ពលរដ្ឋ​គ្រប់​អាយុ ត្រូវ​បាន​អំពាវនាវ​ឱ្យ​ទៅ​ពិនិត្យ​បញ្ជី និង​ចុះ​ឈ្មោះ​បោះឆ្នោត

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ.ជ.ប អំពាវនាវ​ឲ្យ​ពល​រដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ឲ្យ​ទៅ​ពិនិត្យ​ និង​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

0:00 / 0:00

ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១១ ជា​បញ្ជី​ឈ្មោះ​ទុក​សម្រាប់​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ ២០១២។

យ៉ាង​នេះ​ក្ដី ពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ថ្លែង​ថា ពួក​គេ​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ ព្រោះ​មន្ត្រី គ.ជ.ប សួរ​រក​ឯកសារ​មាន​ភាព​សាំញ៉ាំ។

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​ពីរ គឺ​គណបក្ស​សិទ្ធិមនុស្ស​ និង​បក្ស សម រង្ស៊ី បាន​អះអាង​ថា សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ពលរដ្ឋ គឺ​មាន​សារៈសំខាន់​សម្រាប់​កំណត់​ជោគ​វាសនា​អនាគត​របស់​​ខ្លួន និង​ភាព​រីក​ចំរើន​នៃ​សង្គមជាតិ។ ដូច្នេះ សូម​ពលរដ្ឋ ពិសេស​យុវជន ដែល​មាន​អាយុ​ចាប់​ពី​១៨ ឆ្នាំ​ឡើង ត្រូវ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត តាម​ឃុំ​សង្កាត់​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១១ ​កុំ​បី​ខក​ខាន។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ មានប្រសាសន៍ថា ដើម្បី​អនាគត​ប្រទេស​ជាតិ​មាន​មេ​ដឹកនាំ​ល្អ ដឹកនាំ​ប្រទេស​ឲ្យ​មាន​​​ការ​​អភិវឌ្ឍន៍​​រីក​ចំរើន ទៅ​ថ្ងៃ​អនាគត ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។

លោក កឹម សុខា ឲ្យ​ដឹង​ដូច្នេះ ៖ «ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​គួរ​តែ​ក្មួយៗ មាន​អាយុ ១៨ ឆ្នាំ​ឡើង​ជា​អ្នក​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង កុំ​បណ្ដែត​បណ្ដោយ។ នេះ​ហើយ​ជា​គោលបំណង​របស់​យើង គឺ​ថា​ចង់​ឃើញ​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត ដោយ​ក្រុម​យុវជន​ភាគ​ច្រើន​ជា​អ្នក​ជាប់​រវល់​កិច្ចការ​រៀន កិច្ចការ​មុខ​របរ​ច្រើន ហើយ​ភាគ​ច្រើន​គាត់​អត់​បាន​ទៅ​ចុះ​ឈ្មោះ។ អ៊ីចឹង​ហើយ បាន​ជា​ចង់​ឲ្យ​គាត់​ទៅ»។

ដូច​គ្នា​ដែរ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ និង​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ពី ១៨ ឆ្នាំ​ឡើង​ទៅ ត្រូវ​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត ទៅ​តាម​កាល​បរិច្ឆេទ​កំណត់​របស់ គ.ជ.ប​ ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ដល់​ទី​១៥ ខែ​តុលា ឆ្នាំ​២០១១ កុំ​បី​ខាន។

​​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មាន​ប្រសាសន៍​ថា ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត របស់​ពលរដ្ឋ​នៅ​ឆ្នាំ ២០១១ ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ទុក​សម្រាប់​ប្រើប្រាស់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ ២០១២ ខាង​មុខ។ មន្ត្រី គ.ជ.ប រូប​នេះ បាន​ស្នើ​ទៅ​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ឲ្យ​ឆ្លៀត​ពេល​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត។

