ការលើកឡើងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញអំពីលទ្ធផលចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល ៤ថ្ងៃ ដែលរៀបចំធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១១ ដែលមានតំណាងគណបក្សនយោបាយមួយចំនួនចូលរួម។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក គួយ ប៊ុនរឿន បានលើកឡើងថា នៅស្ទើរតែគ្រប់សង្កាត់ទាំងអស់នៅរាជធានីភ្នំពេញ មន្ត្រីក្រុមប្រឹក្សាសង្កាត់ និងស្មៀន បង្កការលំបាកដល់ប្រជាពលរដ្ឋ ពិសេសចំពោះអ្នកដែលគ្មានអត្តសញ្ញាណប័ណ្ណ និងអ្នកផ្លាស់ទីលំនៅ មន្ត្រីឃុំសង្កាត់មិនចុះឈ្មោះពួកគាត់ទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតទេ ដែលធ្វើផ្ទុយទៅនឹងច្បាប់បោះឆ្នោត។
លោកបញ្ជាក់ថា បញ្ហាស្ទួនឈ្មោះក៏មានច្រើនដែរ ៖ «អ្នកមានសិទ្ធិបោះឆ្នោតពីរនាក់អាចទៅធានានៅចំពោះមុខមេឃុំសង្កាត់ អាហ្នឹងគេនឹងបញ្ជាក់ឲ្យចុះឈ្មោះ តែអាហ្នឹងមិនងាយដូចអ៊ីចឹងទេ សួរថា តើ គ.ជ.ប. មានយន្តការបែបណា បើច្បាប់និងបទដ្ឋាននានា គ.ជ.ប. ណែនាំហើយ មេឃុំនៅតែប្រព្រឹត្តរបៀបហ្នឹងតទៅទៀត?»។
លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា សង្កាត់ដែលមានបញ្ហាច្រើនជាងគេនៅរាជធានីភ្នំពេញ មានសង្កាត់បឹងកក់២ ទួលសង្កែ កាកាប និងសង្កាត់បឹងទំពន់ ជាដើម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញលទ្ធផលបណ្ដោះអាសន្ននៃប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតពីថ្ងៃទី១ ដល់ថ្ងៃទី៤ កញ្ញា នៃឃុំសង្កាត់ចំនួន ១.៥៤៣ មាន ៥៧.០៩៤នាក់ ក្នុងចំណោមឃុំសង្កាត់ ១.៦២១ នៅទូទាំងប្រទេសកម្ពុជា ហើយ គ.ជ.ប. លុបឈ្មោះបានចំនួន ១១.២៧៣នាក់ កែតម្រូវឈ្មោះចំនួន ៥.៧៨៨នាក់។
តំណាងគណបក្សប្រជាជនកម្ពុជា លោក អុក គំហាន បានស្នើឲ្យ គ.ជ.ប. ពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឡើងវិញដែរ ពីព្រោះថា សមាជិកលោកមួយចំនួនពិនិត្យមើលឈ្មោះខុសទិន្នន័យ ខែឆ្នាំកំណើត និងអ្នកខ្លះទៀតបាត់ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ៖ «សមាជិកមួយចំនួនទៀតដែលគាត់កត់មកមានទាំងលេខកូដឃុំសង្កាត់ តែដល់គាត់ទៅមើលឈ្មោះម្ដងទៀត បែរជាវាគ្មានឈ្មោះទៅវិញ»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យតំណាងគណបក្សប្រជាជនកម្ពុជា បង្ហាញឈ្មោះដែលថា បាត់ពីក្នុងបញ្ជីនោះឲ្យបានច្បាស់លាស់ ដើម្បីគេធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ។
លោក ទេព នីថា បានទទួលស្គាល់ថា នៅតាមឃុំសង្កាត់មួយចំនួនមានបញ្ហាលំបាកក្នុងការចុះឈ្មោះបោះឆ្នោតនេះមែន តែទោះជាយ៉ាងណា គ.ជ.ប. បានដោះស្រាយឲ្យប្រជាពលរដ្ឋចុះឈ្មោះបានវិញហើយ ដូចជានៅសង្កាត់ទួលសង្កែ ជាដើម ហើយ គ.ជ.ប. នឹងពិនិត្យមើលបន្ថែមទៀត ៖ «ការងារនេះគ្រាន់តែរឹតបន្តឹង ពុំមែនមានន័យថា គាត់មិនអាចចុះឈ្មោះបាននោះទេ ប៉ុន្តែត្រូវតែមានលិខិតបញ្ជាក់ទីលំនៅឲ្យបានច្បាស់លាស់»។
យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គេចាប់ផ្ដើមពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៥ តុលា សម្រាប់ការបោះឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់អាណត្តិទី៣ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខ។ ស្ថិតិប៉ាន់ប្រមាណរបស់ គ.ជ.ប. បានសរសេរថា ប្រជាពលរដ្ឋត្រូវចុះឈ្មោះនៅឆ្នាំ២០១១ មានជាង ៤,៧សែននាក់។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងអាណត្តិទីបីមាន ១១.៤៥៩នាក់ តួលេខនេះកើនចំនួន ១០៦នាក់ បើប្រៀបធៀបការបោះឆ្នោតឃុំសង្កាត់អាណត្តិទី២ កាលពីឆ្នាំ២០០៧។
លោក ទេព នីថា បានបញ្ជាក់ថា គ.ជ.ប. បានផ្ញើលិខិតទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំឲ្យកម្មករឈប់សម្រាកពី១ថ្ងៃទៅបីថ្ងៃ ភ្ជាប់នឹងថ្ងៃភ្ជុំបិណ្ឌខាងមុខ ដើម្បីឲ្យពួកគាត់បានទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឯស្រុកកំណើត។
តំណាងអង្គការ NDI ក៏បានស្នើឲ្យ គ.ជ.ប. អនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយយកខ្សែអាត់សំឡេងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែលផលិតដោយ គ.ជ.ប. នោះ យកទៅផ្សព្វផ្សាយបន្ត ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងកាន់តែច្រើនថែមទៀត។
លោក ទេព នីថា បញ្ជាក់ថា គ.ជ.ប. អនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយយកខ្សែអាត់សំឡេងផ្សព្វផ្សាយ គ.ជ.ប. ទៅផ្សព្វផ្សាយបន្តបាន តែក្នុងលក្ខខណ្ឌចាក់ផ្សាយនៅទីស្នាក់ការគណបក្ស ឬការិយាល័យគណបក្សរបស់ខ្លួន មិនអនុញ្ញាតឲ្យចាក់ផ្សព្វផ្សាយនៅទីសាធារណៈទេ ពីព្រោះខ្លាចគណបក្សនយោបាយយកឱកាសនោះធ្វើការឃោសនា។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានបង្ហាញរបាយការណ៍បឋមដែលអង្គការនេះបានចុះអង្កេតចំនួន ៣០០ឃុំសង្កាត់ ឃើញថា មន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់បើកការិយាល័យធ្វើការ ដើម្បីឲ្យប្រជាពលរដ្ឋពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតយឺត និងបិទការិយាល័យវិញលឿន។
ប្រជាពលរដ្ឋនៅក្នុង ៣០០ ឃុំសង្កាត់នេះ មានចំនួន ២៥% អត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ហួសកំណត់ ដែលមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់មិនអនុញ្ញាតឲ្យពួកគាត់ចុះឈ្មោះបោះឆ្នោតបាន៕