គ.ជ.ប. បង្កើត​គេហទំព័រ​ផ្ទៀង​ឈ្មោះ​អ្នក​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.) សម្រេច​បង្កើត​មជ្ឈមណ្ឌល​ស្វែង​រក​ឈ្មោះ​អ្នក​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​តាម​ខេត្ត-រាជធានី។

កាល​ថ្ងៃ​ទី​៧ ខែ​កញ្ញា គ.ជ.ប. សម្រេច​ជា​គោលការណ៍​ឲ្យ​លេខាធិការដ្ឋាន​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត បង្កើត​មជ្ឈ​មណ្ឌល​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​បញ្ជី​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត តាម​គេហទំព័រ voterlist.org.kh ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​អ្នក​បោះឆ្នោត។

គ.ជ.ប. សង្ឃឹម​ថា​មជ្ឈ​មណ្ឌល​បង្កើត​ថ្មី​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ផ្តល់​ព័ត៌មាន​ដល់​ប្រជា​ពល​រដ្ឋ ដែល​មាន​ការ​លំបាក​រក​ឈ្មោះ​បោះ​ឆ្នោត នៅ​តាម​ឃុំ​សង្កាត់​នានា។ ម្យ៉ាង​វិញ​ទៀត វា​ក៏​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ស្មៀន​ឃុំ ក្នុង​ការ​សំអាត​បញ្ជី​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

អគ្គលេខាធិការ គ.ជ.ប. លោក ទេព នីថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា​មជ្ឈ​មណ្ឌល​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត មាន​តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ។ តែ គ.ជ.ប. ទើប​ប្រកាស​មជ្ឈ​មណ្ឌល​នេះ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា។ ទោះ​ជា​យ៉ាង​ណា មជ្ឈ​មណ្ឌល​ស្វែង​រក​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នេះ នៅ​មិន​ទាន់​អាច​ប្រើប្រាស់​ដល់​ថ្នាក់​ឃុំ​សង្កាត់ នៅ​រាជធានី​ខេត្ត​ទាំង​២៤ បាន​១០០% នៅ​ឡើយ​ទេ ដោយ​កង្វះ​ធនធាន​មនុស្ស និង​សំភារៈ​រួម​មាន​កុំព្យូទ័រ​ជា​ដើម៖ «ដូច​ជា​នៅ​រាជ​ធានី​ភ្នំពេញ ឥឡូវ​នេះ​គឺ​ក្នុង​ឃុំ​សង្កាត់​ទាំង​៩៦ នឹង​វា​ជា​៨០​ឃុំ​សង្កាត់​ហើយ ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​រក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជួយ​ដល់​ស្មៀន​ក្នុង​ការ​លុប​ឈ្មោះ និង​កែ​តម្រូវ​ឈ្មោះ ឬ​ក៏​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន គាត់​ធ្លាប់​ចុះ​ឈ្មោះ​ហើយ ពេល​ដែល​គាត់​ទៅ​ចុះ​ឈ្មោះ​ម្តង​ទៀត គាត់​ផ្លាស់​ទីលំនៅ​អី​គាត់​មិន​ចាំ​កន្លែង​ចាស់ គាត់​អ៊ីចឹង​ពេល​យើង​ភ្ជាប់​ប្រព័ន្ធ​ហ្នឹង​ទៅ គឺ​ស្មៀន​អាច​រក​ឈ្មោះ​គាត់​នៅ​កន្លែង​ចាស់​ភ្លាមៗ ហើយ​យើង​អាច​បំពេញ​ឯកសារ​លុប​ឈ្មោះ​គាត់​បាន​ទាន់​ពេល​វេលា»។

យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ មាន​រយៈ​ពេល ៤២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។ តាម​ការ​ប៉ាន់​ស្មាន គ.ជ.ប. សង្ឃឹម​ថា​នឹង​មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ចំនួន ៦១​ម៉ឺន​នាក់។ គ.ជ.ប. ក៏​បាន​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​ប្រជា​ពល​រដ្ឋ​មក​ចុះ​ឈ្មោះ​ចំនួន​ជាង ១០​ម៉ឺន​នាក់ ស្មើ​នឹង​ជាង ១៦% នៅ​ទូទាំង​ប្រទេស និង​បាន​កែ​តម្រូវ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ចំនួន​ជិត ៩​ពាន់​នាក់ និង​លុប​ឈ្មោះ​បាន​ចំនួន​ជាង ៣​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។