប្រជាពលរដ្ឋ ដើម្បីកំណត់ព្រំដីឲ្យបានច្បាស់លាស់។
យុវនិស្សិតស្ម័គ្រចិត្តឈ្មោះ ចាន់ធន បានឲ្យដឹងថា នៅក្នុងការបំពេញការងារកន្លងមកនេះ ក្រុមយុវជនស្ម័គ្រចិត្តបានជួបប្រទះបញ្ហាមួយចំនួនដែរ ដោយមានដីខ្លះមានម្ចាស់ជាន់គ្នា។ ដូច្នេះក្រុមយុវជនស្ម័គ្រចិត្តត្រូវការឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីដោះស្រាយជាមួយគ្នា ដោយមានអាជ្ញាធរចូលរួម ទើបបានក្រុមយុវជនស្ម័គ្រចិត្តចុះទៅវាស់ដីឲ្យ។
និស្សិត ចាន់ធន៖ «ចំពោះសកម្មភាពជាក់ស្ដែងដែលខ្ញុំបានជួបនេះ គឺមានដែរ ដូចជានៅតាមភូមិនីមួយៗ វាមានដីខ្លះតែមិនមែនជាដីតាំងទីលំនៅទេ។ ក្នុងនោះវាមានការចុះហត្ថលេខាពីមេភូមិនោះ វាមានកម្មសិទ្ធិជាន់គ្នាជាដើម។ ដល់ពេលយើងប្រកាសឲ្យគាត់មកបោះបង្គោលព្រំទៅ យើងឃើញថា ក្នុងមួយក្បាល កន្លែងខ្លះមានម្ចាស់ដល់ទៅ ២នាក់ជាដើម»។
លោក ចាន់ សុវ៉េត អនុប្រធានក្រុមអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) មានប្រសាសន៍ថា ការបញ្ជូនក្រុមយុវជនស្ម័គ្រចិត្តទៅវាស់ដីនៅតាមខេត្តនេះ វាមានប្រយោជន៍។ ទី១ បង្កើតការងារឲ្យយុវជន និងទី២ ឆ្លងតាមការចុះទៅបំពេញការងារនេះ អ្នកដឹកនាំរដ្ឋាភិបាលអាចប្រមូលព័ត៌មានអំពីទំនាស់ដីដែលកើតមាននៅតាមមូលដ្ឋាននានា កាន់តែច្បាស់ថែមទៀត។
លោក ចាន់ សុវ៉េត៖ «រហូតមកដល់ពេលនេះ យើងឃើញថា ចាប់តាងពីមានបទបញ្ជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលមក ចុះទៅធ្វើការដោះស្រាយទំនាស់ដីធ្លី ដោយផ្ដល់ឱកាសឲ្យយុវជនចូលរួមដោះស្រាយទំនាស់ដីធ្លី ធ្វើការវាស់វែង ធ្វើការមួយចំនួនផ្សេងទៀត។ ពួកគេក៏អាចក្លាយទៅជាក្រុមមួយដែលអាចធ្វើសេចក្ដីរាយការណ៍ជូនដល់រាជរដ្ឋាភិបាលដោយផ្ទាល់ៗដែរ»។
កាលពីថ្ងៃទី២៦ មិថុនា កន្លងទៅ ក្នុងពេលសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តដែលត្រូវចុះទៅវាស់ដីនៅតាមបណ្ដាខេត្តនានានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្តឲ្យយុវជនស្ម័គ្រចិត្ត ខិតខំបំពេញការងារដើម្បីឲ្យប្រជាពលរដ្ឋបានទទួលប្លង់កម្មសិទ្ធិដីត្រឹមត្រូវស្របច្បាប់ ហើយគាត់អាចរស់នៅបានដោយស្ងប់ចិត្ត មិនខ្លាចបាត់បង់ដី។
ដីដែលក្រុមយុវជនស្ម័គ្រចិត្តត្រូវចុះទៅវាស់នោះ មានដីសម្បទាន ដីព្រៃសម្បទាន និងដីទំនាស់ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែង។ ប្រភពមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា មានដីប្រមាណ ១លានហិកតារដែលត្រូវវាស់ ដើម្បីធ្វើប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ ចំនួន ៣៥ម៉ឺនគ្រួសារ នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
