អ្នក​វិភាគ៖ ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​អាច​បង្ក​បញ្ហា​អសន្តិសុខ​សង្គម

អ្នក​វិភាគ​សង្គម​ជា​ច្រើន​យល់​ឃើញ​ថា បញ្ហា​អសន្តិសុខ​នានា ដូច​ជា​ចោរកម្ម គ្រឿង​ញៀន​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន គឺ​បណ្ដាល​មក​ពី​ចំនួន​អ្នក​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ អ្នក​គ្មាន​ដី​ធ្វើ​កសិកម្ម និស្សិត​ដែល​ចេញ​ពី​សាលា​អត់​ការងារ និង​អ្នក​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ជា​ដើម។

0:00 / 0:00

អ្នក​វិភាគ​សង្គម​ទាំង​នោះ បាន​អះ​អាង​ថា នៅ​ពេល​ដែល​ភាគី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល មិន​ទាន់​មាន​វិធានការ​សម​ស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ វា​នឹង​បង្ក​ឲ្យ​មាន​អសន្តិសុខ​នានា នៅ​ក្នុង​សង្គម ដែល​នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​របស់​រដ្ឋាភិបាល​នៅ​ពេល​អនាគត។

មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន បាន​ព្យាករ​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ថា មាន​ភាព​ប្រសើរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​មាន​បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដូច​ជា​ប្រជាជន​កម្ពុជា​ច្រើន​ជាង ៧​លាន​នាក់ អាច​រក​ចំណូល​បាន​តិច​តួច​ក្នុង​មួយ​ថ្ងៃ រួម​ទាំង​អ្នក​ដែល​ងាយ​រង​គ្រោះ ដូច​ជា​អ្នក​ដែល​មាន​ដី​តិច ឬ​គ្មាន​ដី​ធ្វើ​កសិកម្ម ចំនួន​អ្នក​ដែល​ចូល​ក្នុង​ទី​ផ្សារ​ការ​ងារ​រៀង​រាល់​ឆ្នាំ​ប្រមាណ ២៥​ម៉ឺន​នាក់ និង​ចំនួន​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ពិបាក​នឹង​រក​ការ​ងារ​ធ្វើ​ជា​ដើម។

កត្តា​ទាំង​អស់​នេះ មិន​បាន​រាប់​បញ្ចូល​អ្នក​ងាយ​រង​គ្រោះ​ដោយ​សារ​ទំនាស់​ដី​ធ្លី អ្នក​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​បរទេស ដែល​ប្រឈម​នឹង​ការ​កេង​ប្រវ័ញ្ច​នានា កម្មករ​រោងចក្រ​កាត់​ដេរ​ដែល​បាន​ធ្វើ​ការ​តវ៉ា​ ដើម្បី​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​ជា​ដើម។

អ្នក​វិភាគ​សង្គម​មួយ​ចំនួន​យល់​ឃើញ​ថា កម្លាំង​ពលកម្ម​ទំនេរ មាន​ដូច​ជា​អ្នក​អត់​ការងារ​ធ្វើ និង​ចំនួន​អ្នក​ងាយ​រងគ្រោះ​ផ្សេងៗ អាច​ធ្វើ​ឲ្យ​ប្រទេស​នោះ​បាត់​បង់​ឱកាស​សម្រាប់​ការ​អភិវឌ្ឍន៍ និង​ធ្វើ​ឲ្យ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច ប្រសិន​បើ​ប្រទេស​នោះ មិន​បាន​ប្រើ​ធនធាន​មនុស្ស​នេះ​ឲ្យ​អស់​លទ្ធភាព។ ម៉្យាង​វិញ​ទៀត ចំនួន​អ្នក​ងាយ​រង​គ្រោះ​អាច​នឹង​បង្ក​អសន្តិសុខ​ផ្សេងៗ​នៅ​ក្នុង​សង្គម ដូច​ជា​ចោរកម្ម ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា សង្គម​ណា​ក៏​ដោយ កាល​ណា​មាន​អំពើ​អយុត្តិធម៌​ច្រើន រួម​ទាំង​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​ច្រើន ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​នោះ​មាន​កំហឹង ដែល​អាច​បង្ក​អសន្តិសុខ​នានា​ក្នុង​សង្គម ដោយ​លោក​បញ្ជាក់​ថា អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។

