ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានលើកឡើងថា ប្រព័ន្ធបោះឆ្នោតសមាមាត្រនេះ ជាកត្តា ធ្វើឲ្យមានអំពើពុករលួយ ធ្វើឲ្យសមាជិកគណបក្សមួយរត់ទៅចុះចូលជាមួយគណបក្សមួយទៀត និងធ្វើឲ្យមានការសម្រេចចិត្តបែបផ្ដាច់ការរបស់មេគណបក្សនីមួយៗ។
នៅខណៈដែលគណបក្សនយោបាយ ចំនួន១០ កំពុងធ្វើសកម្មភាពបើកយុទ្ធនាការឃោសនារកអ្នកគាំទ្រពីម្ចាស់ឆ្នោតយ៉ាងគគ្រឹកគគ្រេងនោះ ក្រុមអ្នកតាមដានស្ថានការណ៍បោះឆ្នោតបានលើកឡើងថា ប្រព័ន្ធបោះឆ្នោតសមាមាត្រនេះ វាមិនធ្វើឲ្យតំណាងគណបក្សនយោបាយទាំងនោះ ខំធ្វើការបំរើប្រជាពលរដ្ឋ ដូចដែលខ្លួនបានសន្យានៅមុនពេលបោះឆ្នោតនោះឡើយ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការ អព្យាក្រិត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរីនៅកម្ពុជា លោក បណ្ឌិត ហង្សពុទ្ធា មានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់បានធ្វើការបោះឆ្នោតជាច្រើនលើកមកហើយ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ លោកបញ្ជាក់ថា ប្រទេសកម្ពុជាគួរតែផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោត គឺប្រព័ន្ធចម្រុះមានន័យថា ប្រព័ន្ធសមាមាត្របូកនឹងឯកត្តនាម ដើម្បីជៀសវាងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ទាំងនោះ ជំពាក់គុណគណបក្ស។
លោក បណ្ឌិត ហង្សពុទ្ធា៖ «ប្រព័ន្ធសមាមាត្រ ចង់ឈរឈ្មោះ ត្រូវឆ្លងកាត់បក្ស តែបើអនុវត្តបានប្រព័ន្ធចម្រុះ អ្នកណាចង់ឈរខ្លួនឯងក៏ឈរទៅ អ្នកណាចង់ឈរនៅក្នុងបក្សក៏ឈរឈ្មោះទៅ ខុសពីប្រព័ន្ធឯកត្តនាម គឺឈរខ្លួនឯងសុទ្ធតែម្ដង ប៉ុន្តែប្រទេសកម្ពុជា យើងមិនអាចធ្វើទៅបានទេ ដោយសារតែឥទ្ធិពលនៃប្រព័ន្ធបោះឆ្នោតសមាមាត្រ គណបក្សដែលលោកឈ្នះឆ្នោត អត់ចង់ដូរទេ»។
ប្រទេសកម្ពុជាចាប់ផ្ដើមឲ្យមានការបោះឆ្នោត និងអនុវត្តតាមប្រព័ន្ធសមាមាត្រនេះ តាំងពីឆ្នាំ១៩៩៣ មក នៅសម័យ អ៊ុន តាក់ (UNTAC) នៅពេលដែលប្រទេសកម្ពុជា ធ្វើការបោះឆ្នោតជាលើកដំបូងបន្ទាប់ពីរបប កម្ពុជាប្រជាធិបតេយ្យដួលរលំ នៅឆ្នាំ១៩៧៩។ ដែលកាលនោះ ក្នុងចំណោមគណបក្សប្រកួតប្រជែងទាំងអស់ មានតែគណបក្សធំពីរទេ ដែលជា គណបក្សប្រកួតប្រជែងគ្នាខ្លាំងក្លា គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ជា ស៊ីម និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយ សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិ។
មាត្រា ២១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានចែងថា ការបោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រ។ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវជ្រើសរើសចេញពីក្នុងបញ្ជីបេក្ខជនគណបក្សនយោបាយ ដែលត្រូវបានជាប់ឆ្នោតនៅ ក្នុងឃុំ-សង្កាត់នោះ។
ភ្ជាប់ទៅនឹងបញ្ហានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថា គ.ជ.ប លោក ទេព នីថា បានពន្យល់ថា កម្ពុជាមិនចាំបាច់ផ្លាស់ប្ដូរប្រព័ន្ធឆ្នោតនោះទេ។ លោក បានលើក ហេតុផលថា បុគ្គលដែលឈរឈ្មោះមកពីតំណាងគណបក្សនីមួយៗនោះ ជាអ្នកនៅមូលដ្ឋាន ដូច្នេះប្រជាពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសបុគ្គលដែលខ្លួនពេញចិត្ត។
លោក ទេព នីថា៖ «គេមិនឲ្យយក បេក្ខជនពីក្រៅទៅឈរទេតាមច្បាប់ គឺអ្នកនៅក្នុងឃុំ-សង្កាត់ហ្នឹងឈរឈ្មោះនៅក្នុងឃុំ-សង្កាត់នោះ គ្រាន់តែគេយកឈ្មោះគាត់ទៅដាក់នៅក្នុងបញ្ជីបក្សនយោបាយ តែឈ្មោះរបស់គាត់ហ្នឹង ក៏ដាក់ឲ្យប្រជាជនបានដឹងថា ថាតើប្រជាជនត្រូវជ្រើសរើសបុគ្គលណា?»
