ទិដ្ឋភាព​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​

សកម្មភាព​និង​កម្មវិធី​ជា​ច្រើន​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​១​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក ដូច​ជា​យុទ្ធនាការ​ឃោសនា​ផ្សព្វផ្សាយ​វិស័យយ​ទេសចរណ៍ ការ​ថែ​រក្សា​បរិស្ថាន​និង​អនាម័យ ព្រម​ទាំង​យុទ្ធនាការ​ឃោសនា​អបរំ​សុខភាព​ជាដើម។

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក សូ ម៉ារ៉ា បាន​មាន​ប្រសាសន៍​ថា ក្រសួង​ទេសចរណ៍​បាន​និង​កំពុង​ធ្វើ​កិច្ចការ​ជា​ច្រើន​ដើម្បី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​បាន​ស្គាល់​អំពី​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក។

លោក សូ ម៉ារ៉ា បាន​បញ្ជាក់​ថា ៖ «យើង​មាន​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​ដែល​ផ្សាយ​ទៅ​បរទេស ទូរទស្សន៍​អន្តរជាតិ​ធំ​ដូច​ជា​ស៊ីអិនអិន (CNN) ដូច​ជា​វិទ្យុ​ធំៗ​នានា​ដែល​យើង​បាន​ធ្វើការ​ជាមួយ​គេ តាម​ទស្សនាវដ្ដី ក៏​ដូច​ជា​តាម​វ៉ឹបសាយថ៍ ហើយ​សំខាន់​បំផុត​យើង​បាន​រៀបចំ​វេទិកា​មួយ​ពិសេស វេទិកា​មួយ​ដោយឡែក ដែល​មាន​ចំណុះ​២៥០​កៅអី​ជូន​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ពេញ​មួយ​ថ្ងៃ ដោយ​មិន​យក​ប្រាក់​កម្រៃ ដោយ​មិន​យក​អ្វី​ទាំង​អស់»

ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​បរិស្ថាន អនាម័យ​និង​សណ្ដាប់ធ្នាប់​សាធារណៈ ប្រធាន​គណៈកម្មការ​ផ្សារ​អូរឫស្សី លោក គាង លក្ខណ៍ បាន​ដឹកនាំ​កម្លាំង​ចំនួន​២០០​នាក់​ដោយ​ម្នាក់ៗ​កាន់​អំបោស​និង​ប៉ែល​ចូក​សំរាម​ធ្វើ​ការ​បោស​សម្អាត​នៅ​តាម​ដង​ថ្លូវ​មួយចំនួន។

លោក គាង លក្ខណ៍ បាន​មាន​ប្រសាសន៍​ថា ៖ «ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ លោក​ចាប់​អាម្មរណ៍​អំពី​សណ្ដាប់ធ្នាប់​ហើយ​និង​បរិស្ថាន​នៅ​ក្នុង​ទិវា​អុំ​ទូក​នេះ។ ក្រុម​យើង​ខ្ញុំ​ដែល​មក​ពី​ផ្សារ​អូរឫស្សី គឺ​ថា​ចាប់​អារម្មណ៍​ជាង​គេ​គឺ​បញ្ហា​សណ្ដាប់ធ្នាប់​ជាមួយ​នឹង​អនាម័យ»

ទេសចរ​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង កញ្ញា សេ ជិន ឃ្វ័ន បាន​សម្ដែង​នូវ​សេចក្ដី​រំភើប​បន្ទាប់​ពី​កញ្ញា​បាន​ទស្សនា​ការ​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា។

កញ្ញា សេ ជិន ឃ្វ័ន បាន​ឲ្យ​ដឹង​ថា ៖ "ពិធី​បុណ្យ​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ហើយ​អស្ចារ្យ​មែន​ទែន។ នៅ​ប្រទេស​កូរ៉េ​គ្មាន​ទេ​ពិធី​បុណ្យ​នេះ។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​មាន​សេចក្ដី​សប្បាយ​រីករាយ​ណាស់"។

ចំណែក​ឯ​ទេសចរ​មក​ពី​ខេត្ត​កំពង់ឆ្នាំង កញ្ញា ខៀវ ស្រីពេជ្រ ក៏​បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ដែរ ៖ «សប្បាយ​ដូ​ចថា រក​អី​ប្រៀប​អត់​បាន!»

តំណាង​ក្រុម​កីឡាករ​ចំណុះ​ឲ្យ​ទូក​ឈ្មោះ ប្រសិដ្ឋ​-​បុប្ផា បញ្ញា​ពេចន៍​កំពង់ឃ្លាំង មក​ពី​ខេត្ត​សៀមរាប ដែល​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ដំបូង លោក មាស ស៊ិនម៉ូវ បាន​អះអាង​ថា ពួក​លោក​មិន​ត្រេក​ត្រអាល​នឹង​ជីវិត​ពេល​រាត្រី​នៅ​ទីក្រុង​ភ្នំពេញ​ទេ ថា​ហើយ​ក៏​នាំ​គ្នា​ច្រៀង​រាំ​កម្រាន្ត​នៅ​មាត់​ទន្លេ​តែ​ម្ដង។

លោក មាស ស៊ិនម៉ូវ បាន​អះអាង​ថា ៖ «ខ្ញុំ​អត់​ចាញ់​ភ្លើង​ពណ៌​នៅ​ទីក្រុង​នេះ​ទេ ទោះ​បី​វា​ស្រស់​ស្អាត ក៏​ប៉ុន្តែ​មិន​អាច​ទាក់​ទាញ​ទឹក​ចិត្ត​កីឡាករ​ខ្ញុំ​ឲ្យ​ទៅ​ជ្រើម​ជ្រួល​បាន​ដែរ...»

តាម​ការ​អះអាង​របស់​មន្ត្រី​រៀបចំ​ពិធី​បុណ្យ ទូក​ដែល​បាន​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​៣៩០​ទូក គឺ​មាន​ការ​ថយ​ចុះ​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ទូក​ដែល​បាន​ចូល​រួម​ប្រកួត​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ជាង​៤០០​ទូក។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការ​ថយ​ចុះ​នូវ​ចំនួន​ទូក​ក៏​អាស្រ័យ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែរ៕