លោក អ៊ូ វីរៈ៖ «ខ្ញុំ​ថា​អ្នក​រក​ស៊ី អ្នក​មាន​លុយ​ក៏​ដោយ ក៏​ត្រូវ​តែ​ព្រួយ​បារម្ភ មិន​មែន​តែ​អ្នក​ក្រ គឺ​អ្នក​មាន​លុយ​ក៏​ត្រូវ​ព្រួយ​បារម្ភ ព្រោះ​អី កាល​ណា​ដែល​យើង​មាន​សង្គម​មួយ ដែល​គាត់​ខឹង​ខ្លាំង​អញ្ចឹង គាត់​បែក​ឆ្វេង​ទៅ​ធ្វើ​ភាវរកម្ម ខ្លះ​ចូល​ព្រៃ និង​ហិង្សា អញ្ចឹង​ជា​រឿង​បែក​ឆ្វេង​ដែល​យើង​មិន​ចង់​បាន​ទាំង​អស់»

លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប្រជាជន​នៅ​ប្រទេស​ណា​ក៏​ដោយ ក៏​ត្រូវ​ការ​យុត្តិធម៌ ហើយ​គ្មាន​ប្រជាពលរដ្ឋ​ណា អាច​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌​ជា​រៀង​រហូត​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​យុត្តិធម៌​ទាំង​អស់​គ្នា៖ «ត្រូវ​តែ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​អស់​គ្នា​ជា​ចាំ​បាច់ ហើយ​ត្រូវ​តែ​ធ្វើ​ជា​បន្ទាន់ និង​ទី​ពីរ គឺ​ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​ទាហាន ។ ខ្ញុំ​មើល​កម្ពុជា​ហាក់​ដូច​ជា​ត្រៀម​សម្រាប់​រដ្ឋប្រហារ​ប្រើប្រាស់​ទាហាន​ក្នុង​ស្រុក ក្នុង​ក្រុង»

អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា បញ្ហា​អសន្តិសុខ​ក្នុង​សង្គម កើត​ឡើង​ដោយសារ​តែ​ប្រជាជន​អស់​ជំនឿ​លើ​អាជ្ញាធរ ចំពោះ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ដែល​គ្មាន​ដំណោះ​ស្រាយ៖ «ចំណុច​មួយ ដែល​ខ្ញុំ​ព្រួយ​បារម្ភ គឺ​ដោយ​សារ​តែ​ប្រជាជន​អស់​ជំនឿ​ទៅ​លើ​រដ្ឋ​អំណាច បើ​ទោះ​ជា​ប្លន់​ក៏​ដោយ ៦០​% ឬ​៧០% នៃ​អំពើ​ប្លន់ គាត់​អត់​បាន​ទៅ​ប្ដឹង​រដ្ឋអំណាច​មូលដ្ឋាន ឬ​ក៏​ប៉ូលិស​ទេ។ កន្លែង​នេះ បើ​គាត់​ទៅ​ប្ដឹង គាត់​អត់​បាន​អី ហើយ​គាត់​ទៅ​ប្ដឹង មាន​តែ​គាត់​ចំណាយ​ពេល​វេលា​ច្រើន»

លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា ចំណុច​មួយ​សំខាន់ គឺ​ប្រជាជន​កម្ពុជា​ប្រមាណ ៥០% ជំពាក់​បំណុល​គេ ដែល​ក្នុង​មួយ​គ្រួសារ​ប្រមាណ ៥០០​ដុល្លារ ហើយ​ពួក​គាត់​ទាំង​នោះ​គ្មាន​លទ្ធភាព​សង ដោយ​សារ​តែ​គាត់​គ្មាន​ដី​ធ្លី ហើយ​ក្រុម​នេះ​នឹង​បង្ក​ឲ្យ​មាន​អសន្តិសុខ​ផ្សេងៗ​ក្នុង​សង្គម។

លោក​មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​ដែល​ប្រជាជន​កាន់​តែ​ក្រីក្រ​ទៅ ដល់​ដំណាក់​កាល​មួយ​នឹង​មាន​សកម្មភាព​លួច និង​ប្លន់​កាន់​តែ​ច្រើន ប៉ុន្តែ​លោក​បញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋ​អំណាច​អាច​មាន​វិធានការ​ទប់ស្កាត់​អំពើ​អសន្តិសុខ​នានា ដោយ​សារ​តែ​មាន​កម្លាំង​ច្រើន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កែម ឡី សង្កេត​ឃើញ​ថា ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ខាង​មុខ បើ​គ្មាន​ដំណោះ​ស្រាយ​កំណែ​ទម្រង់​ឲ្យ​សមស្រប​នោះ​ទេ នឹង​អាច​បង្ក​បញ្ហា​កាន់​តែ​លំបាក ដោយ​សារ​តែ​ប្រជាជន​កម្ពុជា ៥០% ក្រីក្រ​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា រយៈពេល​ពី​បី​ឆ្នាំ​ទៀត រដ្ឋាភិបាល​អាច​បង្ក្រាប​បាន ដោយ​សារ​តែ​គាត់​មាន​កម្លាំង​ច្រើន»