ប្រព័ន្ធបោះឆ្នោតមានបី គឺប្រព័ន្ធសមាមាត្រ ឯកត្តនាម និងប្រព័ន្ធចម្រុះ។ នៅសហគមន៍អឺរ៉ុបភាគច្រើនគេអនុវត្តតាមបែបប្រព័ន្ធចម្រុះ ឬឯកត្តនាម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍បោះឆ្នោត បានលើកឡើងថា ប្រព័ន្ធបោះឆ្នោតសមាមាត្រនេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងរដ្ឋាភិបាល មានចំណេញជាងគណបក្សដទៃ។
លោក បណ្ឌិត ហង្សពុទ្ធា បានលើកឡើងទៀតថា ប្រទេសកម្ពុជា គេមិនចង់ឲ្យមានប្រព័ន្ធឆ្នោតឯកត្តនាម ឬចម្រុះនោះទេ ពីព្រោះថា អំណាចស្ថិតនៅលើមេបក្សជាអ្នកសម្រេច ទាំងបោះឆ្នោតជ្រើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឬបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដូច្នេះបើជ្រើសរើសប្រព័ន្ធចម្រុះ ប្រធាន គណបក្សនីមួយៗនោះ អាចសមាជិកបក្ស មានប្រជាប្រិយជាងមេបក្ស។
លោក បណ្ឌិត ហង្សពុទ្ធា៖ «បើសិនជាឲ្យមានប្រព័ន្ធចម្រុះហ្នឹងជារឿងល្អ ទាំងបោះឆ្នោតជាតិ ទាំងឃុំ-សង្កាត់ បើនិយាយនៅសភាមានបញ្ហាមួយទៀត ជួនកាលមេបក្ស មានប្រជាប្រិយតិចជាងសមាជិកបក្សទេ»។
បន្ថែមពីលើនេះទៀត ប្រព័ន្ធបោះឆ្នោតសមាមាត្រនេះ ក្រុមអ្នកវិភាគបានពន្យល់ទៀតថា នៅមានបញ្ហាជាច្រើនទៀត នៅក្នុងប្រព័ន្ធនេះ។ ដូចជាបេក្ខជនឈរឈ្មោះនីមួយៗ ទាំងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងបេក្ខជនតំណាងរាស្ត្ររបស់គណបក្សនីមួយៗ មិនមានភាពឯករាជ្យនោះទេ។
នៅត្រង់ចំណុចនេះ មានន័យថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ឬបេក្ខជនតំណាងរាស្ត្រ អាចរត់ទៅ ចុះចូលជាមួយគណបក្សដទៃទៀត ប្រសិនបើខ្លួនមានការអន់ចិត្ត នឹងប្រធានគណបក្សរបស់ខ្លួន លើបញ្ហាអ្វីមួយ។ ម្យ៉ាងវិញទៀត ប្រព័ន្ធឆ្នោតសមាមាត្រនេះ ក៏ជាកត្តាធ្វើឲ្យមានអំពើពុករលួយដែរ។
អ្នកស្រាវជ្រាវផ្នែក អភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី បានបញ្ជាក់ថា តំណាង គណបក្សនីមួយៗ អាចទទួលសំណូកពីបេក្ខជនឈរជាតំណាងរាស្ត្រ ឬបេក្ខជនឈរឈ្មោះ ជាសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ដើម្បីផ្ដល់តួនាទីឲ្យបេក្ខជនទាំងនោះទៅតាមលំដាប់លេខរៀងទី១ ឬទី២ជាដើម។
លោក កែម ឡី៖ «អំពើពុករលួយជារឿងត្រឹមត្រូវហើយ ម្នាក់ៗខំរកលុយដើម្បីបង់ឲ្យមេបក្ស ដើម្បីជួយបក្ស ធ្វើយុទ្ធនាការ តែប្រព័ន្ធឯកត្តនាម អត់ត្រូវការបង់លុយឲ្យមេបក្សអីទេ ចាប់ផ្ដើមឃោសនាខ្លួនឯង ធ្វើម៉េចឲ្យប្រជាពលរដ្ឋជឿលើខ្លួន អត់ត្រូវការពុករលួយ យកលុយទៅបង់ ទៅណាទេ»។
ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានអ្នកវិភាគបញ្ជាក់ថា ល្មមដល់ពេលផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោតហើយ ទោះបីជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្ដី បោះឆ្នោតជាតិក្ដី ពីព្រោះថា ធនធានមនុស្សសម្រាប់កសាងប្រទេសមាននៅក្នុងប្រព័ន្ធផង និងនៅក្រៅប្រព័ន្ធផង មានន័យថា អ្នកឈរឈ្មោះនៅក្រៅគណបក្ស គណបក្សក៏មានសមត្ថភាពច្រើនដែរ ដោយហេតុថា អ្នកឈរឈ្មោះឯកត្តនាមនោះ ក៏អាចមានសមត្ថភាពអភិវឌ្ឍន៍ប្រទេសបានច្រើនជាងអ្នកឈរឈ្មោះនៅក្នុងគណបក្សក៏ថាបាន។
លោក កែម ឡី បានអះអាងថា នៅក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន គណបក្សកាន់អំណាចចង់ឲ្យមានការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រពីព្រោះថា បុគ្គលនៅក្នុងគណបក្សមានតែប្រធានគណបក្សឬអនុប្រធានគណបក្សទេ ដែលល្បីឈ្មោះ និងមានអំណាចជាងគេនៅក្នុងគណបក្ស។
លោក កែម ឡី៖ «ក្រៅពីគ្រឹះរឹងមាំហ្នឹង គឺចំណេញការគណនាកៅអី បើសិនជាការគណនាមិនដូចរាល់ថ្ងៃ គឺបានតែ៦០% នៃកៅអីទេ ប៉ុន្តែរូបមន្តនៃការគណនាតាមសមាមាត្រហ្នឹងចំណេញដល់គណបក្សធំជាង ឧបមានថា ៦០%ជាង តែគណនាកៅអីបាន៨០% ជាង មានន័យថា សឹងតែជាង៧០% នៃអ្នកគាំទ្របាត់ហើយ ប៉ុន្តែបើគិតមែនទែនកាលណាបាន ៦០%ជាង គឺជាចំនួន ៦០%ក្នុងចំណោម ១២៣កៅអីទេ»។
ប្រទេសកម្ពុជាធ្លាប់បានធ្វើការបោះឆ្នោតចំនួន៦លើករួចមកហើយ ចាប់តាំងពីឆ្នាំ១៩៩៣មក ក្នុងនោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួន៤លើក និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន២លើក នៅឆ្នាំ២០០២ និងឆ្នាំ២០០៧។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ នឹងមកដល់ទៀតនៅថ្ងៃទី៣ ខែមិថុនា ខាងមុខ។
ក្រុមអ្នកវិភាគបានលើកឡើងថា មូលហេតុសំខាន់នៃការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រនេះ ទាំង បោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតជាតិ ទាំងក្រុមប្រឹក្សាឃុំ និងរដ្ឋាភិបាល បានតែ ធ្វើផែនការជាតិអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ប៉ុន្តែរដ្ឋាភិបាល ឬមេឃុំ មិនបានធ្វើការវាយតម្លៃលទ្ធផលរបស់ខ្លួន ដែលធ្វើ និងចំណុចខ្វះខាត ដែលខ្លួនអាក់ខានមិនបានធ្វើក្នុងនោះរួមទាំង ការធានាឲ្យប្រជាពលរដ្ឋមានការងារធ្វើ ការគោរពសិទ្ធិមនុស្ស និងបញ្ហាខ្វះខាតផ្សេងៗទៀត ឲ្យប្រជាពលរដ្ឋដឹងនោះឡើយ ដោយហេតុថា បើរដ្ឋាភិបាលធ្វើការវាយតម្លៃទៅលើចំណុចដែលខ្លួនធ្វើមិនបាន គេបារម្ភ ពីព្រោះ ជាការបង្ហាញអំពីបញ្ហាអសមត្ថភាពរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។