ទិដ្ឋភាពនៅក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញនៅថ្ងៃនេះត្រូវគេរាយការណ៍ថា មានសភាពណែនណាន់តាន់តាប់ជាងកាលពីម្សិលមិញ។
មិនមានសេចក្តីរាយការណ៍អំពីករណីឧក្រិដ្ឋណាមួយបានកើតឡើងនោះទេ ហើយលទ្ធផលនៃការប្រណាំងទូកទាំងបីថ្ងៃនឹងត្រូវគេប្រកាសនៅវេលាថ្ងៃស្អែកនេះ (ថ្ងៃទី១៣ វិច្ឆិកា ២០០៨)។
ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសនៅបានជូនដំណឹងដ៏ក្រៀមក្រំមួយនៅថ្ងៃទី២នៃពិធីបុណ្យអុំទូកនេះ ដោយប៉ូលិសបានបញ្ជាក់ថា គេបានរកឃើញសាកសពមនុស្សម្នាក់ដែលបានបាត់ខ្លួនក្រោយការធ្លាក់ចូលទៅក្នុងទឹកទន្លេចំនួន២ថ្ងៃ។
ប៉ូលិសបានឲ្យដឹងថា ឈ្មោះ ស៊ិន សាង អាយុ៣៨ឆ្នាំ មកពីខេត្តពោធិ៍សាត់ដែលបានធ្លាក់ពីលើទូកចូលទៅក្នុងទឹកទន្លេមុខវាំងកាលពីថ្ងៃច័ន្ទនៅពេលកំពុងសមប្រណាំងទូកចម្ងាយពីច្រាំងទន្លេ ៥០ម៉ែត្រ ទើបត្រូវគេរកឃើញអណ្តែតមកទើរច្រាំងកោះមួយដុះនៅកណ្តាលទន្លេបួនមុខ។
ស្នងការប៉ូលិសរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា គេទើបបានរកឃើញសាកសពបុរសនោះនៅវេលាថ្ងៃនេះ ៖ «គាត់ចេះហែលទឹកដែរ ប៉ុន្តែប្រហែលជាគាត់ខ្យល់គរ ទើបធ្លាក់ទៅបាត់បណ្ដោយ។ គាត់អ្នកទន្លេមិនដែលថា មិនចេះហែលទឹក។ ដូច្នេះប្រហែលជាគាត់ហែលមិនបាន ប្រហែលជាគាត់ខ្យល់គរ បានជាធ្លាក់ទៅបាត់បណ្ដោយទៅ»។
លោកស្នងការប៉ូលិសដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី១នៃបុណ្យអុំទូក ក៏មានករណីទូកលិចផងដែរ ប៉ុន្តែមិនមានមនុស្សបានរងគ្រោះនោះទេ។
គួររំឭកថា ក្នុងការអុំប្រណាំងទូកកាលពីឆ្នាំមុន មានជនជាតិសិង្ហបុរីចំនួន៥នាក់ បានបាត់បង់ជីវិតដោយការលង់ទឹក បន្ទាប់ពីទូករបស់ពួកគេបានលិចក្រឡាប់នៅក្នុងទឹកទន្លេមុខវាំងនោះ៕