ប្រធាន​អង្គការ លីកាដូ អ្នកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​ថា អង្គការ​មិន​ទាន់​បាន​ចង​ក្រង​អំពី​បញ្ហា​នេះ​នៅ​ឡើយ ប៉ុន្តែ​អ្នក​ស្រី​អង្កេត​ឃើញ​ថា ឥឡូវ​នេះ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ។ អ្នក​ស្រី​មាន​ប្រសាសន៍​បន្ត​ថា កត្តា​អាច​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ក្រីក្រ ការ​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ដើម៖ «ប្រហែល​ជា​អ្នក​ប្លន់​គេ​ក៏​ច្រើន ដោយ​សារ​ក្រីក្រ ខ្វះ​ការ​ងារ​ធ្វើ ខ្វះ​ម្ហូប​អាហារ។ អ្នក​ប្រើ​គ្រឿង​ញៀន​ហ្នឹង​ក៏​ច្រើន និង​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ក៏​ច្រើន»

អ្នក​ស្រី​សង្កេត​ឃើញ​ទៀត​ថា ចំនួន​អ្នក​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ស្រប​ច្បាប់ ក៏​ត្រូវ​ទទួល​រង​នូវ​ការ​កេង​ប្រវ័ញ្ច​នានា​ផង​ដែរ ហើយ​មាន​ចំនួន​កើន​ឡើង ដែល​បាន​បញ្ជាក់​ពី​ភាព​ខ្វះ​ខាត​ការងារ​នៅ​ក្នុង​ស្រុក។

បញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​សន្តិភាព លោក បណ្ឌិត ឈាង វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា បញ្ហា​គឺ​អតិផរណា​ដែល​ជះ​ឥទ្ធិពល​ដល់​ជីវភាព​ប្រជាជន​អ្នក​ក្រីក្រ ដែល​ក្រុម​អ្នក​ទាំង​នោះ​ភាគ​ច្រើន​បាន​ចំណាយ​លើ​ចំណី​អាហារ និង​ថាមពល ដែល​ជា​កត្តា​មួយ​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​សង្គម​ដែរ៖ «អតិផរណា​នេះ ក៏​អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​នានា​នៅ​ក្នុង​សង្គម»

លោក បណ្ឌិត វណ្ណារិទ្ធិ បន្ថែម​ថា បញ្ហា​អត់​ការងារ​ធ្វើ​ជា​ហានិភ័យ​បង្ក​អសន្តិសុខ​ក្នុង​សង្គម​មួយ ដែល​ត្រូវ​ដោះ​ស្រាយ ដោយ​លោក​បញ្ជាក់​ថា បញ្ហា​នេះ​ត្រូវ​បណ្ដុះ​បណ្ដាល​ឲ្យ​ពួក​គាត់​មាន​ជំនាញ​ច្បាស់​លាស់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា លក្ខណៈ​ចិត្ត​សាស្ត្រ​នៅ​ក្នុង​សង្គម​យុវវ័យ គឺ​តែង​តែ​ចង់​ធ្វើ​អ្វី​មួយ​ដែល​មាន​លក្ខណៈ​វិជ្ជមាន ឬ​អវិជ្ជមាន ដោយ​លោក​បញ្ជាក់​ថា នៅ​កម្ពុជា​សម្រាប់​យុវជន​ដែល​អត់​ការងារ​ធ្វើ​ ថា​តើ​សង្គម​នោះ​ ចាត់​ចែង​អ្វី​ខ្លះ​សម្រាប់​ពួក​យុវជន?

លោក ជាង សុខា បន្ថែម​ថា បើ​សិន​ជា​សង្គម​មិន​បាន​ចាត់​ចែង គឺ​អាច​ជា​លំហ​មួយ​ឲ្យ​យុវជន​នោះ​ប្រព្រឹត្ត​ទង្វើ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ដល់​សង្គម៖ «ករណី​ដែល​កើត​មាន​ឡើង​ដោយ​សារ​តែ​យុវជន និង​យុវជន​ហ្នឹង ដែល​ចូល​រួម ដែល​ប៉ះពាល់​ដល់​សង្គម​នោះ ភាគ​ច្រើន​គឺ​អត់​មាន​ការងារ​ធ្វើ គាត់​ទំនេរ»

