នៅក្នុងរបាយការណ៍សវនកម្មរបស់ខុមហ្វ្រែល នោះ គេបានរកឃើញចំនួនខុសគ្នាប្រមាណ ៤% នៃបញ្ជីចុះឈ្មោះថ្មី បើផ្ទៀងផ្ទាត់បញ្ជីចុះឈ្មោះបោះឆ្នោតថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានចេញរបាយការណ៍បឋមនៅថ្ងៃទី៧ កុម្ភៈ រកឃើញថា ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតថ្មីទាំងអស់ មានតែ ៤,៤% ទេ នៅក្នុងឆ្នាំ២០១២ ប៉ុន្តែបើប្រៀបធៀបទៅនឹងរបាយការណ៍របស់ គ.ជ.ប មានប្រមាណ ៩,៧%។
អ្នកសម្របសម្រួលផ្នែកអង្កេតខុមហ្វ្រែល កញ្ញា គង់ រ៉ាវីន មានប្រសាសន៍ថា ឃើញខុសគ្នារវាង គ.ជ.ប នេះ គឺជាការស្រាវជ្រាវ និងធ្វើសវនកម្មតាមវិទ្យាសាស្ត្របានចាប់ដោយចៃដន្យសំណាកនៃអ្នកមានសិទ្ធិបោះឆ្នោតចំនួន ២.៦០០នាក់ នៅចំនួន ២២៥ការិយាល័យទូទាំងប្រទេស៖ «គាត់រកឃើញ ៩,៧% ហ្នឹង គ.ជ.ប អត់បានបញ្ជាក់ច្បាស់ថាអ្នកលុបឈ្មោះមានប៉ុន្មាននាក់ អ្នកទើបគ្រប់អាយុប៉ុន្មាននាក់ អ្នកផ្លាស់ប្ដូរទីលំនៅមានប៉ុន្មាននាក់»។
ទាក់ទងនឹងបញ្ហានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បញ្ជាក់ថា មិនមានអ្វីធ្វើអធិប្បាយទៅលើរបាយការណ៍បឋមរបស់ខុមហ្វ្រែល នេះទេ ពីព្រោះថាលោកមិនបានដឹងថា តើនីតិវិធីរបស់ខុមហ្វ្រែល បានធ្វើសវនកម្មយ៉ាងដូចម្ដេចខ្លះនោះ? លោក ទេព នីថា អះអាងថា ការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប មានបញ្ជីបោះឆ្នោតឆ្នាំចាស់ បន្ទាប់មកធ្វើការចុះឈ្មោះថ្មី ធ្វើការលុបឈ្មោះ ក្រោយមកបញ្ចូលទិន្នន័យនៅក្នុងបញ្ជីទៅតាមដំណាក់កាលនីមួយៗ។
លោក ទេព នីថា៖ «ដល់អ៊ីចឹង របៀបគិតលេខរបស់គាត់មិនដឹងយ៉ាងម៉េច ព្រោះថាបញ្ជីបោះឆ្នោតឆ្នាំ២០១១ មាន ៩លាន ២សែននាក់ ដល់យើងមកចុះឈ្មោះជាក់ស្ដែងឆ្នាំ២០១២ មានជាង ៩លាន ៦សែននាក់ បញ្ជីបោះឆ្នោតថ្មី»។
កញ្ញា គង់ រ៉ាវីន បានពន្យល់ថា ការស្រាវជ្រាវ និងសវនកម្មនេះ គឺធ្វើឡើងតាមបែបវិទ្យាសាស្ត្រ និងសម្ភាសអំពីបញ្ហាចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត ទិន្នន័យអ្នកមានឈ្មោះបោះឆ្នោត ទិន្នន័យរបស់អ្នកសម្ភាសត្រូវយកមកផ្ទៀងផ្ទាត់ជាមួយទិន្នន័យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដំបូង និងផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ពីភាពសុក្រឹតនៃបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ ជាពិសេសអត្តសញ្ញាណរបស់អ្នកបោះឆ្នោត សិក្សាពីអ្នកមានសិទ្ធិបោះឆ្នោត តែគ្មានឈ្មោះបោះឆ្នោត និងការលុបឈ្មោះអ្នកបោះឆ្នោត។
ការចេញរបាយការណ៍បឋមរបស់ខុមហ្វ្រែល រកឃើញអ្នកចុះឈ្មោះថ្មីនៅក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានចំនួនតិចជាងចំនួននៅក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប នេះ ធ្វើឡើងនៅបន្ទាប់ពីលោក សម រង្ស៊ី យករបាយការណ៍របស់អង្គការអន្តរជាតិចំនួនពីរ កាលពីខែមករា កន្លងទៅ បានរកឃើញថា បញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នោះ មានឈ្មោះខ្មោច និងឈ្មោះជនអន្តោប្រវេសន៍ប្រមាណ ១លាននាក់។
របាយការណ៍បឋមរបស់ខុមហ្រ្វែល បានរកឃើញថា មានជាង ៩៧% នៃអ្នកមានសិទ្ធិបោះឆ្នោតបានចុះឈ្មោះបោះឆ្នោត បើប្រៀបធៀបទៅនឹងលទ្ធផលនៃការសិក្សាឆ្នាំ២០១១ មានការកើនឡើង ៣.៥%។ គ.ជ.ប បានចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោត កាលពីឆ្នាំ២០១២ មានជាង ១០១% ស្មើនឹងជាង ៩លាន ៦សែននាក់។
អង្គការខុមហ្វ្រែល បានរកឃើញយុវជនដែលគ្រប់អាយុ ១៨ឆ្នាំ គិតទៅដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ មានតែ ៨៦% ទេ បានចុះឈ្មោះបោះឆ្នោត ស្មើនឹងជាង ៣សែន ១ម៉ឺន ៨ពាន់ ២០០នាក់។ តែបើយោងលើរបាយការណ៍ជំរឿនឆ្នាំ២០០៨ នៃវិទ្យាស្ថានស្ថិតិ ចំនួនយុវជនមានជាង ៣សែន ៧ម៉ឺននាក់។ ម្យ៉ាងទៀត អ្នកដែលចុះឈ្មោះបោះឆ្នោតមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានជាង ១១%។
បញ្ហានេះ អ្នកដែលបានផ្ដល់សម្ភាសនៅក្នុងរបាយការណ៍នេះ បានផ្ដល់អនុសាសន៍ឲ្យផ្លាស់ប្ដូរបញ្ជីបោះឆ្នោតទាំងស្រុង និងមួយចំនួនទៀតបានផ្ដល់អនុសាសន៍ថា ត្រូវតែកែលំអបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