ទាក់ទង​នឹង​ការ​ពិនិត្យ​ឈ្មោះ​នេះ ពលរដ្ឋ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ រស់​នៅ​ឃុំ​កោះរកា ស្រុក​ពាមជរ ខេត្ត​ព្រៃវែង បាន​រអ៊ូរទាំ​ថា ពួក​គេ​មាន​ផលវិបាក​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ព្រោះ​មន្ត្រី គ.ជ. ប ទទួល​ខុស​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​មូលដ្ឋាន បាន​សួរ​នាំ​រក​ឯកសារ​មាន​ភាព​សាំ​ញាំ​។

ពលរដ្ឋ​បាន​សំណូមពរ​ដូច្នេះ ៖ «សំណូមពរ​ទៅ គ.ជ.ប និង​ក្រសួង​មហាផ្ទៃ​ឲ្យ​កែ​សម្រួល​សំបុត្រ​អត្រានុកូលដ្ឋាន ឬ​បញ្ជី​គ្រួសារ​ដែល​​ខុស​តិច​តួច​សូម​ឲ្យ​គាត់​ជួយ​កែ​សម្រួល​ផង ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​ទូទាំង​ប្រទេស​បាន​បោះឆ្នោត​ទាំង​អស់​គ្នា។ ពី​ព្រោះ​ថា ៨០% ហើយ​អ្នក​ដែល​កែ​សំបុត្រ​អត្រានុកូលដ្ឋាន ដើម្បី​ឲ្យ​កូន​ទៅ​ធ្វើ​រោងចក្រ កែ​អាយុ​កែ​អី​ជា​ដើម។ ដូច្នេះ​បើ​មិន​កែ​សម្រួល​ទេ គឺ​គាត់​អត់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ»។

ចំណែក​យុវតី ជួប រង្សី ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ន័រតុន មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត ថ្លែង​ថា រូប​គេ​មិន​ទាន់​បាន​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ព្រោះ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់។ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា សន្លឹកឆ្នោត​១​សន្លឹក​របស់​ប្អូន គឺ​មាន​សារៈសំខាន់​ ហើយ​អាច​កំណត់​ជោគ​វាសនា​ខ្លួន​ឯង និង​អនាគត​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត។

កញ្ញា ជួប រង្សី បន្ថែម ៖ «ពី​ព្រោះ​ថា​នេះ គឺ​ជា​ឱកាស ដែល​យុវជន​គ្រប់​រូប​មាន​ឱកាស​ជ្រើសរើស​មេ​ឃុំ​សង្កាត់ ដើម្បី​ដឹក​នាំ​ឃុំ​សង្កាត់​ឲ្យ​មាន​ភាព​រីក​ចំរើន​តទៅ​ថ្ងៃ​អនាគត។ អញ្ចឹង​មាន​ន័យ​ថា ខ្ញុំ​នឹង​ឆ្លៀត​ឱកាស​នេះ ឲ្យ​ខាង​តែ​បាន ដើម្បី​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ខ្ញុំ​មិន​អាច​ឱន​អាក់​ខាន​បាន​ទេ ពីព្រោះ​ថា​នេះ​គឺ​ជា​ឱកាស​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​ពល​រដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​គ្រប់​អាយុ​បោះឆ្នោត»។

ទោះ​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​បក្ស​ប្រឆាំង បាន​ថ្លែង​ថា ដើម្បី​ឲ្យ​ការងារ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ភាព​រលូន មន្ត្រី​ទាំង​នេះ​ស្នើសុំ​ឲ្យ​មន្ត្រី គ.ជ.ប ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​រដ្ឋាភិបាល ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ពលរដ្ឋ​​​គ្រប់​អាយុ​បោះ​ឆ្នោត អាច​​ទៅ​​​ចុះ​ឈ្មោះ​បោះឆ្នោត​ ដោយ​គ្មាន​ការ​រើស​អើង ឬ​មិន​ត្រូវ​ប្រើ​ល្បិចកល​នយោបាយ​ទុច្ចរិត​ណាមួយ នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បោះឆ្នោត​ របស់​​​ពលរដ្ឋ​ខ្មែរ​នោះ​ទេ៕