លោក ជាង សុខា បន្ត​ថា នៅ​ក្នុង​សង្គម​កម្ពុជា លោក​អង្កេត​ឃើញ​ថា មិន​ទាន់​មាន​ប្រព័ន្ធ​សង្គម​សម្រាប់​គ្រប់​គ្រង​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ​នៅ​ឡើយ​ទេ ដោយ​លោក​បញ្ជាក់​ថា អ្វី​ដែល​សំខាន់ គឺ​ត្រូវ​មាន​គោល​នយោបាយ​យុវជន សម្រាប់​តម្រង់​ទិស​ដៅ​យុវជន​ឲ្យ​ប្រព្រឹត្ត​ល្អ​ក្នុង​សង្គម ទន្ទឹម​នឹង​ក្រុម​យុវជន​ទាំង​អស់​នោះ​ត្រូវ​បង្កើត​ឲ្យ​មាន​ជា​សមាគម​ទាំង​ផ្លូវការ និង​ក្រៅ​ផ្លូវ​ការ សម្រាប់​តម្រង់​ទិស​យុវជន​ខ្លួន​ឯង។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ជាង សុខា មាន​ប្រសាសន៍​ថា យន្តការ​នេះ​ក៏​មិន​អាច​គ្រប់​គ្រង​យុវជន​បាន​ត្រឹម​ត្រូវ​ដែរ ដោយ​សារ​តែ​ចំនួន​យុវជន​នៅ​កម្ពុជា មាន​កំណើន​ច្រើន​ខ្លាំង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដូច្នេះ នៅ​មាន​លំហ​ច្រើន​ណាស់​សម្រាប់​ឲ្យ​យុវជន ប្រព្រឹត្ត​ថ្លោះ​ធ្លោយ​នៅ​ក្នុង​សង្គម។

ក្រុម​អ្នក​ងាយ​រង​គ្រោះ​នៅ​កម្ពុជា ដូច​ជា​អ្នក​ក្រីក្រ អ្នក​គ្មាន​ដី អ្នក​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ និង​កម្មករ​រោងចក្រ​កាត់​ដេរ​ជាដើម។ របាយការណ៍​អភិវឌ្ឍ​សកល​ឆ្នាំ​២០១១ បាន​ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​ចំនួន ៧​លាន​នាក់ ដែល​រក​ចំណូល​បាន​ត្រឹម​តែ ២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ របាយការណ៍​របស់​ធនាគារ​ពិភពលោក ការ​ចែក​រំលែក​កំណើន​ក៏​ធ្លាប់​បាន​បង្ហាញ​ថា គ្រួសារ​កម្ពុជា​ដែល​គ្មាន​ដី​ធ្លី​មាន​ប្រមាណ​ជាង ២៧% នៃ​ប្រជាជន​កម្ពុជា​សរុប ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ដី ៧៣% ភាគ​ច្រើន​ជា​អ្នក​មាន​ដី​តិច​ប្រមាណ ១​ហិកតារ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​កម្ពុជា​ក្រុម​អ្នក​ដែល​រង​គ្រោះ​មួយ​ចំនួន​ទៀត គឺ​អ្នក​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ភាគ​ច្រើន​ពួក​គាត់​ទាំង​នោះ គឺ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ និង​គ្មាន​ជំនាញ ភាគ​ច្រើន​នៅ​ប្រទេស​ថៃ។ របាយការណ៍​របស់​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍ (CDRI) ការ​ធ្វើ​ចំណាក​ស្រុក​ពី​កម្ពុជា ឆ្នាំ​២០១១ បាន​បង្ហាញ​ថា មាន​ប្រជាជន​កម្ពុជា ប្រមាណ ១​សែន ៨​ម៉ឺន​នាក់ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។

ទោះ​ជា​នេះ​ក្ដី នៅ​ប្រទេស​កម្ពុជា មាន​យុវជន​ប្រមាណ​ជាង ៣​សែន​នាក់ ចូល​ក្នុង​ទីផ្សារ​ការងារ​រៀង​រាល់​ឆ្នាំ ទន្ទឹម​នឹង​ការ​បង្កើត​ការងារ​មាន​តិច​តួច​នៅ​ឡើយ។ ក្នុង​ចំណោម​កម្មករ​រោងចក្រ​កាត់ដេរ​មាន​ការ​តវ៉ា​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ខែ ដើម្បី​ការ​រស់​នៅ​សមរម្យ ទន្ទឹម​មាន​ចំនួន​កម្មករ​បាន​សន្លប់​នា​ពេល​បំពេញ​ការងារ ក៏​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់ រហូត​ដល់​ពេល​នេះ។

អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច ស្ថិរភាព​នយោបាយ​ ដែល​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​ជា​ច្រើន​មក​កម្ពុជា​ក៏​ដោយ ប៉ុន្តែ​ផល​ពី​កំណើន​សេដ្ឋកិច្ច​ហាក់​ដូច​ជា​ចែក​រំលែក​តិចតួច​នៅ​ឡើយ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​ជន​បទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។